ដោយ អាំង ជូលាន និង ភឹង តារា
ពាក្យថា «ទ្រូ» នេះគ្រាន់តែខ្ចីពាក្យដែលមានហើយយកមកប្រើប៉ុណ្ណោះ ដ្បិតឧបករណ៍ជាអន្ទាក់ដាក់យកកំពឹសនៅទីនេះជាវត្ថុដែលច្នៃពីរបស់មានស្រាប់ឲ្យមានមុខងារថ្មី ហើយដែលយើងខ្ញុំប្រទះឃើញនៅភូមិមួយក្នុងតំបន់អង្គរ (រូបលេខ១)។ ដើម្បីបានទ្រូមួយ គេត្រូវប្រើដបជ័រផ្លាស្ទិកពីរ។ ដបមួយជាដបប្រេងឆាដែលមានចំណុះប្រាំលីត្រ ប្រើសម្រាប់ផ្ទុកកំពឹសដែលរត់ចូលក្នុងនោះ។ ដបមួយទៀតជាដបទឹកសុទ្ធតូចដែលគេកាត់យកតែផ្នែកលើខាងមាត់វា ហើយបំបែកឲ្យបានសន្លឹកបួននៅខាងចុងមកប្រើ។ គេចោះខ្លួនដបធំឲ្យបានរង្វង់មូលមួយល្មមនឹងញាត់កដបតូចចូលទៅបាន។ លុះញាត់មាត់ចូលទៅក្នុងហើយ គេបត់សន្លឹកបួននោះមកក្រៅផ្អោបជាប់នឹងដបធំ។ ដើម្បីភ្ជាប់ គេយកកូនដែកស្រួចអ្វីមួយតូចមកកំដៅ ហើយរុញលើជ័រផ្លាស្ទិកពីរបន្ទះផ្សេងគ្នាឲ្យជាប់គ្នា ដ្បិតជ័រត្រូវក្តៅចេញមកពីដែកនោះក៏រលាយចូលគ្នាភ្លាម។ នេះហើយជាទ្វារបើកផ្លូវឲ្យកំពឹសចូលទៅក្នុងដបធំ ដោយសារក្លិននុយនៅក្នុងទាក់ទាញ។ រីឯទ្វារនោះសោតក៏បើកចំហរហូត គ្មានប្រឹសអ្វីមួយបិទដូចទ្រូដាក់ត្រីទេ (រូបលេខ២)។ ទ្រូនីមួយៗតែងមានឈើឬឫស្សីតូចស្តើងចងភ្ជាប់ជាមួយ សម្រាប់ ដោតឲ្យដបឈរនៅក្នុងទឹក ដូចមានបង្ហាញលើគោកឲ្យងាយយល់នៅរូបលេខ៣។ ត្រង់កន្លែងម្រាមដៃច្បិចនោះគឺជាកំពស់មាត់ទឹក។
ឯនុយវិញក៏មិនដឹងថាអាចមានប៉ុន្មានបែបឡើយ តែដែលយើងខ្ញុំបានប្រទះឃើញនោះ គឺគេយកកន្ទក់មកលីងឲ្យចេញក្លិនឈ្ងុយបន្តិច (រូបលេខ៤) ទើបថែមប្រេងបន្តិចបន្តួច មិនឲ្យជោកជាំទេ ហើយលាយជាមួយប្រហុក (រូបលេខ៥)។ ក្លិនធុំដោយច្រមុះមនុស្សដូចជាស្អុយបន្តិចដែរ តែកំពឹសវិញច្បាស់ជាត្រូវមាត់ខ្លាំងណាស់បានជាខំត្រសុលរុកមករក។ គេយកនុយនេះបញ្ចូលទៅក្នុងមាត់ដែលនៅទទឹងដបដូចទើបនឹងពោលមក ក្នុងកម្រិតប្រមាណមួយស្លាបព្រាបាយក្នុងមួយដប (រូបលេខ៦-៧)។
គេយកទ្រូទាំងនេះទៅដាក់នៅត្រពាំងឬទឹកណាដែលរាក់ នៅពេលខែប្រាំង ដោយដោត ឈើឬឫស្សីដែលបង្ហាញនៅរូបលេខ៣ទៅបាតដី ឃ្លាតគ្នាប្រមាណ៣ម៉ែត្រពីមួយទៅមួយ (រូបលេខ៨)។ ដោតនោះគឺពេលល្ងាចមុនថ្ងៃលិច ហើយទាល់តែព្រឹកព្រហាមស្អែកឡើងទើបទៅដកស្រង់យកមក។ បរិមាណកំពឹសនៅរូបលេខ៩ប្រហែលត្រូវនឹង១/៣ ឬ១/៤នៃកំពឹសទាំងអស់ដែលជាប់ក្នុងទ្រូចំនួនប្រមាណ២០។