ដោយ អ៊ឹម សុខរិទ្ធី
មានឧបករណ៍នេសាទមួយប្រភេទស្រដៀងនឹងឈ្នក់ដែលអ្នកអានឃើញនិយាយម្តងហើយនៅជំពូកទី១, លេខរៀងទី២ (១.២)។ ដែលខុសគ្នានោះគឺនៅត្រង់របៀបប្រើ ដោយសារទំហំតូចជាងច្រើន។ ប៉ុន្តែដោយសារទ្រង់ទ្រាយស្រដៀងគ្នា គេក៏ហៅឧបករណ៍នេះថា ឈ្នក់ដៃ។ អ្នកស្រុកប្រើឈ្នក់ដៃនេះសម្រាប់ដងត្រីតូចៗ ឬកំពឹសជាដើម តាមអូរ, ប្រឡាយ ឬស្ទឹង ពោលគឺតាមផ្លូវទឹកតូចៗ។ ឈ្នក់ដៃធ្វើឡើងពីវត្ថុធាតុស្រាល ហើយងាយរក៖ សំណាញ់ក្រឡាល្អិតដែលមានទំហំប្រមាណ ១ម៉ែត្របួនជ្រុង, ឆ្អឹងឫស្សី២ដើមវែងល្មម ដែលគេចងភ្ជាប់កាត់កែងគ្នា។ គេយកចុងផ្ទាំងសំណាញ់ទាំង៤នោះចងភ្ជាប់នឹងឆ្អឹងឫស្សីទាំង៤នោះដែរ ដើម្បីបានជាថ្នងមួយ។ គេយកឫស្សីមួយកំណាត់មកតភ្ជាប់នឹងចំណុចខ្វែងគ្នានៃឆ្អឹងឫស្សី ដើម្បីធ្វើជាដងសម្រាប់កាន់។ ពេលនេសាទ គេទម្លាក់ឈ្នក់នោះទៅក្នុងទឹកមួយសន្ទុះ រួចទើបលើកមកវិញដើម្បីមើលថាបានត្រីឬអត់។ រូបលេខ១និង២ បង្ហាញពីអ្នកស្រុកនៅមេមត់ (ខេត្តកំពង់ចាម)កំពុងដងត្រីដោយប្រើឈ្នក់ដៃ។ រីឯទឹកនោះ គឺទឹកអូរដែលហូរនៅមុខផ្ទះ ក្រោយពីភ្លៀងធ្លាក់រួច។ ឈ្នក់ដៃនេះមានពីយូរយារមកហើយ ដូចមានរូបលេខ៣ជាតឹកតាងស្រាប់។ នេះគឺចម្លាក់មួយនៅរោងទងខាងត្បូងនៃប្រាសាទបាយ័ន្ត។ យើងឃើញថាក្នុងនោះមានបុរសម្នាក់ប្រើឈ្នក់ដៃដើម្បីនេសាទត្រី។ បុរសនោះឈរនៅលើគែមផែ ហើយកំពុងសម្រូតខ្សែដើម្បីទម្លាក់ក្បាលឈ្នក់។