ដោយ អ៊ូ គង្គា
ពាក្យខ្មែរបុរាណថា វ្នំ នេះវិវឌ្ឍជាធម្មតាមកជា “ភ្នំ “។ ត្រង់នេះគ្មានអ្វីប្លែកឡើយ ដ្បិត “វ” តែងក្លាយមកជា “ព” ហើយបន្ទាប់មកទៀតមកជា “ភ”។ ឧទាហរណ៍ពាក្យដើមថា “វិមាន” ក្លាយមក “ពិមាន” ហើយទីបញ្ចប់មកជា “ភិមាន”។ ដែលខុសគ្នានោះ គឺនៅត្រង់ថាពាក្យ “ភ្នំ” សព្វថ្ងៃពុំមានន័យវែងឆ្ងាយដូច “វ្នំ ”ក្នុងសម័យបុរាណទៀតទេ។ សព្វថ្ងៃភ្នំ គឺភ្នំដូចយើងស្គាល់ជាធម្មតា តែអាចសំដៅទៅពំនូកខ្សាច់ឬស្រូវជាដើមដែលគេពូនឡើងនិមិត្តថាជាភ្នំ ពោលគឺភ្នំខ្សាច់ដែលគេតែងពូននៅពេលចូលឆ្នាំ និងភ្នំស្រូវដែលគេតែងពូននៅពេលច្រូតកាត់ចប់រួចរាល់ហើយដែរ។
ក្ក្នុងជំនឿឥណ្ឌា ភ្នំជាលំនៅនៃទេព។ ភ្នំទាំងនោះអាចមានឈ្មោះខុសៗគ្នា តែបើពោលពីភ្នំដែលជាស្នូលនៃលោកទាំងមូល គេតែងហៅថា “មេរុ” (ដែលខ្មែរសព្វថ្ងៃច្រើនហៅថា “សុមេរុ”)។ ភពដែលមនុស្សយើងនេះរស់នៅ ហៅថា “ជម្ពូទ្វីប” ដែលស្ថិតនៅខាងត្បូងភ្នំព្រះសុមេរុ។ នៅទីនេះ ខ្ញុំពុំរៀបរាប់វែងឆ្ងាយពីលោកធាតុក្នុងជំនឿឥណ្ឌា ដែលជះឥទ្ធិពលមកជំនឿខ្មែរតាំងពីយូរយារហើយនោះទេ គ្រាន់តែសូមបញ្ជក់ម្តងទៀតថាភ្នំជាលំនៅនៃទេព។ ឧទាហរណ៍ព្រះឥសូរគង់នៅលើភ្នំកៃលាស។ ដោយហេតុនេះហើយបានជានៅសម័យបុរាណ ពាក្យថា វ្នំអាចមានន័យថាប្រាសាទដែរ ដ្បិតប្រាសាទជាលំនៅទេព ពោលគឺគេសាងឡើងដើម្បីតម្កល់ប្រតិមាទេព ទោះបីទេពនោះមានតែថ្មមួយដុំ ជួនកាលជាថ្មធម្មជាតិសុទ្ធសាធ (ឧទាហរណ៍ នៅប្រាសាទថ្មដុះ ឬនៅប្រាសាទតាមាន់) ឬជាថ្មដែលមនុស្សឆ្លាក់សម្អិតសម្អាង (ឧទាហរណ៍ នៅប្រាង្គនៃប្រាសាទកោះកេរ្តិ៍)ហៅថា “លិង្គ” ក៏ដោយ។ ប្រាសាទដែលសំដៅថាភ្នំដូច្នេះហើយក្តី ជាញឹកញយគេសាងនៅលើភ្នំធម្មជាតិ ថែមទៀតដូចយើងដឹងស្រាប់ ឧទាហរណ៍ នៅលើភ្នំបាខែង (ខ្មែរបុរាណហៅថា វ្នំកន្តាល), ភ្នំក្រោម (វ្នំករោំ), ភ្នំដី (វ្នំតិ), ភ្នំរុង (វ្នំរុង) ៘ តែទោះជាមិនសង់លើភ្នំក៏នៅតែចាត់ទុកថាជាភ្នំ ដែលជាលំនៅទេពដូចគ្នា បានជាហៅថា វ្នំ ដូច្នេះ។ ហេតុនេះហើយបានជាគេហៅអ្នកដែលទទួលខុសត្រូវផ្ទាល់ក្នុងការគ្រប់គ្រងប្រាសាទអ្វីមួយថា ក្លោញវ្នំ ឬ ខ្លោញវ្នំ (ក្លោញ ឬ ខ្លោញ សំដៅលើអ្នកដែលមាននាទីត្រួតត្រាអ្វីមួយ)។ ជួនកាលយកពាក្យសំស្ក្រឹតមកជំនួស ដែលមានន័យដូចគ្នាបេះបិទ។ ឧទាហរណ៍ សិលាចារឹកលេខ K. ៦៦៩ នៅស.វ. ទី១០ ប្រើពាក្យថា ឝៃលេ ‚ រីឯ K. ៧១៧ នៅស.វ.ទី១១ប្រើពាក្យថា ឝៃលាធិប ។
អ្នកស្រាវជ្រាវបារាំងតែងហៅប្រាសាទដែលមានរាងជាប្រាង្គ ជាពិសេសទៅទៀតដែលសង់ឡើងជាថ្នាក់ៗបីជាន់ឬប្រាំជាន់ប្រភេទពីរ៉ាមីតថា Temple montagne (អ្នកប្រើភាសាអង់គ្លេសចម្លងពាក្យនោះមកជា Mountain temple) ហើយដែលគេប្រែតាមពាក្យមួយម៉ាត់ៗមកថា “ប្រាសាទភ្នំ”។ ហៅរបៀបនេះដោយសារចង់សង្កត់ទៅលើរូបរាង ព្រោះពីរ៉ាមីតមើលទៅឃើញស្តែងថាចង់បញ្ជាក់ថាជាភ្នំដូច្នោះមែន។ ម៉្យាងទៀត បារាំងប្រើពាក្យថា Temple montagne ដូច្នេះ ដើម្បីបញ្ជាក់ថាប៉មពុំមែននៅលើខឿនផ្ទាល់ដីដូចប៉មធម្មតាហៅថា temple a plat នោះឡើយ។ ឃើញថា ញែកជាពីរដូចេ្នះ ដោយសារចង់សង្កត់ទៅលើប្រភេទរូបរាងមុនអ្វីៗទៀតទាំងអស់។ រីឯខ្មែរបុរាណវិញ ទោះបីជាសង់លើខឿនផ្ទាល់ដី ឬសង់នៅលើពីរ៉ាមីតប្រាំជាន់ក៏ប៉មទាំងនោះនៅតែជា វ្នំ ពោលគឺនៅតែជាភ្នំដូចគ្នា។