ដោយ អន សុភាព
បើដេញរកទៅដល់សម័យដែលអាណាចក្រហ្វូណាន់ថ្កុំថ្កើងដោយសារមានកំពង់ផែធំៗសម្រាប់ពាណិជ្ជកម្មផ្លូវសមុទ្រនោះ យើងពុំដែលទាន់ឮអ្នកប្រាជ្ញ ឬអ្នកស្រាវជ្រាវណានិយាយថា ប្រជាជននៅទីនោះពូកែខាងធ្វើសំពៅធំៗសម្រាប់បើកក្តោងទៅទីឆ្ងាយៗឡើយ ប៉ុន្តែក៏ពុំមានន័យថា ឧស្សាហកម្មបែបនោះគ្មានដែរ។ គ្រាន់តែដឹងថា កំពង់ផែទាំងនោះថ្កុំថ្កើង។ បើលោតមកសម័យដែលកម្ពុជាបែរមករកដីគោកជាធំ (អាចនិយាយថា តាំងពី ស.វ.ទី៧មក) គឺហាក់ដូចជាកាន់តែច្បាស់ថា ឧស្សាហកម្មធ្វើនាវាធំៗនោះពុំមានទៅទៀត។ ប្រការនេះពុំដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ដ្បិតបើយកកោះស៊ូម៉ាត្រា, ជ្វា ឬតំបន់ឆ្នេរសមុទ្រនៃប្រទេសចម្ប៉ាជាដើមមកពោលឃើញថា ប្រជាជនទាំងនោះជាអ្នកដើរសំពៅទៀតផង ដូច្នេះហើយអ្នកទាំងនោះមានជំនាញខាងធ្វើនាវាធំៗសម្រាប់បរកាត់សមុទ្រ។
យ៉ាងណាក៏ដោយ បើយោងតាមកំណត់ហេតុនៃអ្នកដំណើរចិនសម័យបុរាណនៅចុងស.វ.ទី៥ ឬក៏កំណត់ហេតុរបស់លោកជីវតាក្វាន់នៅចុងស.វ.ទី១៣ ក៏យើងឃើញថា ចិនទាំងនោះនិយាយពីការស្ថាបនាទូកទំហំល្មមៗសម្រាប់ដឹកទំនិញធម្មតា។ នៅតាមផ្ទាំងចម្លាក់ប្រាសាទខ្លះ មានប្រាសាទបាយ័ន្ត និងបន្ទាយឆ្មារជាដើម ក៏យើងឃើញទូកប្រភេទផ្សេងៗសម្រាប់ប្រើក្នុងទេសកាលខុសៗគ្នាដែរ។ នៅរូបលេខ១ យើងឃើញថាជនជាតិចិន ជិះទូកម៉្យាងទំនងជាដើម្បីលម្ហែកម្សាន្តលេង ឯនៅរូបលេខ២ គឺព្រះរាជាតែម្តង ដែលប្រថាប់នៅលើទូកប្រភេទម៉្យាងទៀតដើម្បីធ្វើសង្គ្រាម។ បើរូបលេខ៣វិញ ទំនងជាបង្ហាញពីពិធីព្រាហ្មណ៍អ្វីមួយ ដែលមានការដង្ហែបព្វជិតខ្លះតាមទូក។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ។
បើនិយាយមកដល់ប្រមាណមួយសតវត្សមុននេះ ប្រភេទទូកក៏ប្រហែលជាមានច្រើនបែបយ៉ាងដែរ ដូចមានឧទាហណ៍ខ្លះៗតទៅនេះ ៖ រូបលេខ៤ បង្ហាញពីទូកកិងមួយ ទំនងជាអ្នកធំណាម្នាក់ឲ្យគេយកទៅចម្លងព្រះសង្ឃដើម្បីធ្វើបុណ្យនៅទីណាមួយ។ នៅរូបលេខ៥ យើងឃើញទូកម៉្យាង ហៅថា «ទូកគែហ៊ៅ» ជាព្រះរាជទ្រព្យសម្រាប់ព្រះរាជាគង់ក្រសាលតាមទឹកជាដើម។ ឯរូបលេខ៦វិញ បង្ហាញពីក្បួនដង្ហែព្រះអដ្ឋិពីភ្នំពេញទៅភ្នំព្រះរាជទ្រព្យនៅឧត្តុង្គ តាមទូកពីរដែលហៅថា «ទូកម្ករ»។
