ដោយ ក. ជុំ សុវណ្ណមាលា
ឧបករណ៍ប្រើប្រាស់រាល់ថ្ងៃដែលធ្វើពីលោហៈទោះបីជាមានការនាំចូលជាផលិតផលឧស្សាហកម្មមកពីក្រៅក្តី ក៏នៅតែផលិតក្នុងស្រុកតាមកម្រិតខុសគ្នាដែរ។ ដូច្នេះជាងដែកមាននៅគ្រប់ទិសទីក្នុងប្រទេសកម្ពុជា។ បើយើងចែកជាទំហំការងារ នាងខ្ញុំ យល់ថាកម្រិតឬទំហំនោះមានបី។
១. ជាងដែកនៅតាមភូមិ៖ តាមទីជនបទនានាមិនដែលអត់មានជាងដែកទេគឺថាក្នុងពីរឬបីភូមិតែងមានជាងដែកម្នាក់ដែរ។នាងខ្ញុំពុំនិយាយឧបករណ៍ចាំបាច់បំផុតក្នុងជីវិតរាល់ថ្ងៃនៃអ្នកស្រុកទាំងនោះដូចជាជ្រនីក, ចប, កាំបិតព្រា, ផ្គាក់។ល។ ទេត្បិតនេះជាវត្ថុដែលអ្នកស្រុកតម្រូវឲ្យធ្វើ ឬឲ្យច្រុងជាប្រចាំ។ រូបលេខ១ បង្ហាញពីផ្លែ ពូថៅចាស់ដែលគេយកមកតមុខដើម្បីបានប្រើប្រាស់តទៅទៀត។ ជាងនៅតាមភូមិផលិត ឬកែឆ្នៃឧបករណ៍គ្រប់បែបយ៉ាងតាមតែតម្រូវការរបស់អ្នកស្រុក។ នៅរូបលេខ២ យើងឃើញប្រណាក ដែលគេមកជួលឲ្យធ្វើតែមួយនោះឯង។ រូបលេខ៣ បង្ហាញពីមនុស្សនៅភូមិមួយ ដែលមានអ្នកត្បាញកន្ទេលរំចេក ហើយតម្រូវឲ្យមានឧបករណ៍ពិសេសសម្រាប់តែការងារនោះ គឺកូនកាំបិតយ៉ាងសង្ហារ ដូចឃើញនៅរូបលេខ៤។ រូបលេខ៥-៦ ក៏នៅក្នុងករណីនេះដែរ គឺជាងនៅភូមិមួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទន្លេ សាប កំពុងដំដែកទាមហៅថា «មាត់ភ្លើង» សម្រាប់ទាមបន្ទះឈើ ធ្វើទូកនេសាទ។ នៅតាមជនបទរបៀបនេះ ជួនកាលជាងដែកអាចធ្វើឧបករណ៍អ្វីមួយពីដើមដល់ចុង ពោលគឺមិនត្រឹមតែធ្វើអ្វីដែលជាដែកសុទ្ធសាធប៉ុណ្ណោះឡើយដូចមានរូបលេខ៧ជាឧទាហរណ៍។ យើង ឃើញថា ជាងដែកតែម្នាក់ធ្វើដាវមួយពេញលេញ មានទាំងផ្លែ ទាំងដង ទាំងស្រោម។ រីឯឧបករណ៍ ជាងវិញ ជាងខ្លះនៅប្រើស្នប់ដៃដើម្បីសប់ចង្រ្កានជាធម្មតា(រូបលេខ៨) ឯជាងខ្លះទៀត ច្នៃយកកង្ហារ ភ្ជាប់នឹងអាគុយមកប្រើ។ មិនតែប៉ុណ្ណោះជាងខ្លះកែច្នៃម៉ាស៊ីនអ្វីមួយដើម្បីឆាបផ្លែឧបករណ៍ដែលធ្វើពី ដែកឲ្យស្តើងស្មើ មុននឹងយកទៅសំលៀង។ បើពោលពីជំនឿ ឬកិច្ចអ្វីបន្តិចបន្តួចដែលទាក់ទងនឹង ការជាងនៅជនបទនេះ ខ្ញុំសង្កេតឃើញថា ជាទូទៅមានការបោះបង់ចោលច្រើន ថ្វីត្បិតតែជាងខ្មែរតែង តែស្គាល់រឿងព្រះពិស្ណុការហើយជាពិសេសនៅត្រង់ឈុតដែលទាក់ទងនឹងការដំដែក។ យូរៗម្តង ប៉ុណ្ណោះ ដែលយើងជួបជាងខ្លះដែលប្រកាន់ត្រណម ពុំដំដែកនៅថ្ងៃសីល។ នៅរូបលេខ១០-១១ យើង ឃើញស្លាធម៌ដែលជាតម្កល់នៅលើជើងចង្រ្កាននាថ្ងៃសីល។
