ដោយ ព្រាប ចាន់ម៉ារ៉ា
តម្ពក់រនាស់ធ្វើពីឫស្សីឬឈើ មានដងប្រវែងប្រហែលមួយម៉ែត្រ ហើយមានចុងរាងខុប ក្ងិក ឬខ្វេរទៅម្ខាង (រូបលេខ១-២)។ នៅតាមជនបទនានា ពេលគេរាស់ដីស្រែឲ្យបែកម៉ត់ល្អ និងកៀរយកកម្ទេចកម្ទីស្មៅផ្សេងៗចេញឲ្យស្អាតផង គឺគេកាន់តម្ពក់នេះ (រូបលេខ៣) ដើម្បីថ្ពក់លើករនាស់បត់នៅតាមមុមឬកែងនីមួយៗនៃស្រែ (រូបលេខ៤, ឯកសារពីវិទ្យាស្ថាន «រៃយំ»)។ ដូច្នោះហើយទើបគេហៅឧបករណ៍នេះថា «តម្ពក់រនាស់»។ ជាមួយគ្នានោះ ក្រៅពីប្រើសម្រាប់ថ្ពក់លើករនាស់ គឺគេក៏ប្រើសម្រាប់គោះឬចាក់តិចៗទៅលើគោឲ្យវាដើរទៅមុខផង។
ពិតមែនតែតម្ពក់រនាស់មានតួនាទីសំខាន់ដូចជម្រាបខ្លីពីខាងលើ តែគេក៏អាចប្រើការបានផ្សេងៗទៀតខ្លះដែរ។ យើងតែងសង្កេតឃើញក្មេងៗឃ្វាលគោនៅតាមជនបទនានាខ្លះកាន់តម្ពក់រនាស់រៀងៗខ្លួន ចេញទៅឃ្វាលគោតាមទីវាលទាំងឡាយ (រូបលេខ៥, ថតដោយលោកស៊ីយ៉ុន សុភារិទ្ធ)។ អ្នកឃ្វាលគោប្រើឧបរណ៍នេះសម្រាប់ជន្ល ឬកៀស ឬមួយកៀងគោឲ្យដើរចូលហ្វូងឬត្រូវតាមជួរតាមគន្លង កុំឲ្យវាចេញបែកគ្នាប្រសេចប្រសាចខុសរបៀបរបបជាដើម។ ក្មេងឃ្វាលគោខ្លះទៀតប្រើតម្ពក់រនាស់ដើម្បីពុនកញ្ចប់បាយនិងដបទឹក (បើពីមុនគឺបាយសំណុំនិងទឹកបំពង់) សម្រាប់ទទួលទានពេលទៅឃ្វាលគោនៅទីឆ្ងាយៗពីភូមិ។
ក្មេងៗឃ្វាលគោនៅតាមវាលខ្លះដែលមានគ្នាច្រើន ក្រោយពីលែងសត្វគោឲ្យវាស៊ីស្មៅរៀងៗខ្លួនហើយ គេតែងនាំគ្នាលេងល្បែងកម្សាន្តផ្សេងៗកែអផ្សុកតាមទម្លាប់ក្មេងប្រុសៗទាំងពួង។ ក្នុងនោះមានល្បែងម្យ៉ាងគេហៅថា «វាយកូនគោល» ឬអ្នកស្រុកខ្លះទៀតហៅថា «វាយកូនប្រដំ»។ ល្បែងវាយកូនគោលតែងមានគ្នា២ក្រុម ដេញប្រជែងវាយកូនគោលដែលធ្វើពីគ្រាប់ត្នោតទុំ ឬធ្វើពីដុំឈើរលួស, ឈើរកា... បណ្តើរឲ្យកូនគោលនោះចូលទីរបស់ភាគីម្ខាង។ ឈើឬដំបងដែលត្រូវប្រើសម្រាប់វាយកូនគោលរបស់ក្មេងៗគង្វាលទាំងឡាយ គឺគ្មានអ្វីក្រៅពីតម្ពក់រនាស់ដែលក្មេងៗទាំងនោះកាន់យកមកពីផ្ទះរៀងៗខ្លួនតាមទម្លាប់រាល់ថ្ងៃរបស់គេឡើយ (រូបលេខ៦-៧, ថតដោយលោកស៊ីយ៉ុន សុភារិទ្ធ)។
