បុកម្ទេសត្រី

ដោយ ខៀវ ច័ន្ទ និង ស៊ុយ សុភីត

«បុក» គេចាត់ទុកថាជាប្រភេទម្ហូបមួយដែលតម្រូវឲ្យបុកក្នុងត្បាល់ដូចពាក្យហៅដូច្នេះឯង។ នៅជំពូក២, លេខរៀងទី៦៣គេឃើញមាននិយាយពីប្រភេទម្ហូបនេះដែរ ហើយហៅថា «បុកល្ហុង»។ បើគិតជាគោលការណ៍ម្ហូប ឃើញថាគ្មានអ្វីខុសគ្នាជាមូលដ្ឋានឡើយ ដែលខុសនោះគឺខុសគ្រឿងគ្រៅឬបន្លែដែលប្រើជាអន្លក់ជាដើម។ ម្ហូបនេះជាប្រភេទម្ហូបគោក ថ្វីដ្បិតតែមិនក្រៀមក្រោះសុទ្ធសាធក៏គេងាយនឹងខ្ចប់វេចតាមខ្លួនពេលធ្វើដំណើរដែរ។

ម្ហូបបុកដែលយើងខ្ញុំនឹងបង្ហាញនេះយើងបានប្រទះឃើញគេធ្វើនៅភូមិមួយក្នុងខេត្តបន្ទាយមានជ័យ។ គ្រឿងផ្សំទាំងអស់រួមមាន ៖ ត្រីផ្ទក់មួយ, ស្វាយខ្ចីមួយផ្លែ, ខ្ទឹមស, ខ្ទឹមក្រហម, ប្រហុក, អំបិល, ស្ករ និងប៊ីចេង។ ឯរបៀបធ្វើគឺគេយកត្រីទៅអាំងឲ្យឆ្អិនល្អ (រូបលេខ១) រួចទើបកោសស្រការនិងយកឆ្អឹងចេញឲ្យអស់ទុកតែស្បែកនិងសាច់យកទៅចិញ្ច្រាំ (រូបលេខ២-៣)។ ក្រោយពីបកសម្បកខ្ទឹមសខ្ទឹមក្រហមនិងបេះទងម្ទេសចេញស្អាតសព្វគ្រប់ហើយ គេយកបីមុខនេះទៅលីងក្នុងឆ្នាំងឲ្យស្ងួតស្លោកល្មមចេញក្លិនឈ្ងុយល្អ (រូបលេខ៤) ហើយទើបយកទៅបុកឲ្យហ្មត់មួយអន្លើសិន។ គ្រឿងមួយទៀតដែលសំខាន់គឺប្រហុក។ សូមជម្រាបថាអ្នកខ្លះនិយមយកទៅចម្អិនមួយសាសិន ឯនៅទីនេះវិញគឺគេយក ប្រហុកឆៅទៅចិញ្ច្រាំតែម្តង (រូបលេខ៥-៦) ហើយទុកមួយអន្លើទៀត។ គេយកស្វាយមកចិតសម្បកហើយសាប់ (រូបលេខ៧) ទើបយកវត្ថុទាំងអស់នេះ (សាច់ត្រី, ស្វាយ, ប្រហុក, និងក្រុមខ្ទឹម) មកបុកក្នុងត្បាល់ជាមួយគ្នា (រូបលេខ៨)។ ពេលនោះហើយដែលគេថែមស្ករ, អំបិល និងប៊ីចេងជាបញ្ចប់។ លទ្ធផលនោះមានបង្ហាញនៅរូបលេខ៩។ ចំពោះបន្លែដែលប្រើជាអន្លក់វិញមិនមានក្បួនច្បាប់កម្រិតទៀងទាត់ឡើយ គឺអាស្រ័យតាមអ្វីដែលរកបាន។ នៅទីនេះ (រូបលេខ១០) គេឃើញមានក្ទម្ពទេស, សណ្តែក បណ្តុះ, ត្រប់ស្រួយ, ផ្ទី, ស្នៀតពោត, ស្អំ, ត្រួយស្មាច់ជាដើម ក្នុងនោះខ្លះឆៅខ្លះឆ្អិន។

រូបទី១០