ដោយ ហ៊ួន សាវង និង អាន រស្មី
កាលណាយើងឮពាក្យថា «តាំងម៉ែ» យើងតែងនឹកគិតទៅដល់ស្ករត្នោតដែលគេកូរលើភ្លើងឲ្យឡើងក្រហមស្អិតល្មួត រួចចាក់ក្នុងស្រទបចេក ឬដោតចង្កាក់ ទុកឲ្យត្រជាក់រឹង ដើម្បីឲ្យក្មេងកាន់ហូបលេង។ ជួនកាលទៀតគេកូរស្ករតាំងម៉ែបៀកលើបាយក្រៀមជានំទទួលទានលេងកំដរមាត់។ មានតាំងម៉ែមួយប្រភេទទៀតធ្វើពីស្រូវហៅថា «តាំងម៉ែស្រូវ» ដែលរបៀបធ្វើមានច្រើនដំណាក់ជាងតាំងម៉ែស្ករធម្មតា។ តាំងម៉ែនេះមានរសជាតិផ្អែមឡមៗ ហើយអាចរក្សាទុកបានយូរដោយដាក់ក្នុងកែវបិទជិត។ ចំណីនេះគេធ្វើគ្រាន់ទទួលទានសម្រន់ពេលនឿយហត់ ក្នុងពេលដងស្ទូងច្រូតកាត់ជាដើម។
ខាងក្រោមនេះជារបៀបធ្វើតាំងម៉ែស្រូវ របស់គ្រួសារមួយនៅភូមិកងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគេធ្វើទុកហូបក្នុងគ្រួសារផងនិងលក់ដូរខ្លះផង។ ដំបូងគេយកស្រូវ១កញ្ជើ (រូបលេខ១) លាងទឹកសម្អាតឲ្យអស់សំដី រួចយកទៅត្រាំទឹកមួយយប់។ ថ្ងៃបន្ទាប់ គេត្រូវយកស្រូវនោះទៅបណ្តុះដោយផ្ទេរដាក់ក្នុងកញ្ជើថ្មីមួយទៀតដោយមានទ្រាប់ស្លឹកចេកពីក្រោមនិងគ្របពីលើឲ្យជិតផង។ គេត្រូវឧស្សាហ៍ស្រោចទឹកពីរឬបីដងក្នុងមួយថ្ងៃ ដោយទុកកញ្ជើស្រូវនៅកន្លែងស្ងួត និងដាក់ឲ្យត្រូវពន្លឺនៅពេលព្រឹក ហើយក្នុងម្លប់វិញពេលរសៀល។ ដំណាក់កាលបណ្តុះនេះត្រូវការពេលរវាង១អាទិត្យ ឬលើសនោះ រហូតទាល់តែស្រូវដុះដើមលូតប្រវែងមួយចង្អុលដៃ(រូបលេខ២)។
គេយកដើមស្រូវបណ្តុះ មកជជុះរាយហាលថ្ងៃឲ្យស្ងួត ដូចឃើញនៅរូបលេខ៣។ ឯរូប លេខ៤ បង្ហាញពីដើមស្រូវស្ងួតក្រោយហាលអស់រវាង២ថ្ងៃ។ ក្នុងការងារបន្ទាប់ គេយកដើមស្រូវស្ងួតនោះមកបុកក្នុងត្បាល់ឲ្យបែកល្អិត តែមិនម៉ត់ផង់ទេ ដូចឃើញក្នុងរូបលេខ៥-៦។ បន្ទាប់មកគេត្រូវដាំបាយដំណើបក្នុងខ្ទះត្នោតទុកចោលមួយយប់ (រូបលេខ៧)។ សូមបញ្ជាក់ថាបាយដំណើបនោះ ត្រូវដាំ១៥គីឡូអង្ករ ដើម្បីតម្រូវទៅចំណុះស្រូវបណ្តុះ១កញ្ជើដែលមានទម្ងន់៦គីឡូ។ ឯតាំងម៉ែស្រូវដែលបានមកគឺរវាង១០គីឡូ។
ថ្ងៃបន្ទាប់ទើបគេយកដើមស្រូវដែលបុករួចមកចាក់ក្នុងខ្ទះច្របល់លាយគ្នាជាមួយបាយដំណើបដោយថែមទឹកបន្តិច (រូបលេខ៨-៩)។ រួចមកទើបគេដុតភ្លើងគុកកម្តៅល្បាយក្នុងខ្ទះឲ្យក្តៅល្មមតែល្បាយនោះចេញជាតិផ្អែមមកក្នុងទឹក។ រសផ្អែមនោះចេញមកពីបាយនិងស្រូវ ហើយគេហៅថា «ព្រះមេ»។ គេត្រូវឧស្សាហ៍កូរដើម្បីកុំឲ្យបាយខ្លោចនៅបាតខ្ទះ (រូបលេខ១០)។
ក្រោយកូរល្បាយលើគុកភ្លើងមួយសន្ទុះមក គេត្រូវដួសល្បាយនោះចាក់ទៅក្នុងធុងមួយដោយដាក់ ស្បៃត្រង ដ្បិតក្នុងដំណាក់កាលនេះគេច្រោះយកតែទឹកប៉ុណ្ណោះ(រូបលេខ១១)។ កាកល្បាយដែលច្រោះរួច គេទុកឲ្យជ្រូកឬមាន់ស៊ី។ ក្រោយមកទើបគេយកទឹកនោះទៅរម្ងាស់ក្នុងខ្ទះត្នោតមួយទៀត (រូបលេខ ១២-១៣)។ គេត្រូវកូររម្ងាស់យូរប្រហែល៣ម៉ោងដរាបទាល់តែទឹកហួតអស់ហើយនៅសល់តែក្រាមស្ករនៅបាតខ្ទះ ហៅថា «តាំងម៉ែស្រូវ» ដូច្នេះ (រូបលេខ១៤)។
តាំងម៉ែស្រូវនេះ តែកាលណាត្រូវខ្យល់ងាយនឹងរឹងកកមួយរំពេច ។ ហេតុនេះគេត្រូវប្រញាប់ដួសភ្លាមៗពេលនៅក្តៅ ដាក់ក្នុងកែវបិទគម្របឲ្យជិត ដូចឃើញនៅរូបលេខ១៥។