ទិដ្ឋភាពខ្លះៗរបស់ព្រះឥសូរក្នុងអារ្យធម៌ឥណ្ឌាដែលខ្មែរពុំនិយម

 ដោយ ជី រដ្ឋា

 នៅជំពូកទី៤ អត្ថបទលេខរៀង៣៨ ខ្ញុំបានជម្រាបអំពីចំណុចខ្លះៗសម្រាប់សម្គាល់ព្រះឥសូរម្តងរួចមកហើយ និងបានសន្យាថានឹងបន្តលើកយករឿងរ៉ាវរបស់អទិទេពអង្គនេះមកនិយាយនៅលេខក្រោយៗទៀត។ នៅដំណាក់កាលនេះ ខ្ញុំនឹងបន្តពិភាក្សាអំពីទិដ្ឋភាពមួយចំនួនរបស់ព្រះឥសូរ ដែលមាននៅក្នុងអារ្យធម៌ឥណ្ឌា តែដែលខ្មែរពុំនិយម ឬពុំរាប់រក។ តាមពិតទៅ ទិដ្ឋភាពខុសគ្នានោះមានច្រើនណាស់ ប្រសិនបើយើងលើកយកអារ្យធម៌ខ្មែរ និងឥណ្ឌាទាំងមូលមកពិនិត្យឱ្យបសនល្អិតល្អន់។ នេះជាប្រធានបទមួយដែលអាចយកទៅសិក្សាបានវែងឆ្ងាយតទៅទៀត។

ជាការធម្មតាទេ ដែលអារ្យធម៌ជាតិសាសន៍មួយផ្សព្វផ្សាយទៅដល់ ស្រុកផ្សេងៗទៀត តែងលេចរូបភាពដោយឡែកៗពីគ្នា ត្រង់ចំណុចណាមួយមិនខាន ដ្បិតអារ្យធម៌ដើមនោះ អ្នកទទួលតែងយកទៅសម្រាំង ឬសម្រួលឱ្យត្រូវតាមចំណង់ចំណូលចិត្ត និងផ្នត់គំនិតរបស់គេរៀងៗខ្លួន ថែមទាំងវិវឌ្ឍន៍ទៅតាមសម័យកាលទៀតផង។ ឯស្រុកទាំងនោះ ទោះជាបានទទួលអារ្យធម៌ចេញពីប្រភពតែមួយដូចគ្នាក៏ដោយ ក៏គង់តែមានការនិយមដោយឡែកពីគ្នាដែរ បើយើងកុំមើលតែសំបកខាងក្រៅមួយភ្លែតនោះ។ ឧទាហរណ៍ ខ្មែរនិយមរឿងកូរសមុទ្រទឹកដោះខ្លាំងជាងឥណ្ឌាជាម្ចាស់រឿងទៅទៀត។ ផ្ទុយទៅវិញ ចម្លាក់ដែលស្រង់ពីកាមសូត្រដែលមានយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមប្រាសាទឥណ្ឌា ខ្មែរពុំដែលយកមកឆ្លាក់ទាល់តែសោះ។ ឥណ្ឌានិយមគោរពនាងកាលី តែខ្មែរពុំនិយមឡើយ, សត្វកណ្តុរជាយានជំនិះព្រះភគណេស ដែលឥណ្ឌានិយមឆ្លាក់នោះ ពុំដែលឃើញខ្មែរឆ្លាក់ឡើយ ថ្វីដ្បិតតែខ្មែរនិយមឆ្លាក់ព្រះភគណេសណាស់ដែរ។ ព្រះអគ្នីដែលនៅឥណ្ឌាជិះសត្វចៀម បើនៅកម្ពុជាវិញ ជិះសត្វរមាស៘ នេះជាឧទាហរណ៍រវាងខ្មែរ និងឥណ្ឌា។ បើប្រៀបខ្មែរទៅស្រុកឥណ្ឌូនេស៊ី ដែលបានទទួលអារ្យធម៌ឥណ្ឌាបុរាណដូចខ្មែរដែរ ក៏មានការខុសគ្នា។ ឧទាហរណ៍ ខ្មែរនិយមរឿងរាមកេរ្តិ៍ជាងរឿងមហាភារត ឯឥណ្ឌូនេស៊ីនិយមរឿងមហាភារតជាងរឿងរាមកេរ្តិ៍ទៅវិញ។ ទិដ្ឋភាពនៃព្រះឥសូរក៏ដូចគ្នា ៖ នៅឥណ្ឌូនេស៊ីមានចម្លាក់ព្រះឥសូរ ដែលមើ់លទៅគួរឱ្យខ្លាច ឯខ្មែរវិញអត់មានឡើយ។

