ដោយ សួង សុខរ៉ូ
រហូតមកទល់រវាងទសវត្សរ៍២០០០ ស្រុកស្រែភាគច្រើននៅឡើយ ដែលនៅប្រើចង្កៀងប្រេងកាត។ ជាក់ស្តែងដូចជានៅស្រុកកំណើតរបស់ខ្ញុំដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញ ពោលគឺនៅក្នុងតំបន់ដែលគេស្គាល់ទូទៅថា សៀមរាប-កន្ទួត ដ្បិតតំបន់នេះស្ថិតនៅចន្លោះប្រជុំជនផ្សារសំខាន់២ គឺផ្សារសៀមរាប និងផ្សារកំពង់កន្ទួត (សព្វថ្ងៃស្ថិតក្នុងស្រុកកណ្តាលស្ទឹង)។ អ្នកភូមិរបស់ខ្ញុំ ដើមឡើយគឺជាអ្នកស្រែសុទ្ធសាធ ព្រោះជីវិតរស់នៅរាល់ថ្ងៃអាស្រ័យលើស្រែតែមួយមុខគត់។ នៅតាមផ្ទះនីមួយៗតែងមានចង្កៀងប្រេងកាត១ឬ២ សម្រាប់អុចបំភ្លឺពេលយប់។ ឯចង្កៀងដែលអ្នកស្រុកប្រើនោះសោតជាចង្កៀងដែលកាត់ពីដបទឹកត្រីឬដបអ្វីផ្សេងទៀតដែលធ្វើពីកែវ។ ចំណែកអ្នកផលិតចង្កៀងដបឆ្មើមប្រចាំភូមិមាន២នាក់ គឺតាបូ និងតារម្យ។ លោកតាទី១បានចែកស្ថានទៅយូរណាស់ហើយ នៅតែលោកតាទី២ដែលសព្វថ្ងៃមានអាយុ៨៧ឆ្នាំ។ ចង្កៀងដែលលោកតាផលិតឲ្យអ្នកស្រុកប្រើពេញទាំងភូមិនោះ កាលនោះពុំមានទិញលក់អ្វីទេ គឺគាត់ធ្វើតាមការពឹងពររបស់អ្នកស្រុក ហើយគេអាចជូនជាសាគុណទៅលោកតាវិញជាអង្ករ នំចំណី ឬលុយកាក់បន្តិចបន្តួចតាមធនធានមានបានរៀងខ្លួន។
លោកតាបានបោះបង់ចោលការងារធ្វើចង្កៀងប្រេងកាតមកជាង២០ឆ្នាំហើយ តាំងពីអ្នកស្រុកចាប់ផ្តើមប្រើអាគុយ និងក្រោយមកមានអគ្គិសនីឯកជននិងរដ្ឋចូលទៅដល់។ ទើបតែថ្មីៗនេះ ដោយសារខ្ញុំមានដបមួយចំនួនដែលប្រើហើយ (រូបលេខ១) ម្យ៉ាងនឹកដល់អានុស្សាវរីយ៍កុមារភាពធ្លាប់រៀនសូត្រពេលយប់ដោយភ្លើងចង្កៀងប្រេងកាត និងចង់ឃើញពីបច្ចេកទេសធ្វើបែបប្រពៃណីរបស់លោកតាផង ខ្ញុំក៏បានទៅជួបលោកតាហើយបានស្នើគាត់ឲ្យជួយកាត់ចង្កៀងឲ្យ។ តាមពិតទៅ លោកតាហាក់ដូចជាទើសទាល់ចិត្តបន្តិចដែរ ដ្បិតគាត់គ្មានឧបករណ៍អ្វីនៅសល់ទេ។ ដោយសារខ្ញុំទទូចញយដងពេក លោកតាក៏ព្រមទទួលពាក្យធ្វើឲ្យ។ ដូច្នេះគាត់ត្រូវធ្វើពុម្ពថ្មី។ ពុម្ពនោះ គឺលោកតាយកដែកសសៃ១ទំហំតូចល្មមមកវាស់ រួចពត់ឲ្យមូលប៉ុនទំហំតួដប ហើយនៅខាងចុងដែកនោះភ្ជាប់ដោយដងឫស្សីសម្រាប់កាន់ (រូបលេខ២-៤)។
