ដោយ ជី រដ្ឋា និង វ៉ា បុប្ផារី
បច្ចុប្បន្ននេះ ប្រជាជនមួយចំនួនរស់នៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែប្រកបរបរដែលតពីដូនតាមក គឺការផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា តោក, កំប៉េះ, តៀប, សាជី, បាត្រ, ឃ្លុំ, ហឹបស្លា, តុ និងជើងពានជាដើម។ វត្ថុសិប្បកម្មប្រពៃណីខាងលើនេះ ឆ្លុះបញ្ចាំងពីចំណេះជំនាញដ៏ខ្ពង់ខ្ពស់ ទាំងបច្ចេកទេសផលិត គំនិតច្នៃប្រតិដ្ឋ និងមានសម្រស់សិល្បៈខ្ពង់ខ្ពស់គួរឲ្យទាក់ទាញភ្នែកផង។
វត្ថុធាតុដើមសម្រាប់ផលិតរបស់ប្រើប្រាស់ទាំងនោះមានដូចជាធាងត្នោត, ដើមគ, ដើមពួក, ជ័រម្រ័ក្សណ៍ និងជ័រដង្កោ ដែលសុទ្ធតែអាចរកបានពីក្បែរៗផ្ទះ ឬនៅព្រៃមិនឆ្ងាយប៉ុន្មានពីភូមិស្រុក ហើយគេប្រើតាមផ្នែកផ្សេងៗនៃវត្ថុ ដូចជា៖
- ធាងត្នោត៖ ជាវត្ថុធាតុចាំបាច់ជាងគេ ប្រើសម្រាប់ធ្វើផ្នែកផ្សេងៗរបស់សម្ភារៈដែលមានរាយខាងលើ (រូបលេខ១)។
- ដើមគ៖ ប្រើធ្វើជាបាត ដោយសារឈើគស្រាល និងគ្មានសរសៃ (រូបលេខ២)។
- ដើមពួក៖ គេយកមកធ្វើជាក្បាច់លម្អ ដ្បិតវាងាយស្រួលបិតនិងចាក់ជាក្បាច់។ គេច្រៀកដើមពួក ជាចំរៀកតូចៗ ហើយហាលឲ្យស្ងួត ទើបយកមកឆ្លាក់ជារូបរាងក្បាច់ផ្សេងៗ។ ដើមពួកមានរូបរាងនិងស្លឹកស្រដៀងដើមឫស្សីដែរ ប៉ុន្តែស្លឹកវាធំជាងស្លឹកឫស្សី និងមានថ្នាំងវែងជាងឫស្សី (រូបលេខ៣)។
- ផ្លែដង្កោ៖ គេយកមកបុកនិងច្រោះយកជ័រសម្រាប់បិទផ្គុំ។ គេយកផ្លែដង្កោចាស់ល្មម មិនខ្ចីពេក មិនទុំពេក មកបុកឲ្យម៉ដ្ឋលាយទឹក រួចទើបពូតនិងច្រោះយកកាកចេញ។ ជ័រដែលបានមកនោះអាចរក្សាទុកសម្រាប់ប្រើប្រាស់បានរវាង១ឆ្នាំ (រូបលេខ៤)។
- ស្លឹកស្នាយ និង ស្លឹកស្លត៖ ប្រើសម្រាប់ខាត់លើផ្ទៃវត្ថុឲ្យរលោងស្មើ ដ្បិតស្លឹករុក្ខជាតិទាំងពីរមានសភាពគ្រើម (រូបលេខ៥) ។
- ជ័រម្រ័ក្សណ៍៖ សម្រាប់យកមកលាបលើវត្ថុទាំងនោះឲ្យខ្មៅរលើប មានសោភ័ណភាព និងជាពិសេសទៅទៀតគឺដើម្បីរក្សាទុកបានវត្ថុនោះឲ្យយូរឆ្នាំ។ ជ័រម្រ័ក្សណ៍ អាចចាក់យកបានពីដើមគ្រើល (រូបលេខ៦) ហើយម្រ័ក្សណ៍នេះមានពីរប្រភេទ គឺម្រ័ក្សណ៍ប្រេង និងម្រ័ក្សណ៍អាចម៍មាន់។ គេអាចសម្គាល់បាន ដោយសារម្រ័ក្សណ៍ប្រេងមានសភាពរាវជាងម្រ័ក្សណ៍អាចម៍មាន់។