នៅអត្ថបទលេខរៀងទី២៧ ក្នុងជំពូក២ នៃវែបសាយ ឬសៀវភៅលេខ៣របស់យើងនេះ គឺលោកស៊ីយ៉ុន សុភារិទ្ធ បាននិយាយរៀបរាប់ខ្លះៗអំពី «វាយកូនគោល» ម្តងមកហើយដែរ។ នៅទីនេះខ្ញុំលើកយកមកនិយាយឡើងវិញខ្លះ ដើម្បីរួមផ្សំនឹងគំនិតរបស់ខ្ញុំដែលបង្ហាញអំពីឧបករណ៍តម្ពក់រនាស់ ដែលហាក់ដូចជារបស់ម្យ៉ាងនៅជាប់នឹងជីវិតក្មេងគង្វាល ឬអ្នកស្រុកជនបទប្រកបការងារធ្វើស្រែ។ ឧបករណ៍នេះពុំមែនមាននៅត្រឹមតែក្នុងសម័យបច្ចុប្បន្នដូចបានរៀបរាប់មកពីខាងលើប៉ុណ្ណោះទេ គឺសូម្បីតែក្នុងរូបចម្លាក់នៅតាមប្រាសាទបុរាណខ្មែរ ក៏ឃើញមានបង្ហាញពីអ្នកឃ្វាលគោកាន់តម្ពក់រនាស់នៅនឹងដៃរៀងៗខ្លួនដូច្នេះដែរ (រូបលេខ៨ ជាចម្លាក់នៅអង្គរវត្ត ដើមស.វ.ទី១២)។ តាមពិតទៅ ចម្លាក់នោះនិយាយអំពីព្រះឥន្ទ្របង្អុរភ្លៀងផ្គររន្ទះបោកបក់មកលើអ្នកគង្វាលទាំងឡាយ ហើយព្រះក្រឹស្ណាក៏លើកភ្នំគោវធ៌នបាំងការពារកុំឲ្យមានគ្រោះថ្នាក់មកដល់អ្នកឃ្វាលគោទាំងពួង។ រឿងនេះជាទេពកថាក្នុងសាសនាព្រាហ្មណ៍ ដែលខ្មែរជ្រួតជ្រាបតាមអារ្យធម៌ឥណ្ឌាមកយ៉ាងហោចណាស់ក៏តាំងពីស.វ.ទី៦ដែរ។ មានចម្លាក់បុរាណនៅច្រើនកន្លែងដែលគេបង្ហាញរូបអ្នកឃ្វាលគោកាន់តម្ពក់រនាស់ក្នុងសាច់រឿងដូចពោលខាងលើ។ បើយកតែចម្លាក់នៅអង្គរវត្តមួយមកពិនិត្យត្រួសៗ ក៏គង់នឹងឃើញមានមួយចំនួនដែរ ហើយខ្ញុំសូមជូនជាឧទាហណ៍បន្ថែម គឺពីរូបលេខ៩ដល់១១។
សរុបសេចក្តីមក តម្ពក់រនាស់ ពិតមែនតែជារបស់សាមញ្ញនៃអ្នកប្រកបការងារធ្វើស្រែ ហើយដែលយើងមើលមួយភ្លែតទៅ មិនគួរជាទីចាប់អារម្មណ៍អ្វីទេ។ ប៉ុន្តែបើតាមដានទៅ យើងឃើញថា វាជាប្រភេទឧបករណ៍ម្យ៉ាង ដែលមានមកក្នុងសង្គមខ្មែរយូរយារវែងឆ្ងាយ ហើយហាក់ដូចជាវត្ថុបញ្ជាក់អត្តសញ្ញាណនៃអ្នកឃ្វាលគោទៀតផង។