ដោយ ហេង សុផាឌី / ច័ន្ទ វិត្ថារិន្ទ
ភ្លើងជាបាតុភូតធម្មជាតិដែលកើតមាននៅលើផែនដីយើងនេះរាប់សិបលានឆ្នាំមកហើយ។ យោងលើឯកសារស្រាវជ្រាវផ្នែកបុរេប្រវត្តិសាស្រ្ត មនុស្សចេះប្រើភ្លើងចំអិនអាហារ កម្តៅខ្លួនទប់ទល់នឹងធាតុអាកាសត្រជាក់ និងសម្រាប់ការពារខ្លួនពីការយារយីអាយុជីវិតរបស់ពួកគេអំពីពពួកសត្វសាហាវ អស់កាលជាងមួយលានឆ្នាំមកម្ល៉េះ។ ប៉ុន្តែនៅពេលនោះ មនុស្សពុំទាន់ចេះបង្កាត់ភ្លើងនៅឡើយ គឺមនុស្សយកភ្លើងដែលឆេះដោយធម្មជាតិមកប្រើប្រាស់ ដូចជាភ្លើងឆេះព្រៃ ដែលបង្កឡើងដោយរន្ទះបាញ់ បន្ទុះភ្នំភ្លើង និងការរមៀលធ្លាក់នៃដុំថ្មពីទីខ្ពស់មកទង្គិចជាមួយដុំថ្មផ្សេងទៀតនៅទីទាប បង្កជាផ្កាភ្លើងហើយកា្លយជាភ្លើងឆេះព្រៃជាដើម។
ផ្អែកលើភស្តុតាងដែលអ្នកស្រាវជ្រាវបានប្រទះឃើញនៅតាមស្ថានីយបុរាណជាច្រើនក្នុងទ្វីបអាហ្រ្វិក អឺរ៉ុប អាស៊ីកណ្តាល និងទ្វីបអាស៊ី នាំឲ្យអ្នកស្រាវជ្រាវសន្និដ្ឋានបានថា មនុស្សយើងប្រហែលចេះបង្កាត់ភ្លើងតាំងពីសម័យយុគថ្មបំបែកមកម្ល៉េះ។ ប៉ុន្តែគេគ្មានភស្តុតាងច្បាស់លាស់ មកបញ្ជាក់អំពីការសន្និដ្ឋាននេះឡើយ។ រហូតមកដល់៤០០០ឆ្នាំមុនគ្រឹស្តសករាជ ទើបអ្នកស្រាវជ្រាវរកឃើញដានខ្លះៗ ដែលអាចសន្និដ្ឋានបានថា មនុស្សចេះបង្កាត់ភ្លើងដោយប្រើមែកឈើស្ងួតរឹងត្រដុសឬខៃទៅលើឈើស្ងួតមួយទៀត។ បច្ចេកទេសនេះ ភាសាបរទេសគេហៅ Friction fire (រូបលេខ១)។ គេយកមែកឈើស្ងួត រឹង ត្រង់រាងស៊ីឡាំង មានទំហំទ្រើសជាងមេដៃប្រវែងប្រហែលពីរចម្អាមឬអាចវែងជាងនេះ ហើយគេសម្រួចខាងចុងរបស់វាទៅត្រដុសចុះឡើង ឬខៃទៅលើបន្ទះឈើស្ងួតមួយទៀតដោយប្រើដៃទាំងពីរបង្វិលចុះឡើងៗឲ្យញាប់បង្កជាផ្សែងហើយបង្កើតជាភ្លើង។ បន្ទាប់មកទៀតគេបានអភិវឌ្ឍបច្ចេកទេស ពីការប្រើដៃទាំងពីរខៃដើម្បីបង្កាត់ភ្លើង មកប្រើឈើកោងដូចដងធ្នូភ្ជាប់ដោយខ្សែខៃជំនួសវិញ (រូបលេខ២)។ ដ្បិតការប្រើដងធ្នូខៃបង្កើតជាភ្លើងនេះ គឺមានកម្លាំងខ្លាំងជាងការប្រើដៃទទេរ ហើយអាចបង្កាត់ភ្លើងបានឆាប់ជាងមុនទៀតផង។ ចំណែកការបង្កាត់ភ្លើងដោយប្រើដែកគោះឬដែកឆឹកទង្គិចជាមួយថ្មឱ្យចេញជាផ្កាភ្លើងដែលភាសាបរទេសហៅថា Flint and Steel Striker គឺគេចាប់ប្រើតាំងពីយុគដែក ប្រហែល១២០០ឆ្នាំមុនគ្រឹស្តសករាជឯណោះ ហើយគេនៅតែបន្តប្រើរហូតដល់សតវត្សទី១៩នៅតាមតំបន់ខ្លះនៃទ្វីបអឺរ៉ុប។ ជាក់ស្តែងនៅក្នុងប្រអប់ឈើមួយដែលជាប្រអប់ដាក់វត្ថុសម្រាប់បង្កាត់ភ្លើង (ភាសាបរទេសហៅថា Tinder box ) យើងសង្កេតឃើញមានបន្ទះដែកមួយមានដៃកាន់ បំណែកថ្មមួយដុំ និងវត្ថុមើលទៅដូចជាក្រណាត់ដែលឆេះខ្លោចប្រើជាបញ្ឆេះ (រូបលេខ៣)។
ទាក់ទងនឹងបច្ចេកទេសបង្កាត់ភ្លើង មនុស្សខ្មែរកាលពីសម័យបុរាណមានប្រើឧបករណ៍ម្យ៉ាងសម្រាប់បង្កាត់ភ្លើង។ នៅរូបលេខ៤ យើងឃើញមានបំពង់ផ្សេងៗដែលគេដាក់ចំណងជើងថា «បំពង់ប៉ុយ»។ បំពង់ទាំងនេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះនៃឧបករណ៍ទាំងមូល។ យើងពុំមានភស្តុតាងជាក់លាក់បញ្ជាក់ពីការចាប់ផ្តើមប្រើឧបករណ៍នេះតាំងពីពេលណាមកទេ។ បើយើងពិនិត្យទៅលើឧបករណ៏ដែលស្រុកគេប្រើសម្រាប់បង្កាត់ភ្លើងនៅក្នុងប្រអប់នៅរូបលេខ៣នោះ គឺបង្ហាញពីបច្ចេកទេសមិនខុសគ្នានឹងដែកឆឹក (អ្នកខ្លះហៅថាដែកគោះ) របស់ខ្មែរដែលប្រើសម្រាប់បង្កាត់ភ្លើងដែរ។ ម្យ៉ាងទៀត បើយើងយកពាក្យដែកមកធ្វើជាគោល មានន័យថាដែកឆឹកដែលខ្មែរប្រើសម្រាប់បង្កាត់ភ្លើង ប្រហែលចាប់ផ្តើមតាំងពីយុគដែកដែលមានអាយុកាល៥០០ឆ្នាំមុនគ្រឹស្តសករាជដូចស្រុកគេដែរក៏មិនដឹង គ្រាន់តែមុននិងក្រោយគ្នាតិចតួចប៉ុណ្ណោះ ដ្បិតយុគដែកនៅតាមតំបន់នីមួយៗកើតក្នុងពេលខុសៗគ្នា។ មកទល់សព្វថ្ងៃនេះ ក្នុងការស្រាវជ្រាវនៅតាមស្ថានីយបុរាណជាច្រើននៅស្រុកខ្មែរ អ្នកស្រាវជ្រាវពុំដែលប្រទះឃើញភស្តុតាងបញ្ជាក់ពីបច្ចេកទេសនៃការបង្កាត់ភ្លើងទាល់តែសោះ។ ដូចបានពោលខាងលើរួចមកហើយ គឺយើងពិតជាមិនអាចបញ្ជាក់បានច្បាស់លាស់អំពីពេលវេលានៃការចាប់ផ្តើមប្រើប្រាស់ដែកឆឹកនៅស្រុកខ្មែរបាននាពេលនេះទេ។
អ្វីទៅដែលហៅថាប៉ុយ ? នៅជំពូក៥,លេខរៀង២៦ លោក ព្រាប ចាន់ម៉ារ៉ា រៀបរាប់អំពីដើមទន្សែ ហើយពន្យល់អំពី «ប៉ុយ» ដែលជាប់លើសំបកដើមនេះថាជា «សំឡីដែលស្អិតជាប់សើៗលើដើម» ហើយថា «ជំនាន់មុនឬពេលដែលអត់ខ្លាំងយើងអាចកោសយកមកដាក់ក្នុងបំពង់ប៉ុយ (...) យកអំបែងចានឬដែករឹងអ្វីមួយមកគោះឲ្យព្រាយចេញផ្កាភ្លើងដើម្បីបញ្ឆេះ។ មិនតែប៉ុណ្ណោះ គ្រូខ្លះយកប៉ុយនេះមកអុជលើសាច់មនុស្ស (ឧទាហរណ៍នៅលើពោះ) ដើម្បីព្យាបាលជម្ងឺផ្សេងៗ មានហើមពោះឬខ្លួនជាដើម»។ ក្រៅពីនេះ គេអាចយកសំឡីគ ឬសំឡីអ្វីទៀតមកប្រើក៏បាន ហើយហៅថា «ប៉ុយ» ដូចគ្នា។
