ដោយ អាំង ជូលាន
នៅជំពូក៤ អត្ថបទដែលមានលេខរៀងទី៨០និយាយពីព្នៅនៅក្នុងជំនឿខ្មែរនាសម័យបុរាណ។ អត្ថបទនៅទីនេះសាមញ្ញណាស់ គឺថាខ្ញុំនិយាយពីការចំអិនព្នៅហូប តាមដែលបានឃើញគេធ្វើ។ ដែលហៅថាហូបនេះ ពុំមែនហូបយកឆ្អែតទេ គឺហូបជាកំសាលមាត់ ហើយការហូបនេះអាចជួយអ្វីបន្តិចបន្តួចដល់សារពាង្គកាយដែរក៏អាចស្មានបាន ដ្បិតគេនិយាយ ថាដូច្នេះ។
១. ព្នៅដុត
បើដុត គេយកព្នៅដែលបេះបានមកបោះក្នុងភ្នក់ភ្លើង ឲ្យនៅក្នុងនោះមួយសន្ទុះធំដើម្បីឲ្យព្នៅឆ្អិនក្នុងកម្រិតណាមួយ (រូបលេខ១-២)។ យើងឃើញថាសម្បកវាខាងក្រៅឡើងខ្មៅខ្លោចតែសាច់ខាងក្នុងពុំមានខូចខាតទេ (រូបលេខ៣)។ គេបំបែកឬពុះជាពីរចំណែក (រូប លេខ៤) ដើម្បីទទួលទានតែម្តង។ បើមានទឹកឃ្មុំឬទឹកស្ករត្នោតមកស្រោចពីលើបន្តិចក៏រឹតតែមានរសជាតិប្រសើរម្យ៉ាង (រូបលេខ៥)។
២. ព្នៅស្ងោរ
ឯរបៀបចំអិនម្យ៉ាងទៀតគឺយកព្នៅទៅស្ងោរជាមួយទឹកធម្មតា ហើយថែមស្ករត្នោតមួយស្លាបព្រាក្នុងនោះទៅជាការស្រេច (រូបលេខ៦-៧)។ លទ្ធផលបញ្ចប់ចេញមកដូចឃើញនៅរូបលេខ៨។ រូបលេខ៩ជាទឹកស្ងោរនោះដែលមានរសជាតិផ្អែមឈ្ងុយ ដោយសារមានក្លិនព្នៅនៅក្នុងនោះឯង។ រូបលេខ១០ជាព្នៅស្ងោរដែលគេយកសាច់វាមកទទួលទានដូចរបៀបដុតដែរ។ បើចង់ហូបលាយសាច់ព្នៅជាមួយទឹកស្ងោរក៏ម្យ៉ាងដែរ ដូចឃើញនៅរូបលេខ១១។