ដោយ ឈូក សុម៉ាឡា
បើនិយាយពីអំបោសគ្រប់គ្នាប្រាកដជាស្គាល់ ត្បិតអំបោសមានច្រើនប្រភេទសម្រាប់ ប្រើប្រាស់ស្ទើគ្រប់ទីកន្លែង។ បើក្រលេកមើលតែក្នុងផ្ទះមួយ ក៏អាចនឹងឃើញថា មានអំបោស វែង ខ្លី ជាច្រើនប្រភេទសម្រាប់បោសសំអាតចាប់តាំងពី ផ្ទាល់ដី រហូតដល់បោសសំបុកពីងពាងនៅលើពិដានផ្ទះ។ បើសិនជារៀបរាប់ឈ្មោះអំបោស និងតួនាទីមួយៗ ក៏សឹងតែនិយាយមិនអស់ ដ្បិត គេច្នៃវាអោយស្របទៅតាមទីតាំងនៃការប្រើប្រាស់។ ម្លោះហើយនៅទីនេះខ្ញុំសូមលើកយកអំបោសមួយប្រភេទមកបង្ហាញ ដោយហេតុថា អំបោសនេះ កំពុងតែមានការពេញនិយមខ្លាំង សម្រាប់អ្នកទីក្រុង។ ពេញនិយមខ្លាំងសម្រាប់អ្នកក្រុង ដោយព្រោះ ការវិវត្តន៍សំណង់ ពីឈើទៅជាថ្មកាន់តែច្រើនឡើងដែលទាមទារអោយមានប្រភេទអំបោសទន់ងាយសម្អាតធូលីដី នៅលើផ្ទៃរលោងរាបស្មើ នៃសំណង់ផ្ទះថ្មរបស់ពួកគេ។ អំបោសនោះគេហៅថា អំបោសផ្កា ស្មៅ។ ហៅថាអំបោសផ្កាស្មៅ ដោយព្រោះ អំបោសនេះ យកផ្កាស្មៅម្យ៉ាង ដែលដុះនៅតាមវាលខ្ពង់រាប រឺជើងភ្នំនានា ដែលក្រោយពីកាប់ព្រៃអស់ហើយក្លាយជាវាលល្ហល្ហេវ(រូបលេខ១)។ ផ្កាស្មៅនោះគេតែងហៅថា ផ្កាស្មៅបបោស ដែលមានរូបរាងដើមរបស់វាស្រដៀងទៅនឹងដើមត្រែងដែលដុះនៅតាមមាត់ទឹកដែរ។ តាមពិតទៅ ដើម្បីបានក្លាយជាអំបោសមួយ សម្រាប់បោសផ្ទះមិនមែនជាការងាយស្រួលប៉ុន្មាននោះទេ ពោលគឺត្រូវឆ្លងកាត់ច្រើនដំណាក់កាលណាស់ដែរមុននឹងក្លាយជាអំបោសដែលអាចប្រើប្រាស់បាន នេះបើសង្កេតតាមរបៀបធ្វើ របស់លោកតា ឈូក ភី និងលោកយាយម៉ៅ ជឹម ដែលគាត់បានប្រកបរបរ នេះតាំងពីសម័យលន់ណល់មកម្លេះ។ ម្លោះហើយនៅទស្សវដ្តទី៨០ របៀបធ្វើអំបោសនេះ បានសាយភាយពីគាត់តាមអ្នកដែលបានមកប្រស្រ័យទាក់ទង ទៅតំបន់មួយចំនួន ដែររួមមានដូចជាស្រុកពួក ស្រុកបន្ទាយស្រី និងឃុំចន្ទសរ ជាដើម។ ហើយក្រោយមកកាន់តែបន្តរសាយភាយធំឡើងៗរហូត រូបរាងអំបោសផ្នែកខ្លះមានការប្រែប្រួល រឺប្តូរទៅជាដងឈើ ដែលខុសឆ្ងាយពីទំរង់ដើមរបស់គាត់ទៅតាមការនិយមនិងពេលវេលាធ្វើរាងៗខ្លួន។ ម្លោះហើយខាងក្រោមនេះខ្ញុំសូមលើកយករបៀបធ្វើអំបោសរបស់ពួកគាត់មកបង្ហាញដូចតទៅ៕ នៅខែកក្តិកស្មៅបបោសចាប់ផ្តើមចេញផ្កាក្រពុំជាពេលល្អដែល អ្នកភូមិចាប់ផ្តើមកាច់យកមកលក់រឺក៏ទុកសម្រាប់ធ្វើអំបោសខ្លួនឯងផងដែរ ត្បិតបើផុតពីខែនោះទៅផ្កាបបោសនឹងចាប់ផ្តើមរីក ដែលទាមទារអោយអ្នកធ្វើអំបោសត្រូវចំណាយពេលកាន់តែច្រើនដើម្បីដាក់ហាលអោយស្ងួតផង(រូបលេខ២) និងកោសសម្អាតគ្រាប់ចោល (រូបលេខ៣) ផង។ ក្រោយពីកោសសម្អាតគ្រាប់រួចហើយ គាត់ចាប់ផ្តើមបេះសក់ស្មៅតូចៗចាប់ពីគល់រហូតស្ទើដល់ចុងដើមនៃផ្កាស្មៅនីមួយៗ (រូបលេខ៤) ហើយយកសក់ដែលបេះរួចទៅផ្គួបចងជាដុំមូលមួយៗ ហៅថា កូន (រូបលេខ៥-៦-៧-៨) កូនចំនួន៩ ស្មើនឹងអំបោសមួយ។
បន្ទាប់មកទៀតគាត់ចាប់ផ្តើមចងកូនមូលៗទាំង៩នោះបញ្ជូលគ្នាដោយដាក់ផ្អបជារាងបន្ទះ រុំទាញដោយលួសយ៉ាងតឹងម្តងមួយៗ (រូបលេខ៩-១០)។ លួសរុំដែលមានកំរិតទំហំសសៃច្បាស់លាស់អាចអោយគាត់ជាន់ធាក់ទាញបង្វិលដងអំបោសពីមួយគន្លាក់ទៅមួយគន្លាក់ដោយមិនអោយដាច់លួស (ព្រោះថាបើដាច់លួសគាត់ត្រូវចងពីដើមឡើងវិញ)។ រីឯ លួសដែលរុំម្តងមួយកង់ៗពីកអំបោសរហូតដល់ដងអំបោសមានប្រវែង៣ចំអាមនិងថែម៣ ធ្នាប់ (បីម្រៀម) ទៀត ដែលនេះជាខ្នាតអំបោសរបស់គាត់។ ក្រោយពីកំណត់ប្រវែង និងទំហំដងអំបោស ដែលគាត់យល់ថាងាយស្រួលកាន់មិនចុករយដៃក្នុងពេលបោស ពោលគឺ មិនធំពេក មិនតូចពេក ហើយមិនខ្លីនាំអោយអោនពេក រឺវែងពេក។ នៅចុងដងអំបោស គាត់បានរំលួសបញ្ជាន់គ្នាពីរបីជាន់ ហើយធ្វើជាក្រវិល មួយទុកអោយព្យួរទុកអោយបានត្រឹមត្រូវ ព្រោះថាបើទុកដាក់មិនបានត្រឹមត្រូវនឹងធ្វើអោយកោងខូចសក់អំបោសប្រើប្រាស់មិនបានគ្រប់ចំនួនកាលនៃអាយុរបស់វា។ ម្លោះហើយទាំងការធ្វើនិងការប្រើប្រាស់រួមផ្សំគ្នាបានត្រឹមត្រូវទើបអំបោសនេះល្បីដល់ទាំងអ្នកភ្នំពេញមកកម្មង់ ហើយតែងសរសើរអំបោសគាត់ថា បោសទាល់តែរិចសក់តែមិនរបូតខូចដងឡើយ។ រីឯការងារ ចុងក្រោយគេគឺ ហៅថាក្រងអំបោស(រូបលេខ១១-១២) គឺគាត់យកលួសប្រវែង៤ចម្អាមកន្លះ បត់ជា២ហើយសូកបំបែកសក់ស្មៅដោយបត់លួសចុះឡើង ពីម្ខាងទៅម្ខាងរហូតដល់អស់លួស។ ធ្វើបែបនេះគឺដើម្បីអោយសក់ស្មៅរីកកំប៉ាងធំល្អងាយស្រួលសំអាតបានច្រើន(រូបលេខ១៣)។