ដើម្បីផលិតបានជាវត្ថុប្រើប្រាស់ដ៏ប្រណីតខាងលើ គេត្រូវចំណាយពេលយូរថ្ងៃនិងត្រូវមានភាពអំណត់អត់ធ្មត់ខ្លាំង រួមផ្សំនិងភាពប៉ិនប្រសប់ផង។ ដំណាក់កាលទី១ គឺគេយកធាងត្នោតមកច្រៀកសំបករឹងខាងក្រៅចេញ ដ្បិតផ្នែកដែលត្រូវប្រើគឺសាច់ខាងក្នុង។ បន្ទះដែលច្រៀកបាន គេបិតឲ្យស្អាត រួចយកទៅបញ្ជាន់នឹងឧបករណ៍កែច្នៃមួយប្រភេទ ដើម្បីឲ្យវារមួលចូលគ្នាជារង្វង់ ដូចឃើញនៅរូបលេខ៧។ បន្ទាប់មកទៀតទើបគេយកចម្រៀកត្នោតនោះទៅហាលថ្ងៃឲ្យស្ងួតរយៈពេល២ថ្ងៃ ដើម្បីកុំឲ្យវារលាត្រង់មកវិញ (រូបលេខ៨)។ ដំណាក់កាលទី២ គឺគេត្រូវតម្រៀបចម្រៀកធាងត្នោតទាំងនោះឲ្យចេញទៅជារូបរាងតាមផ្នែកផ្សេងៗនៃវត្ថុដែលគេចង់ធ្វើ (រូបលេខ៩)។
បន្ទាប់មកទើបគេយកផ្នែកនីមួយៗដែលទើបតម្រៀបបាននោះ មកចិតបិតរំលីងផ្ទៃខាងក្នុងនិងខាងក្រៅឲ្យរាបស្មើស្អាត ដោយប្រើកាំបិតបន្ទោះ (រូបលេខ១០-១១)។ នៅដំណាក់កាលទី៣ គឺគេចាប់ផ្តើមធ្វើបាតវត្ថុ ដោយយកដើមគមកកាត់តម្រឹមឲ្យមូល តាមទំហំនៃវត្ថុនីមួយៗនោះ (សូមមើលរូបលេខ២ឡើងវិញ)។ ដំណាក់កាលទី៤ គេចាប់ផ្តើមផ្គុំផ្នែកនីមួយៗបញ្ចូលគ្នា ដោយប្រើជ័រដង្កោមកលាបភ្ជិត (រូបលេខ១២)។
ឯដំណាក់កាលបន្តមកទៀត គឺគេចាប់លាបជ័រម្រ័ក្សណ៍ឆៅលើវត្ថុទាំងនោះជាលើកទី១ (រូបលេខ១៣) ហើយហាលឲ្យស្ងួតរយៈពេលប្រមាណ៤ឬ៥ថ្ងៃ។ ក្រោយឃើញថាម្រ័ក្សណ៍ដែលលាបនោះស្ងួតល្អហើយ ទើបគេយកវត្ថុទាំងនោះមកខាត់នឹងស្លឹកស្នាយឬស្លឹកស្លតឲ្យរលោងស្អាត រួចទើបលាបម្រ័ក្សណ៍ឆៅជាលើកទី២ទៀត ដោយទុកចោលរយៈពេល៤ឬ៥ថ្ងៃដូចលើកមុនដែរ ដើម្បីការពារស្នាមជ្រួញ ឬរបកចេញជ័រដែលលាបលើកទី១។ ដល់ពេលដែលត្រូវលាបលើកទី៣ គេត្រូវលាយជ័រម្រ័ក្សណ៍ឲ្យមានសភាពរាវខ្លាំង។ ធ្វើដូច្នេះគឺដើម្បីកុំឲ្យឃើញស្នាមជក់នៅពេលលាប (រូបលេខ១៤) ហើយគេត្រូវទុកឲ្យស្ងួតក្នុងរយៈពេល៥ថ្ងៃទៀត។ ដំណាក់កាលចុងក្រោយបង្អស់ បន្ទាប់ពីម្រ័ក្សណ៍ស្ងួតល្អហើយ គេត្រូវបិតក្បាច់លម្អផ្សេងៗនៅលើវត្ថុទាំងនោះ (រូបលេខ១៥)។ ឯក្បាច់លម្អនោះសោតមានច្រើនប្រភេទ និងឈ្មោះហៅផ្សេងគ្នាផង ដូចជា៖ ក្បាច់ជួរចុច, ក្បាច់ល្បត់ពស់ ក្បាច់ផ្កាចន្ទន៍ជាដើម (សូមមើលរូបលេខ៣ឡើងវិញ)។
ដោយសារមានការជួយជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធខ្លះ និងមានផ្សព្វផ្សាយបានកាន់តែទូលំទូលាយជាងមុន សព្វថ្ងៃនេះយើងសង្កេតឃើញសន្ទុះនៃការគាំទ្រវត្ថុសិប្បកម្មប្រពៃណីរបស់អ្នកស្រុកហាក់មានការកើនឡើង ជាហេតុធ្វើឲ្យផលិតផលរបស់អ្នកភូមិតាចរក្នុងស្រុកស្ទោង មានការបញ្ជាទិញកាន់តែច្រើនពីប្រជាជនតាមបណ្តាខេត្តផ្សេងៗនិងពីវត្តអារាមនានា។ ប្រការនេះ បានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិមួយចំណែកធំដែរ បន្ថែមលើរបរធ្វើស្រែចម្ការ។ ជាពិសេសទៅទៀតគឺជួយឲ្យការផលិតវត្ថុសិប្បកម្មប្រពៃណីរបស់អ្នកស្រុកនៅគង់វង្សបានយូរអង្វែងតទៅមុខទៀត។