ដោយ វណ្ណ វិរៈបុត្រ
ដូចយើងដឹងស្រាប់ សាជីតែងមានរាងមូលក្រឡូម ស្រួចទៅលើ ហើយជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងរយៈពេលណាមួយ ។ ជាប្រពៃណីរៀងមក សាជីតែងមានគ្រប់ទីកន្លែង មិនថានៅតាមផ្ទះឬវត្តអារាម មិនថាសម្រាប់អាហាររាល់ថ្ងៃ ឬពេលមានបុណ្យទានឡើយ (រូបលេខ១-៤)។
ក្នុងកិច្ចពិធីក៏ឃើញមានប្រើសាជីខ្លះៗដែរ ដូចឃើញនៅរូបលេខ៥ដែលស្រង់មកពីមង្គលការមួយ។ សាជីប្រើជាលក្ខណៈក្នុងកិច្ចនេះមានច្រើនទៅទៀត។ រូបលេខ៦ បង្ហាញពីព្រះរាជពិធីមួយដែលប្រារព្ធធ្វើនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ ព្រះមហាក្សត្រីយានីគង់នៅជិតតុដែលតម្កល់គ្រឿងសក្ការៈ ហើយនៅចុងតុនោះក៏មានជើងពានមួយដែលគ្របដោយសាជី។ រូបលេខ៧ជាគ្រឿងសក្ការៈដែលមន្រ្តីតូចធំយកមកថ្វាយព្រះមហាក្សត្រ។ ក្នុងនោះមានទៀន, ទឹកអប់ និងផ្កាម្លិះដាក់ក្នុងកន្ទោងដែលមានសាជីគ្របពីលើ។
វត្ថុធាតុប្រើសម្រាប់ធ្វើសាជីនេះតែងខុសៗគ្នាទៅតាមតម្រូវការ។ ប្រើគ្រាន់តែធ្វើដើម្បីគ្របអាហារមួយពេលឬពីរពេលហើយចោល ផ្ទាំងដែលពាសនោះអាចជាក្រដាសឬស្លឹកចេកជាដើម។ បើទុកប្រើឲ្យបានវែងឆ្ងាយជាងនោះ គេប្រើរុក្ខជាតិអ្វីមួយដែលជាប់ជាងនេះមានស្លឹកត្នោត, ឫស្សី ឬក៏ស្លឹកអ្វីទៀតដែលមាននៅតាមបរិស្ថានតំបន់នីមួយៗ។
នៅទីនេះខ្ញុំសូមយករបៀបធ្វើសាជីមួយមកបង្ហាញ ដោយសង្ខេបខ្លីល្មម ហើយដែលខ្ញុំបានទៅមើលគេធ្វើនៅភូមិមួយក្នុងស្រុកកោះធំ។ ក្នុងការធ្វើនេះគេផ្តើមពុះឫស្សី យកមកបិតឲ្យបានស្តើងល្អដោយប្រើកាំបិតបន្ទោះ (រូបលេខ៨) គេរែងបន្ទះស្តើងតូចៗនេះឲ្យជាប់គ្នាបន្តិចសិន (រូបលេខ៩) ទើបចាប់កពីកំពូលមកមុន ដោយមានដុំឈើដែលមានចុងស្រួចជាទ្រនាប់ (រូបលេខ១០-១២)។ គេត្រូវប្រយ័ត្នពីការកដំបូងនេះ ដ្បិតវាអាចវៀចឬខុសគោម។ លុះបានជាកំពូលស្រួចបន្តិច ហើយ គេប្តូរទ្រនាប់ដែលមានរូបរាងធំដើម្បីត្បាញបន្តទៀត (រូបលេខ១៣)។
គេបន្តត្បាញរហូតដល់បានរាងសាជីទាំងមូល រួចហើយកាត់តម្រឹមបន្ទោះឫស្សីដែលជាបាតនោះឲ្យស្មើគ្នា មុននិងចាប់ ក្តាប់បាតសាជីនោះ។ កណ្តាប់នេះគេធ្វើតាមក្បាច់មួយហៅថា «ជើងក្អែប» (រូបលេខ១៤)។ និយាយរៀបរាប់មកនេះគឺបានរួចរាល់រូបរាងសាជី តែនៅខ្វះកំពូល។ ឈើដែលមកធ្វើជាកំពូលភាគច្រើនគឺ គគីរ និងប្រេងខ្យល់។ កំពូលនេះពិបាកធ្វើជាងតួសាជី ដ្បិតគេត្រូវក្រឡឹងដោយប្រើអន្ទោក (រូបលេខ១៥)។
ឧបករណ៍ដែលចាំបាច់មួយទៀតនោះគឺពន្លាកច្រើនប្រភេទខុសៗគ្នា (រូបលេខ១៦)។ ក្រឡឹងក្នុងអន្ទោកនោះ ជើងត្រូវជាន់ ហើយដៃស៊កពន្លាកចូល រួចដូរពន្លាកទៅតាមមុខរបស់វាដែលយើងត្រូវការ (រូបលេខ១៧)។ មកដល់ត្រឹមនេះគឺរួចរាល់ទាំងសាជីនិងកំពូល ប៉ុន្តែដើម្បីភ្ជាប់គ្នា ត្រូវយកដែកមកខៃផ្នែកខាងក្រោមនៃកំពូលនោះឲ្យធ្លុះ ទើបយកឫស្សីវាយជាគន្លាស់បញ្ជូលឲ្យជាប់ជាមួយសាជីតែម្តង។ រូបលេខ១៨បង្ហាញពីសាជីដែលមានទំហំពីរខុសគ្នា។