ឥឡូវខ្ញុំសូមនិយាយមួយម៉ាត់ពីស្ថានភាពពិសេសមួយនៃបុរាណវិទ្យាខ្មែរ។ វិស័យនេះមានការរីកចម្រើនគួរសមដែរ ជាពិសេសប្រមាណ ១៥ឆ្នាំកន្លងមកនេះ។ ប៉ុន្តែផ្នែកមួយដែលហៅជាភាសាបារាំងថា Archéologie maritine ឬ Archéologie sous-marine ពោលគឺបុរាណវិទ្យាដែលធ្វើនៅក្នុងទឹកនោះ ឃើញថាពុំទាន់មាននៅឡើយទេ។ យ៉ាងណាក៏ដោយ នៅខែមីនា ឆ្នាំ២០០៩កន្លងទៅនេះ អ្នកស្រុកនៅភូមិក្រសាំងរលើង ក្នុងក្រុងសៀមរាប បានប្រទះឃើញទូកមួយកប់ក្នុងដី ក្នុងជម្រៅប្រមាណ ១,៣០ម. ពេលដែកជីកដីធ្វើស្រះចិញ្ចឹមត្រី។ រឿងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់គេឯងខ្លះ ដ្បិតទូកនោះទំនងជាមានចំណាស់ ហើយម៉្យាងទៀត មានប្រវែងដល់ទៅ១៥ម.ផង។ នាយកដ្ឋាន «អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ» នៃអាជ្ញាធរជាតិអប្សរា ក៏បញ្ជូនបុរាណវិទូរបស់ខ្លួនឲ្យទៅពិនិត្យការជាក់ស្តែង។ ទៅដល់ទីកន្លែងឃើញថា ការរកឃើញនេះកើតឡើងនៅម្តុំទំនប់បុរាណមួយ ដែលសព្វថ្ងៃក៏នៅអាចឃើញថាជាទំនប់ ដោយសារមានទម្រង់ដីទួលខ្លះៗដែរ។ តាមពិតនៅបុរាណកាល មានព្រែកជីកមួយចេញពីខាងត្បូងប្រាសាទអង្គរវត្ត រហូតដល់ភ្នំក្រោម ហើយចាក់ទៅបឹងទន្លេសាប (រូបលេខ៧)។ អ្នកស្រាវជ្រាវដឹងថា ផុតពីក្លោងទ្វារក្រៅខាងលិចនៃវតអធ្វាភ្លាមទៅ មានកំពង់ចំណតមួយ ដែលស្ថិតនៅមាត់ព្រែកនោះតែម្តង។ នេះជាការដែលធ្វើឲ្យយើងសង្ស័យថា ទូកនេះកើតឡើងពីយូរយារណាស់មកហើយ ដ្បិតគេប្រទះឃើញនៅម្តុំផ្លូវទឹកនោះតែម្តង (រូបលេខ៨)។ បើទុកទូកនោះចោលឲ្យនៅកណ្តាលវាលឃើញថា ពុំយូរពុំឆាប់ មុខជាខូចខាតអស់ (រូបលេខ៩-១០) ដូច្នេះយើងក៏សម្រេចចិត្តយកមករក្សាទុកក្នុងកសិន្ធុអង្គរវត្តប៉ែកខាងលិច នៅមុខគុកតារាជ (១១)។
ពិនិត្យនឹងភ្នែកទៅឃើញថា ទូកនេះកើតឡើងដោយយកឈើមួយដើមធំវែង មកលុង ។ លុះដល់យកបំណែកឈើតូចទៅពិនិត្យនៅមន្ទីរពិសោធន៍មួយនៅប្រទេសបារាំង ក៏ឃើញថា ជាឈើគគីរដូចធ្លាប់ស្មានដែរ។ រីឯអាយុកាលវិញ ទំនងជានៅចន្លោះស.វ.ទី១៤-១៥។
ទោះបីជាការប្រទះឃើញនេះកើតឡើងដោយចៃដន្យក៏ដោយ នេះជាឧទាហរណ៍ដំបូងបង្អស់ហើយនៅប្រទេសកម្ពុជា ដែលបុរាណវិទ្យាយកចិត្តទុកដាក់នឹងមធ្យោបាយធ្វើដំណើរផ្លូវទឹក។