បើតាមគម្ពីរបុរាណ និងចម្លាក់ផ្សេងៗរបស់ឥណ្ឌា ព្រះឥសូមានទិដ្ឋភាពសំខាន់មួយគឺបញ្ចោញភាពកាច ដែលយើងមើ់លទៅគួរឱ្យភ័យ គួរឱ្យខ្លាច។ ប៉ុន្តែទិដ្ឋភាពបែបនេះ ខ្មែរមិននិយមទាល់តែសោះ។ រូបលេខ១-៣ ជាចម្លាក់ព្រះឥសូរនៅប្រាសាទ Hoysaleswara សាងនៅស.វ.ទី១២ ស្ថិតនៅតំបន់ Halebid ភាគខាងត្បូងស្រុកឥណ្ឌា។ រូបទាំងបី យើងសម្គាល់បានថាជាព្រះឥសូរ ដោយសារតែមានព្រះនេត្រទីបីនៅត្រង់ថ្ងាស និងបង្ហាញឱ្យយើងឃើញពីទិដ្ឋភាពកាចរបស់ព្រះអង្គ ដោយបើក ព្រះនេត្រធំៗ និងមានចង្កូមចេញពីមាត់ផង។ នៅរូបលេខ៣ យើងឃើញថា ម្កុដដែលពាក់លើព្រះកេសនោះមានក្បាល ខ្មោចមួយជួរ។ ឯរូបលេខ៤ តាំងនៅសារមន្ទីរ Tanjore Art Gallery ប្រទេសឥណ្ឌា ក៏ជាបដិមាព្រះឥសូរក្នុង ទិដ្ឋភាពគួរឱ្យភ័យខ្លាចដែរ ដ្បិតគេបង្ហាញព្រះអង្គដោយមានចង្កូម បើកព្រះនេត្រធំៗ និងមានសត្វឆ្កែនៅពីក្រោយ។

ទិដ្ឋភាពព្រះឥសូរកាចដដែលនេះ ក៏មានបង្ហាញតាមចម្លាក់ទេវកថាដទៃទៀតដែរ ដូចជាក្នុងរឿងព្រះឥសូរសម្លាប់យក្សឈ្មោះ អន្ធក ដែលកួចចិត្តស្រឡាញ់ និងប៉ងចាប់ពង្រត់នាងបព៌តី (រូបលេខ ៥-៦)។ ចម្លាក់បង្ហាញពីព្រះឥសូរកាត់ព្រះកេសទី៥របស់ព្រះព្រហ្ម, រឿងព្រះឥសូរសម្លាប់ព្រះយមរាជ៘ រឿងទាំងប៉ុន្មាននេះខ្មែរពុំនិយមឡើយ ដ្បិតយើងពុំដែលប្រទះឃើញក្នុងចម្លាក់ទាល់តែសោះ។

ទិដ្ឋភាពមួយទៀតដែលខ្ញុំនឹងលើកយកមកជម្រាប គឺទាក់ទងនឹងព្រះឥសូរអាក្រាតកាយ ដែល មាននិយាយនៅក្នុងគម្ពីរបុរាណ និងចម្លាក់របស់ឥណ្ឌា។ រូបលេខ៧ នៅប្រាសាទ Brihadishwara រូបលេខ៨-៩ តាំងនៅសារមន្ទីរ Tanjore។ រូបទាំងអស់នេះជារបស់ឥណ្ឌា ហើយសុទ្ធសឹងបង្ហាញព្រះឥសូរក្នុងទិដ្ឋភាពអាក្រាតកាយទាំងអស់។ ចម្លាក់ខាងលើនេះស្របទៅនឹងសាច់រឿងព្រះឥសូរក្លាយជាស្មូមយាចក។

