ដោយ អឹុម សុខរិទ្ធី
នាបច្ចុប្បន្ននេះ មុខរបរធ្វើទូកតាមទម្លាប់និងបច្ចេកទេសដែលធ្លាប់មានពីមុនមក ហាក់ដូចជាធ្លាក់ចុះ ជាលំដាប់។ បើនៅមានសល់ក៏មានតិចតួច មិនសម្បូណ៌ដូចពីមុនឡើយ ហើយនៅទីនេះខ្ញុំយកឧទាហរណ៍ជាងទូកម្នាក់ដែលនៅស្វិតស្វាញនឹងមុខរបរនេះមកបង្ហាញ។
លោក ពិន ប៉ិក មានអាយុ៥៧ឆ្នាំ រស់នៅស្រុកពួក ក្នុងខេត្តសៀមរាប ប្រកបមុខរបរធ្វើទូកនេះជាង ៣០ឆ្នាំហើយ (រូបលេខ១)។ កាលណាអ្នកស្រុកនិយាយពីគាត់ គេថាតែ «ជាងទូក» ប៉ុណ្ណេះក៏យល់គ្នាហើយ ម្យ៉ាងទៀតអ្នកខ្លះមិនទាំងស្គាល់ឈ្មោះគាត់ផង។ ពីដំបូងជាងទូកនេះធ្វើទូកនៅដីផ្ទះគាត់ផ្ទាល់ តែម្តង គឺផ្ទះដែលនៅខាងត្បូងផ្សារពួក។ លុះក្រោយមក ដើម្បីកុំឲ្យគេពិបាករក គាត់ផ្លាស់មកធ្វើនៅមុខផ្ទះគេ នៅខាងត្បូងជាប់នឹងមាត់ថ្នល់ជាតិលេខ៦ ខាងលិចវត្តខ្នាត។ បើនិយាយម្យ៉ាងទៀតគឺនៅខាងត្បូងប្រាសាទព្រៃក្មេង ដែលស្ថិតនៅខាងលិចបារាយទឹកថ្លា ក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក។ ជាងប៉ិកធ្វើទូកនៅកណ្តាលវាល គ្មានដំបូលជ្រក ឬរោងអ្វីទេ គឺថានៅក្រោមដើមអំពិលបារាំងមួយ (រូប លេខ២-៣)។
ទូកដែលជាងប៉ិកផលិត ជាប្រភេទទូកដែលអុំឬចែវដោយដៃ គឺពុំសម្រាប់ដាក់ម៉ាស៊ីនឡើយ។ ពាក្យហៅជាទូទៅគឺ «ទូកខ្មែរ» (រូបលេខ៤)។ សូមជ្រាបថាប្រភេទទូកខ្មែរនេះចែកចេញជាប្រភេទតូចៗទៅទៀត ដូចជា «ទូកកំរោល», «ទូកផ្កាចារ», «ទូកង» ជាដើម។ ទូកដែលជាងប៉ិកធ្វើ ករឡើងពីក្តារច្រើនបន្ទះ រាងកោងនៅក្បាលនិងកន្សៃ។ បើទូកនេះតូច ក្តារមាន៥បន្ទះ ហើយនីមួយៗប្រវែងប្រមាណ៣ម៉ែត្រ។ នេះគឺមិនរាប់គែមលើទេ។ បើធំជាងនោះ ក្តារអាចមាន៧បន្ទះ ប្រវែង៥ម៉ែត្រ, ៩បន្ទះ ប្រវែង៧ម៉ែត្រ, ១១បន្ទះ ប្រវែង៩ម៉ែត្រ ឬរហូតដល់១៥បន្ទះ ប្រវែងពី១១-១៣ម៉ែត្រ។
រូបលេខ៤
ទូកផ្កាចារមានរាងកោងដូចនឹងត្របកផ្កាចារ បើមើលរូបឆ្លាក់នៅតាមជញ្ជាំងប្រាសាទបុរាណក៏គេប្រទះរូបទូករបៀបនេះដែរ។ នៅរូបលេខ៥ ដែលថតនៅរោងទងខាងក្នុងនៃប្រាសាទបាយ័ន្ត យើងឃើញទូកយ៉ាងខ្លីមួយដែលមានម្នាក់អុំ និងម្នាក់ទៀតគ្រាន់តែជិះ។ រូបលេខ៦ ដែលថតនៅជិតនោះ បង្ហាញប្រភេទទូកតែមួយ តែហាក់ដូចជាវែងជាងមុនបន្តិច ហើយមានបំពាក់រោងជាបុស្បុកមួយផង។
ជាទូទៅជាងប៉ិកធ្វើទូកតែម្នាក់ឯងទេ តែម្ដងម្កាលមានកូនពីរនាក់មកជួយដែរ ថ្វីត្បិតតែអ្នកទាំងពីរមិនសូវចូលចិត្តរបរនេះ ដោយសារយល់ថាធ្វើអ្វីទាក់ទងនឹងទេសចរណ៍ប្រសើរជាង។
បើនិយាយពីឈើដែលយកមកប្រើ ពីមុនមកប្រើតែឈើគគីរមួយមុខគត់ ប៉ុន្តែសព្វថ្ងៃនេះឈើល្អកាន់តែខ្សត់ទៅៗ ជាងប៉ិកយកឈើពពេលមកប្រើធ្វើជាក្បាលនិងកន្សៃ (រូបលេខ៧)។ រីឯឈើនោះជាងត្រូវទៅរកដល់កន្លែងលក់នៅក្រុងសៀមរាប។ ឯឧបករណ៍វិញ ដែលចាំបាច់ជាងគេនោះគឺដឹង តែប្រើពូថៅជាជំនួយខ្លះៗដែរ (រូបលេខ៨)។ លុះដល់ត្រូវរំលីងទើបប្រើម៉ាស៊ីនឈូសនិងខាត់។ នៅរូបលេខ៩ យើងឃើញទូកមួយចំនួនដែលរំលីងរួចហើយ។
រូបលេខ៩
ទូកអម្បាលម៉ានដែលជាងប៉ិកធ្វើនេះ គេយកទៅប្រើប្រាស់ច្រើនបែបយ៉ាង គឺថាមិនត្រឹមតែយកទៅអុំតាមទឹកទេ គឺជួនកាលគេទិញយកទៅដាក់តាំងតាមផ្ទះ ឬសណ្ឋាគារ។ ជួនកាលទៀត ភោជនីយដ្ឋានខ្លះ គេបញ្ជាឲ្យធ្វើទូកទំហំតូចដើម្បីយកទៅប្រើជាស្ពកដាក់អាហារ។