ដោយ រស់ សុខុម
នៅជំពូកទី១ អត្ថបទលេខរៀងទី២ និងទី១២ បណ្តាញពត៌មានវប្បធម៌ខ្មែរនេះមានបង្ហញពីឧបករណ៍នេសាទពីរប្រភេទ គឺមួយហៅថា “ឈ្នក់” និងមួយទៀតហៅថា “ឈ្នក់ដៃ”។ ឧបករណ៍ដែលខ្ញុំយកមកបង្ហាញនេះមានរូបរាងស្រដៀងគ្នានឹងឈ្នក់នោះដែរ ហើយហៅថា “ឈឹប” (ឬ “ឆឹប”) ហើយដែលខ្ញុំប្រទះឃើញអ្នកស្រុកនៅជ្រោយប្រស់ ក្នុងខេត្តកោះកុង (រូបលេខ១) ប្រើប្រាស់សម្រាប់នេសាទត្រីទឹកប្រៃ។ ឈឹបជាឧបករណ៍សាមញ្ញមួយដែលច្រើនតែគ្រួសារអ្នកក្រីក្រប្រើប្រាស់ ដោយសារគ្មានលទ្ធភាពទិញទូកនេសាទ។ ឧបករណ៍នេះធ្វើពីឫស្សីពីរដើមចងខ្វែងគ្នានៅខាងគល់ រីឯខាងចុងបើកកន្ធែកដាច់ពីគ្នា តែមួយដើមៗនោះចងភ្ជាប់ជាមួយសំណាញ់ក្រឡាល្អិត (រូបលេខ២) គេប្រើសម្រាប់នេសាទកូនត្រីតុកកែ ឬក្តាម នៅពេលទឹកនាចពេលព្រឹក។ ក្នុងការនេសាទនោះគឺគេត្រូវរុញឈឹបទៅមុខដោយកម្លាំងដៃ (រូបលេខ៣) ហើយទើបលើកឡើងម្តងៗដើម្បីដឹងថាបានអ្វី ឬអត់ (រូបលេខ៤)។ យើងសង្កេតឃើញថា អ្នកនេសាទនោះចងជាលពីរដាក់ពោងបណ្តែត ដោយប្រលាយខ្សែឲ្យចងមកជាប់ពីក្រោយចង្កេះខ្លួន (រូបលេខ៥)។ ជាលធំសម្រាប់ដាក់ក្តាម រីឯជាលតូចវិញ សម្រាប់ដាក់កូនត្រីតុកកែ។ រយៈពេលនៃការនេសាទនេះ គឺអាចចាប់ផ្តើមពីទឹកសមុទ្រនាច រហូតដល់ជោរមកវិញ។