ដោយ អាំង ជូលាន
បរិដ្ឋានធម្មជាតិមានឥទ្ធិពលខ្លាំងណាស់មកលើវត្ថុប្រើប្រាស់ផ្សេងៗ ដែលអ្នកស្រុកផលិតដោយខ្លួនឯង។ ខ្ញុំសូមលើកឧទាហរណ៍ឈ្នាងដែលខ្ញុំបានឃើញលោកតាក្រីក្រម្នាក់ នៅភូមិមួយនៅតំបន់ខាងជើងឧទ្យានអង្គរ ធ្វើសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនផងនឹងលក់បន្តិចបន្តួចផង គ្រាន់បានកម្រៃប្រាក់កាសខ្លះ (រូបលេខ១)។ វត្ថុធាតុដើមសុទ្ធសឹងជារុក្ខជាតិដែលមាននៅតំបន់នោះឯង។ ឧបករណ៍ធ្វើឈ្នាងនោះគ្មានអ្វីធំដុំទេ។ ក្រៅពីដែកដាប់តូចមួយនិងអន្លូងឈើសម្រាប់វាយ គឺមានតែដង្គៀបឈើមួយប៉ុណ្ណោះ (រូបលេខ២)។
ដើមឡើយ គេយករពាក់មកត្បាញកឱ្យចេញជាគូថសិន ពោលគឺកន្លែងស្រួចនោះមុនគេ។ ឆ្អឹងបណ្តោយសុទ្ធសឹងជាឫស្សីដែលគេបិតឲ្យស្តើង រីឯគែមពាត់ជារង្វង់ខាងលើនេះខាងក្នុងក៏ជាឫស្សីដែរ គឺគេបិតស្តើងហើយពត់ឫស្សីនោះឲ្យកោង។ ពេលកើតជាមាត់លើរាងកោងដូច្នេះហើយ គេហៅថា “ផ្អៅ”។ រួចហើយទើបត្រូវបិតឈើ២ ពុំស្តើងពេក ពុំក្រាស់ពេក គឺធ្វើយ៉ាងណាឲ្យពត់បាន តែត្រូវឲ្យមាំដែរ ហើយយកមកអបសងខាងផ្អៅឫស្សីអម្បាញ់មិញ ដើម្បីឲ្យរឹងមាំពុំបត់បែនទៅណាបាន (រូបលេខ៣)។ បន្ទាប់មក គេយកផ្អៅមកចង។ ឯចំណងនោះពុំត្រឹមតែដើម្បីឲ្យជាប់ទេ គឺមានសោភ័ណភាពគាប់ភ្នែក (រូបលេខ៤)។
ចាប់ពីពេលនោះ លែងហៅផ្អៅហើយ គឺហៅថា “កណ្តាប់” ត្បិតអីពេលកាន់ឈ្នាងរកត្រី គឺយើងយកដៃក្តាប់ឈើនេះ។ ត្រង់នេះគួរកត់សម្គាល់បន្តិច ព្រោះជាកន្លែងចាប់ដូចគ្នា តែពុំហៅថា “ព្រំ” ដូចកញ្ជើ ឬចង្អេរឡើយ។ នៅប៉ែកខាងមុខនោះ គេបិតឫស្សី៣បន្ទះមកក្រងតពីតម្បាញផ្តៅនោះទៀត ហៅថា “អណ្តាត” មុននឹងយក “មុខឈ្នាង” មកភ្ជាប់បញ្ចប់ (រូបលេខ៥)។ ឈើធ្វើមុខឈ្នាងនេះ ពុំរើសថាយកឈើអ្វីប្រាកដទេ សំខាន់នៅត្រង់ឈើនោះកោងស្រាប់ (រូបលេខ៦)។
នៅភូមិដែលខ្ញុំនិយាយនេះ គេអាចយកឈើដើមថ្កុំ, ដើមត្រឡុំពេ, វល្លិគុយ, វល្លិខ្សួស, វល្លិឯមជាដើម។ លុះបិតបានរាងត្រឹមត្រូវជាមាត់ហើយ ទើបគេចោះរន្ធដោយប្រុងប្រយ័ត្នយ៉ាងណាឲ្យចុងឆ្អឹងឫស្សីទាំងអម្បាលមានចូលស៊ប់ (រូបលេខ៧-៨)។ ផ្គុំចូលរន្ធត្រឹមត្រូវហើយទើបយកផ្តៅមកចងចុងសងខាងត្រង់គែមមុខទាំងពីរនោះជាស្រេច (រូបលេខ៩)។