ប៉ៅថ្នាំ

ដោយ គង់ វីរៈ

នៅសម័យទំនើបនេះសង្គមមនុស្សវិវឌ្ឍន៍លឿនណាស់។ ខ្ញុំពុំធ្វើការវិនិច្ឆ័យលើការវិវឌ្ឍន៍នោះទេ គ្រាន់នៅតាមដងទន្លេ ជាពិសេសមាត់ទន្លេធំដែលឆ្លងកាត់ខេត្តកំពង់ចាមនិងក្រចេះ គេតែងប្រទះឃើញចម្ការថ្នាំជក់ប្រភេទផ្សេងៗ ដូចធ្លាប់មាននិយាយពីមុនខ្លះៗហើយនៅក្នុងបណ្តាញ ពត៌មានវប្បធម៌ខ្មែរនេះដូចជាត្រង់ជំពូកទី១ លេខរៀងទី៤២ និង៤៧ជាដើម។ នៅទីនេះវិញ ខ្ញុំពុំនិយាយពីដំណាក់កាលដើមដែលដាំ ឬក៏ដែលបន្ទាប់មកគេកាច់ស្លឹកថ្នាំយកទៅចំហុយឲ្យបានជាស្លឹកស្ងួត ដូចឃើញនៅរូបលេខ១នោះទេ គឺខ្ញុំនិយាយពីដំណាក់កាលដែលគេហាន់សន្លឹកថ្នាំខ្មែរ ឬហៅម្យ៉ាងទៀតថាថ្នាំខ្លាំងនោះទៅជាសរសៃរួចហើយ (រូបលេខ២) យកមករៀបចំឲ្យទៅជាដុំបន្ទះៗហៅថា «ប៉ៅ»។ ឧទាហរណ៍ បង្ហាញនៅទីនេះបានមកពីភូមិមួយក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

រូបលេខ៣ បង្ហាញពីទិដ្ឋភាពទូទៅនៃផ្ទះមួយដែលរកស៊ី «ប៉ៅថ្នាំ» ពោលគឺយកសរសៃថ្នាំមករៀបចំនិងកៀបរឹតឲ្យទៅជាបន្ទះទំហំស្មើៗគ្នា។ មើលតែរូបនេះទៅក៏យល់ហើយថា សិប្បកម្មប្រភេទនេះ ទោះបីពុំមែនជាខ្នាតធំក៏ដោយ ក៏ច្បាស់ជាតម្រូវឲ្យមានការជួលកម្មករជួយធ្វើការងារដែរ។ នៅរូបលេខ៤ យើងឃើញគេកំពុងជជុះឲ្យសរសៃថ្នាំរាយធូរបន្តិច។ នៅរូបលេខ៥-៧ គេយកថ្នាំដែលរាយហើយនោះមករៀបនឹងដៃឲ្យចេញជាស្រទាប់នៅលើកំណាត់សំពត់ ដែលខ័ណ្ឌគ្នាពីស្រទាប់មួយទៅស្រទាប់មួយ។ បន្ទាប់មកគេយកដុំស្រទាប់ទាំងមូលនោះទៅកៀបរឹតនឹងអង្គំម្យ៉ាង ដែលមានពុម្ពជាប្រអប់ក្រោមរាងបួនជ្រុងទ្រវែង សម្រាប់ដាក់ថ្នាំ (រូបលេខ៨)។ ទាល់តែកៀបដូច្នេះហើយ ទើបគេបកយកកំណាត់សំពត់ចេញ (រូបលេខ៩) ព្រោះពេលនោះថ្នាំមួយស្រទាប់ៗក្លាយទៅជាបន្ទះហើយ។ ធ្វើដូច្នោះរួចទើបគេបត់បន្ទះថ្នាំនោះឲ្យទៅជាដុំៗដាច់ពីគ្នា ហៅថាមួយប៉ៅៗ និងរៀបទុកដាក់យ៉ាងមានរបៀបរៀបរយ(រូបលេខ១០-១១)។