ដោយ ស៊ីយ៉ុន សុភារិទ្ធ
តាំងពីប្រាសាទបាភួនជួសជុលហើយមក យើងអាចឃើញរូបចម្លាក់ច្រើនណាស់នៅតាមជញ្ជាំង ដែលពីមុនមកយើងពុំអាចឃើញ ដោយសារប្រាសាទនេះរលំបាក់បែកមួយភាគធំ ហើយថ្មធ្លាក់គលើគ្នា មើលអ្វីពុំយល់។ ទោះជាយ៉ាងនេះក្តី យើងដឹងថា ចម្លាក់នៅប្រាសាទនេះមានប្រភេទ និងរឿងច្រើនបែបយ៉ាងតាំងពីពុំទាន់ជួសជុលម៉្លេះ។ ប្រភេទ គឺថាភាគច្រើនចម្លាក់ច្រើនតែនៅក្នុងស៊ុមបួនជ្រុងដាច់ៗពីគ្នា តែជួនកាលទៀតគេឆ្លាក់ឈុតផ្នែកនៃរឿងអ្វីមួយតគ្នាក្នុងផ្ទៃថ្មទ្រវែងមួយ។ ឯរឿង ដែលស្រង់យកឈុតមកបង្ហាញវិញ ជួនកាលជាទេពកថា ជួនកាលបង្ហាញពីជំនឿអ្វីមួយ ហើយជួនកាលទៀត បង្ហាញពីសកម្មភាពសាមញ្ញរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។
រូបដែលខ្ញុំយកមកបង្ហាញពេលនេះយើងទើបនឹងអាចឃើញឡើងវិញថ្មីៗនេះទេ បានសេចក្តីថា បើអាននៅក្នុងសៀវភៅអំពីសិល្បៈបុរាណខ្មែរនានា ដែលមានមកទល់ពេលនេះ ក៏ពុំអាចឃើញដែរ។ ឈុតដែលយកមកបង្ហាញ ជាជំនឿនិងកិច្ចប្រតិបត្តិ ដែលគេស្គាល់នៅប្រទេសឥណ្ឌា ហើយច្បាស់ជាគេស្គាល់នៅកម្ពុជាសម័យបុរាណផង ដ្បិតគេយកមកឆ្លាក់នៅប្រាសាទបាភួន នាផ្នែកទី២នៃស.វ.ទី១១។ ឈុតនេះទាក់ទងទៅនឹងការដាក់ទាន ដែលមនុស្សទៀបស្លាប់ត្រូវធ្វើចំពោះម្នាក់ទៀតដែលនៅជាធម្មតា។ ក្នុងសាសនាព្រាហ្មណ៍ គេទូន្មានថា ក្នុងចំណោមអ្នកត្រកូលព្រាហ្មណ៍ នរណាមួយដែលប្រុងនឹងស្លាប់ ត្រូវធ្វើទានជាវត្ថុផ្សេងៗឲ្យព្រាហ្មណ៍ដទៃ ក្នុងនោះមាននំផ្អែម ហៅជាពាក្យសំស្ក្រឹតថា លឌ្ឌុ ; របស់ម៉្យាងទៀត ដែលជាទានសំខាន់ គឺមេគោដែលមានកូន។ អ្នកជិតស្លាប់ត្រូវឲ្យមេគោ ព្រមទាំងកូនគោនេះទៅអ្នករស់ដែរ ដ្បិតមេគោនោះសំដៅថា ជាគោឈ្មោះថា «វៃតរណី» ដែលនឹងត្រូវឆ្លងទន្លេឈ្មោះ «វៃតរណី» ដូចគ្នា។ បើធ្វើដូច្នេះបាន ពេលអ្នកជិតស្លាប់នោះដាច់ខ្យល់ផុតទៅ គោនោះនឹងរង់ចាំគាត់ហើយស្រេចនៅមាត់ទន្លេវៃតរណី។ ព្រលឹង ឬវិញ្ញាណក្ខន្ធអ្នកស្លាប់នឹងត្រាច់ចរទៅដល់ទីនោះ ព្រោះត្រូវឆ្លងទឹកស្ទឹង ដើម្បីបានទៅជួបព្រះយមរាជ ដែលនៅត្រើយម្ខាង ជៀសផុតពីការវិលវល់ឥតទិសដៅ។
ឥឡូវចូរយើងមើលចម្លាក់នៅប្រាសាទបាភួនមួយផ្ទាំងនេះពីឆ្វេងមកស្តាំ។ យើងឃើញមានព្រាហ្មណ៍ចាស់ម្នាក់ទន់ខ្សោយរាងកាយខ្លាំងរហូតដល់ក្អួតឈាម ឲ្យនំមួយទៅព្រាហ្មណ៍ម្នាក់ទៀត ដែលពេញកម្លាំងមាំមួននៅឡើយ។ ធ្វើដូច្នេះបានក៏ដោយសារមានព្រាហ្ម៍ម្នាក់ទៀតជួយទប់ខ្លួនគាត់ឲ្យអង្គុយបាន ផង។ បន្ទាប់ពីនោះមក យើងឃើញមនុស្សពីរនាក់ ម្នាក់ទាញកូនគោ បំបែកវាចេញពីមេ ដ្បិតមេនោះតាព្រាហ្មណ៍ដែលជិតស្លាប់ត្រូវដាក់ទានដល់ព្រាហ្មណ៍ដែលកំពុងចាប់វានោះ ឯង។ មើលរូបនោះឲ្យច្បាស់ទៅឃើញថា មានអ្នកជួយទប់ខ្លួនតាព្រាហ្មណ៍ ដើម្បីឲ្យការដាក់ទាននោះចប់ចុងចប់ដើម រីឯតាព្រាហ្មណ៍ខំយកដៃចាប់ជើងគោដើម្បីបង្ហាញថា នេះជាទានរបស់គាត់។
បើគិតមកសព្វថ្ងៃ ហើយគិតជាគោលការណ៍ ជំនឿនេះមិនបានបាត់បង់ទៅណាទេ។ ដោយសារយើងបែរមកកាន់ព្រះពុទ្ធសាសនា ជំនឿនេះក្លាយមកជាកិច្ចបុណ្យខ្លះ ដូចជា «សង្ឃទាន» គឺការធ្វើទានចំពោះព្រះសង្ឃ ដើម្បីបានជាកុសលជួយឲ្យអ្នកជិតស្លាប់នោះ នឹងធ្វើដំណើរត្រង់ឆ្ពោះទៅសុគតិភព។