ថ្មបស

 ដោយ ឃុត សុខាន

 នៅសម័យបុរាណ ខ្មែរនិងចាម្បប្រើឧបករណ៍មួយប្រភេទធ្វើពីថ្មសម្រាប់កិនអ្វីមួយឱ្យហ្មត់ ផូផង់ មានជាអាទិ៍គឺគ្រឿងឱសថនិងគ្រឿងក្រអូប។ ចាម្បហៅឧបករណ៍នោះថា  Rasung bateau រីឯខ្មែរវិញ សព្វថ្ងៃបាត់ពាក្យហៅវត្ថុនោះទៅហើយ តែចំពោះកិរិយាកិននោះ បុរាណ ឬក្រោយពីនោះបន្តិចមកហៅថា “បស” ឧទាហរណ៍ “ថ្ម បិ បស” (ថ្មសម្រាប់កិន), “អ្នក ត បស គន្ធ” (អ្នកកិនគ្រឿងក្រអូប)។ ពុំតែប៉ុណ្ណោះអ្នកកិននោះអាចហៅថា “បមស” ទៀតផង ឧទាហរណ៍ “បមស វ្រះ គន្ធ” (អ្នកកិនគ្រឿងក្រអូបសម្រាប់ប្រើក្នុងពិធី)។ ដោយសារបាត់ពាក្យសម្រាប់ហៅឧបករណ៍នោះទៅហើយ អ្នកស្រាវជ្រាវយកពាក្យសំស្ក្រឹត “បេសណី” មកប្រើជំនួស។

រូបលេខ១ បង្ហាញពីវត្ថុនោះដែលមានរូបរាងសាមញ្ញបំផុត។ យើងឃើញថាមានថ្មជាទ្រនាប់សម្រាប់ដាក់វត្ថុដែលត្រូវកិននៅលើ ហើយមានវត្ថុរាងដូចអង្រែសម្រាប់កិន។ រូបរាងថ្ម ទ្រនាប់ជាទូទៅមានរាងប្រហាក់ប្រហែលគ្នា ដូចមានបង្ហាញនៅរូបលេខ២និងលេខ៣។ ជួនកាលថ្មនោះពុំចាំបាច់មានសាច់ហ្មត់ខៃដូចថ្មភក់ទូទៅឡើយ ពោលគឺអាចជាថ្មសាច់គ្រើមៗរបៀបថ្មត្បាល់បុកឬត្បាល់កិនសម័យថ្មីដូច្នោះដែរ (រូបលេខ៤)។ ចំណែកឯរូបរាងវិញ ជួនកាលគេឆ្លាក់ឱ្យមានជារូបរាងសត្វ។ រូបលេខ៥-៧ ជាថ្មបសដែលរកឃើញនៅទីរួមស្រុកអង្គរបុរី ខេត្តតាកែវ។ រីឯអាយុកាលវិញលំបាកនឹងកំណត់ណាស់ តែបើយោងតាមចំណាស់នៃស្ថានីយ៍នោះឃើញថាមុនសម័យអង្គរ។ រូបសត្វនោះ គឺសត្វរមាស ដែលជាការបញ្ជាក់ពីសារសំខាន់នៃសត្វនេះនៅប្រទេសកម្ពុជាពីជំនាន់មុន ដូចធ្លាប់និយាយនៅជំពូក លេខ៥, អត្ថបទលេខ៤ ដែលមានចំណងជើងថា សត្វរមាសនៅក្នុងបរិស្ថានធម្មជាតិ និងអារ្យធម៌ខ្មែរ។

រូបមួយនៅផ្ទាំងចម្លាក់អង្គរវត្ត ត្រង់ថែវដែលហៅថា “នរកនិងសួគ៌” (ថែវខាងត្បូង, ភាគខាងកើត) មានបង្ហាញអំពីថ្មបសដែរ។  ទីនេះពុំមែនជាថ្នាំឬគ្រឿងក្រអូបទេដែលគេកិន (បស) គឺយម្ភូបាលពីរនាក់ចាប់ទាញតម្រង់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើបាបពីជាតិមុន ឱ្យដេកសន្ធឹងតាមបណ្តោយថ្មទ្រនាប់នោះ ហើយកិនទាំងស្រស់តែម្តង។ រូបនេះគឺជានរកដែលមានឈ្មោះថា “អវីចី”។ រីឯអ្នកដែលត្រូវយម្ភូ បាលកិននឹងថ្មបសនោះ គឺដោយហេតុថា កាលពីនៅរស់ មានទ្រព្យធនច្រើនហើយ នៅតែលោភលន់ទៅប្រព្រឹត្តអំពើបាបដើម្បីមានបានតទៅទៀត។