នៅពេលតម្រង់ពុម្ពបានស្អាតហើយ ទើបលោកតាចាប់ផ្តើមបង្កាត់ភ្លើងនៅក្នុងចានដែកមួយដោយដាក់អុសនិងធ្យូងលាយគ្នា។ ក្រោយឃើញថាដុំធ្យូងនិងអុសឆេះកាត់ល្មមហើយ ទើបលោកតាដាក់ពុម្ពចូលកប់កណ្តាលរងើកភ្លើងនោះ (រូបលេខ៥-៦)។ នៅពេលដែកពុម្ពឡើងក្រហមឆ្អៅហើយ ទើបគាត់យកពុម្ពមកសកពីលើដប តាមប្រវែងដែលចង់បាន (រូបលេខ៧) និងទប់ឲ្យនឹងប្រហែល១នាទី។ បន្ទាប់មកទើបចាក់ទឹកពីលើ (រូបលេខ៨)។ នៅពេលត្រូវទឹកភ្លាមសាច់ដបនោះក៏ដាច់ចេញពីគ្នាស្មើស្អាតត្រង់កន្លែងដាក់ពុម្ព (រូបលេខ៩)។ ក្នុងពេលដំណាលគ្នានោះ មានចៅប្រុសលោកតាម្នាក់ជួយចោះរន្ធបណ្តើរៗនៅលើដបសម្រាប់ដាក់ដៃចង្កៀងនៅពេលក្រោយ។ គេអាចចោះរន្ធដៃចង្កៀងមុនពេលកាត់មាត់ដបក៏បាន ឬក្រោយកាត់ហើយក៏បាន។ ឯរបៀបចោះនោះគឺគេយកដែក១មានចុងស្រួច ភ្ជាប់ដងឫស្សី (រូបលេខ១០) ទៅ «ឆឹក» ពីលើសាច់ដបបន្តិចម្តងៗ រហូតដល់ធ្លុះ (រូបលេខ១១)។
ការងារបន្ទាប់មកទៀតគឺធ្វើបញ្ឆេះចង្កៀង។ លោកតាត្រូវរកពោះវៀនកង់ ឬម៉ូតូចាស់ៗមកកាត់យក «ក្បាលវ៉ាល់» និងឆ្កឹះយកបណ្តូលវាចេញ (រូបលេខ១២)។ បន្ទាប់មកទើបយកសំណុំអំបោះឆៅ១ខ្សែទំហំប៉ុនចង្កឹះទៅញាត់បញ្ចូលក្នុងក្បាលវ៉ាល់នោះឲ្យណែន។ ក្រោយមកទៀតលោកតាចាប់ផ្តើមរកសសៃលួសមកពត់ធ្វើជាដៃចង្កៀង និងភ្ជាប់ពីក្បាល់វ៉ាល់ទៅមាត់ដប (រូបលេខ១៣-១៥)។ នៅពេលចង្កៀងធ្វើចប់សព្វគ្រប់ហើយ យើងគ្រាន់តែចាក់ប្រេងកាតចូល និងដុតបញ្ឆេះទៅគឺអាចបំភ្លឺបានហើយ។ សព្វថ្ងៃដោយសារក្រប្រេងកាត គេអាចប្រើសាំងក្រអូប ឬពពួកប្រេងចន្ទន៍ និងប្រេងដទៃខ្លះទៀតជំនួសបាន។ ឯចង្កៀងនោះសោត ដោយលែងមាននាទីបំភ្លឺផ្ទះតទៅទៀត គេអាចប្រើសម្រាប់បំភ្លឺលំអតាមផ្លូវ ក្នុងសួនច្បារជាដើម។