រឿងនេះ ខ្ញុំសូមយកមកសង្ខេបខ្លីតាមគម្ពីរតាទិជិថា៖ ដោយឃើញពួកព្រាហ្មណ៍និងព្រាហ្មណីរាប់រយនាក់នៅក្នុងព្រៃទារុកាវ័ន ឈ្លក់វង្វេងនឹងកិលេស ធ្វើឱ្យរាងកាយជាប់ប្រឡាក់ដោយគ្រឿងសៅហ្មងរាល់ថ្ងៃ អារម្មណ៍វិលវល់រហូតភ្លេចនឹកគិតពីច្បាប់ទម្លាប់សាសនានោះ ព្រះឥសូរបញ្ជាព្រះនារាយណ៍ឲ្យក្លែង កាយជាស្រីផ្កាមាស មានសម្រស់ល្អដូចទេពធិតាមួយអង្គ។ ចំណែកព្រះអង្គក៏ក្លែងព្រះកាយជាស្មូមដ៏ក្មេងស្អាត សង្ហារ តែមានរូបកាយអាក្រាត ហើយកាន់ភាជន៍សម្រាប់សុំទានមួយនៅក្នុងព្រះហស្ថ។ ស្រីផ្កាមាសនោះទៅ ចែចង់ពួកព្រាហ្មណ៍ ដើម្បីកុំឱ្យបំពេញធម៌បាន ហើយគិតតែនាំគ្នាដើរតាមនាង។ ឯស្មូមកម្លោះក៏ទៅពង្វក់ប្រពន្ធរបស់ព្រាហ្មណ៍ ដោយច្រៀងចម្រៀងវេទដ៏ពីរោះជាប់ចិត្ត។ ស្រីទាំងនោះកើតចិត្តរំភើបត្រេតត្រអាល លែងគិតពីការ ខ្មាស់អៀន នាំគ្នាដោះគ្រឿងអលង្ការ ព្រមទាំងសម្លៀកបំពាក់ទាំងអស់ដាក់ទានទៅស្មូមកម្លោះ ថែមទាំងដើរតាមស្មូមកម្លោះដោយអារម្មណ៍អន្ទះអន្ទែងផង។ កាលបើឃើញប្រពន្ធខ្លួនធ្វើដូច្នេះ ពួកព្រាហ្មណ៍ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង។ គេនាំគ្នារៀបចំពិធីបូជា ដោយជីករណ្តៅយ៉ាងជ្រៅ ព្រមទាំងគរអុសបង្កាត់ភ្លើងឱ្យឆេះសន្ធោសន្ធៅឡើង បួងសួងឱ្យផុសខ្លា, សត្វម្រឹគ និងពស់អសិរពិស ដើម្បីវាយប្រហារស្មូមកម្លោះ។ ស្មូមចាប់កាត់ក្បាលខ្លា បកស្បែកយកមករុំពាត់ព្រះកាយ, ចាប់ពស់យកមករុំពាត់ទុកធ្វើជាខ្សែក, ចាប់ម្រឹគជាប់ក្នុងព្រះហស្ថ។ បន្ទាប់មក ពួកព្រាហ្មណ៍ក៏បួងសួងឱ្យកើតមានអាវុធផ្សេងៗ ដើម្បីសម្លាប់ស្មូមដូចជា ត្រីសូល៍, លលាដ៍ក្បាលខ្មោច, ស្គរសម្រាប់វាយបំបែកក្រដាសត្រចៀក។ ប៉ុន្តែជាការឥតអំពើ ព្រោះធ្វើអី្វដល់ស្មូមមិនកើត។ ចុងក្រោយ ជបអសោរដ៏ធំសម្បើមមួយឈ្មោះ អបមារ ឬ មុយាលកាន ក្នុងដៃកាន់ភ្នំភ្លើងស្ទុះទៅបង្គ្រប់សម្លាប់ស្មូម តែព្រះឥសូរចាប់ភ្នំភ្លើងទុកក្នុងព្រះហស្ថម្ខាង រួចផ្តួលបីសាចទៅលើដី ហើយព្រះអង្គយាងឡើងទៅឈរលើ ខ្នងយក្សនោះ។ ពេលនោះព្រះឥសូរក៏ចាប់ផ្តើមរាំរបាំរំលាយលោកនៅពីលើខ្លួនអសោរ។ ទីបំផុតទៅពួកព្រាហ្មណទាំងអស់នាំគ្នាឱនក្បាល សូមខមាទានទោសព្រះឥសូរ។ ព្រះឥសូរក៏លើកលែងទោសឱ្យ ហើយបង្គាប់ឱ្យព្រាហ្មណ៍ បំពេញធម៌សាជាថ្មីតាមទម្លាប់។

រូបលេខ១០ និងរូបពង្រីកលេ១១ ជាចម្លាក់នៅជ្រុងនិរតីនៃកំពែងទី៣ ប្រាសាទអង្គរវត្ត។ អ្នកស្រី ដាំMadeleine Giteau ធ្លាប់ធ្វើការកត់សម្គាល់ចម្លាក់នេះថា ទាក់ទងនឹងរឿងខាងលើ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺនៅក្នុងចម្លាក់ខ្មែរពុំឃើញមានព្រះឥសូរ និងប្រពន្ធព្រាហ្មណ៍ទាំងនោះមានរាងកាយអាក្រាតទេ។

តាមពិតទៅ ចំណុចទាំងពីរដែលខ្ញុំលើកយកមកបកស្រាយនេះ គ្រាន់តែជាការសង្កេតទូទៅទេ ប្រសិនបើយើងពិចារណឱ្យបានមធ្យ័ត នោះយើងនឹងឃើញចំណុចពិសេសជាច្រើនទៀត ដែលបង្ហាញពីភាពខុសគ្នា រវាងព្រះឥសូរក្នុងសិល្បៈខ្មែរនិងឥណ្ឌា។