២.ជាងដែកនៅតាមផ្សារ៖ ជួនកាលគេអាចមានជាងដែកដែលរកស៊ីជុំគ្នានៅតាមផ្សារធំៗខ្លះដែរ ដូចជាផ្សារក្រោម ក្នុងក្រុងសៀមរាប ឬក៏ផ្សារផ្អាវស្រុកបាធាយខេត្តកំពង់ចាមជាដើម (រូបលេខ១២)។ ជាទូទៅវត្ថុដែលផលិតជា «របស់រយ» ក្នុងន័យដើមថា ផលិតច្រើនរាប់រយ (រូបលេខ១៣-១៤)។ដូច្នេះកាំបិតដែលបង្ហាញនៅរូបលេខ៤ខាងលើ យើងពុំអាចទិញនៅទីនេះបានឡើយ។ រីឯដាវ(រូបលេខ៧)ក៏ដូចគ្នាដែរ។ គួរឲ្យកត់សម្គាល់ថា ទោះជាផលិតវត្ថុច្រើនយ៉ាងនេះ ក៏ជាញឹកញាប់យើងមានប្រើស្នប់ដៃដែរ(រូបលេខ១៥)។ ជួនកាលមានជាងដែលធ្លាប់មានឈ្មោះល្បីមកពីទីឆ្ងាយមកធ្វើការ ឬក៏មើលការខុសត្រូវនៅតាមជ្រុងជាងនេះម្តងៗដែរ ដូចជាជាងដែកជនជាតិ ចាម្បម្នាក់ដែលមកពីភូមិសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ក៏មករកស៊ីនៅផ្សារផ្អាវ (រូបលេខ១៦)។
៣.សហគមន៍ជាងដែកនៅជនបទ ៖ ជួនកាលការដំដែកជាមុខរបរធំ នៃសហគមន៍មួយតែម្តង។ឧទាហរណ៍របៀបនេះ តាមស្មានមើលទៅពុំមានច្រើនទេ រីឯនាងខ្ញុំវិញធ្លាប់ ឮនិងឃើញតែពីរកន្លែងប៉ុណ្ណោះ គឺមួយនៅអូរឡេង ក្នុងខេត្តកំពង់ចាម(រូបលេខ១៧) និងមួយទៀតនៅសាលាលេខ៥ ក្នុងខេត្តកំពង់ឆ្នាំង។ កាលពីមុនមក ថ្វីត្បិតតែកាលផលិតនេះធ្វើនៅក្នុងកម្រិតធំ គឺថាវត្ថុទាំងនោះមានកម្រិត «រយ»ក៏ដោយ (រូបលេខ១៨-១៩) តែពាក្យថា «អូរឡេង» ហាក់ដូចជាមានន័យថា គុណភាពល្អ។ កិត្តិនាមនេះមានមកដល់សព្វថ្ងៃ ទោះបីជាមានការផ្លាស់ប្តូក៏ដោយ។ដូច្នេះហើយបានជាយើងតែងឃើញមានការដឹកឧបករណ៍ដូចជាកាំបិត ពូថៅជាដើមទៅលក់ទីឆ្ងាយៗ ឆ្លងកាត់ខេត្តនានា (រូបលេខ២០)។ បើនៅសាលាលេខ៥វិញសហគមន៍នោះជាសហគមន៍ចាម្ប(រូបលេខ២១)។ នៅទីនេះជួនកាលផ្លែឧបករណ៍អ្វីមួយដែលផលិតជារយនោះមិនធ្វើឲ្យចប់ស្រេចបាច់ទេ គឺធ្វើឲ្យចេញជារូបរាងពេញលេញមែន ( រូបលេខ២២-២៣) តែមានអ្នកមកប្រមូលយកទៅបង្ហើយជាបញ្ចប់។ ឯដងវិញក៏ដូច្នោះដែរអ្នកណាធ្វើដង ធ្វើតែដងប៉ុណ្ណោះ (រូបលេខ២៤)។ មានចំណុចគួរឲ្យកត់សំគាល់មួយទៀតនៅសាលាលេខ៥នេះ គឺថាជាងតាមគ្រួសារផ្សេងៗហាក់ដូចជាមិនចង់ឲ្យវត្ថុដែលប្រមូលបានពីភូមិមួយនោះយកចេញទៅក្រៅ ស្ថិតនៅក្នុងភាពអនាមិកពេកទេ។ ដូច្នេះហើយគេ ច្រើនយកលេខផ្ទះ ឬលេខសន្មតរបស់ក្រុមនីមួយៗ បោះលើផ្លែឧបករណ៍ដែកនោះ(រូបលេខ២៥-២៦)។ នៅសាលាលេខ៥នេះនាងខ្ញុំពុំឮថាជាងមានត្រណមអ្វីមួយឡើយ មានន័យថាគេ ដំដែកជារៀងរាល់ថ្ងៃលើកលែងតែពេលមួយរយៈនៅថ្ងៃសុក្រ ដែលប្រជាជនចាម្បនៅភូមិនេះត្រូវចូលវិហារ(រូបលេខ២៧)។