ដោយ សូ សុគន្ធារី
សណ្តែកបណ្តុះជារុក្ខជាតិទទួលទានប្រើសម្រាប់ជារបោយអាហារមិនថាម្ហូបទឹកឬម្ហូបគោកទេ ដូចយើងដឹងស្រាប់។ សណ្តែកបណ្តុះមានប្រយោជន៍ដល់សុខភាពដោយសារមានគុណភាពច្រើនបែប។ គេជឿថាក្នុងនោះមានជីវជាតិដូចជាវីតាមីន A, Cនិងប្រូតេអ៊ីនផ្សេងៗ ឬក៏អាចជួយបញ្ចេញជាតិពុលពីសរីរាង្គ ហើយជាមួយគ្នានោះជួយពន្យាភាពចាស់ឲ្យបានឆ្ងាយបន្តិច។ អ្នកខ្លះជឿថាមានគុណសម្បត្តិលើសពីនោះឆ្ងាយទៅទៀត ដូចជាថាអាចជួយរួមចំណែកក្នុងការបន្ទាបកម្រិតទឹកនោមផ្អែម, ជួយសម្រកទម្ងន់…ឯអ្នកខ្លះទៀតនោះអះអាងរហូតដល់ថាអាចជួយប្រឆាំងជម្ងឺមហារីកផង។
កាលពីសម័យសង្គ្រាមលោកលើកទី២ ទាហានជប៉ុនសម្ងំនៅក្នុងត្រង់សេ មិនអាចចេញមកក្រៅបាន ក៏នាំគ្នាបណ្តុះសណ្តែកនេះផ្សំនឹងអ្វីៗទៀតជាអាហារសម្រាប់ធ្វើម្ហូបដោះទ័លមួយពេលៗដែរ។
តាមនាងខ្ញុំធ្លាប់ឃើញពីមុនមក គេប្រើក្អមដើម្បីបណ្តុះ។ តែនៅទីនេះ នាងខ្ញុំសូមលើកយកការបណ្តុះសណ្តែកមួយបែបរបស់អ្នករស់នៅតាមបណ្តោយដងស្ទឹងខ្លះមកបង្ហាញ ដែលប្រើបច្ចេកទេសខុសពីនោះ។ សព្វថ្ងៃគេនិយមប្រើរបស់ធ្វើពីប្លាស្ទិកឬស្នោសិប្បនិមិត្តមកជំនួស។ គេបណ្តុះ ដោយយកសណ្តែកកប់គ្រាប់ក្នុងដីខ្សាច់នៅមាត់ស្ទឹង។ដំបូងគេត្រូវលើកដីខ្សាច់ធ្វើជារងសិន (រូបលេខ១) រួចយកសណ្តែកខៀវ ឬសណ្តែកលឿងទៅ ត្រាំទឹកក្នុងរយៈពេលមួយព្រឹក រួចពង្រាយគ្រាប់សណ្តែកនៅលើរងឲ្យពេញល្មម (រូបលេខ២) ទើបយកដីខ្សាច់ មកលុបពីលើ (រូបលេខ៣) ហើយស្រោចទឹកក្នុងមួយថ្ងៃពីរដង។ បើត្រូវការប្រើឆាប់រហ័ស ចំពោះរយៈពេលតែ២ថ្ងៃ១យប់អាចល្មមគ្រប់គ្រាន់។ ពេលនោះសណ្តែកនៅដុះខ្លីល្មម។ ប៉ុន្តែ បើគេចង់ឲ្យសណ្តែកនោះវែង គេត្រូវទុកពី២ទៅ៣ថ្ងៃតទៅទៀត។ ជាទូទៅ អ្នកបណ្តុះ សណ្តែកសម្រាប់លក់តែងប្រើពេល៣ថ្ងៃ៣យប់។ គ្រាប់សណ្តែក១គីឡូ អាចផ្តល់ផលជាសណ្តែកបណ្តុះរហូតដល់៥គីឡូ។