នៅទីនេះខ្ញុំសុំលើកយកដែកឆឹកដែលខ្ញុំបានឃើញចាស់ៗធ្លាប់ប្រើកាលពីប៉ុន្មានទសវត្សមុនមកបង្ហាញ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ ត្បិតឧបករណ៍ប្រភេទនេះលែងមានប្រើទៀតហើយក្នុងពេលបច្ចុប្បន្ននេះ។ ទោះបីជាមានវិញក៏នៅសេសសល់តិចតួចបំផុត ហើយរិតតែពិបាកស្វែងរកអ្នកដែលចេះប្រើ និងនៅបន្តប្រើដែកឆឹកនេះ ទៅទៀតណាស់។ ជាក់ស្តែង ក្នុងសមុច័្ចយរបស់លោក កង សាអ៊ុំ ដែលដាក់បង្ហាញភ្ញៀវក្នុងលំនៅដ្ឋានរបស់គាត់នា ខេត្តកំពង់ធំដែលសព្វថ្ងៃក្លាយទៅជាសារមន្ទីរភូមិអាស៊ី យើងឃើញមាន បំពង់ប៉ុយមួយធ្វើពីបំពង់ឫស្សីមានប្រវែង១០សង់ទីម៉ែត្រ និងបន្ទះដែកមួយក៏មានប្រវែង១០សង់ទីម៉ែត្រដែរ ដែលគេទុកប្រើគោះជាមួយបំណែក ថ្ម ឬអំបែងចានដើម្បីបង្កាត់ភ្លើង (រូបលេខ៥)។
ក្រៅពីនេះខ្ញុំក៏បានឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានគណនីឈ្មោះជាភាសាបរទេស VB. Hot News បានបង្ហាញរូបភាពបំពង់ប៉ុយធ្វើពីបំពង់ឫស្សីដូចរូបលេខ៥ និងរូបលោកពូម្នាក់ប្រើប៉ុយសម្រាប់អុចបារីរបស់គាត់ ដោយបំពង់ប៉ុយនោះមានស្រោបប្រាក់ពីក្រៅលំអដោយក្បូរក្បាច់យ៉ាងប្រណិត។ មើលទៅគាត់ហាក់ស្រឡាញ់បំពង់ប៉ុយនេះខ្លាំងណាស់ ហើយប្រហែលជាគាត់ប្រើវាជាប្រចាំទៀតផងក៏មិនដឹង (រូបលេខ៦-៨)។ ប៉ុន្តែគួរឲ្យសោកស្តាយដែលខ្ញុំពុំមានឱកាសបានជួបជាមួយលោកពូផ្ទាល់ ដើម្បីសាកសួរអំពីប្រវត្តិនៃការប្រើ និងវិធីប្រើប៉ុយមករៀបរាប់ឲ្យបានក្បោះក្បាយនៅក្នុងអត្ថបទនេះ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងព្យាយាមរៀបរាប់អំពីដែកឆឹកនិងរបៀបប្រើទៅតាមការចងចាំបន្តិចបន្តួចរបស់ខ្ញុំ ៖ បំពង់ប៉ុយធ្វើពីកំណាត់បំពង់ឫស្សី មានទំហំប៉ុនកដៃកូនក្មេង ឬ អាចធំជាងនេះបន្តិចទៅតាមចំណូលចិត្តអ្នកប្រើ។ មានប្រវែងចន្លោះពី១០ទៅ២០សង់ទីម៉ែត្រ។ ក្រៅពីបំពង់ឫស្សី គេក៏អាចប្រើបំពង់ធ្វើពីដែកបានដែរ។ ហើយអ្នកខ្លះទៀតខ្ញុំធ្លាប់ឃើញប្រើសំបកគ្រាប់អឹម៧៩ (M 79) ធ្វើជាបំពង់ប៉ុយទៀតផង។ នៅក្នុងបំពង់នោះគេញាត់សំឡីគ[1] ឱ្យណែន ហើយផ្នែកខាងលើគេដុតប៉ុយគនេះឆេះខ្លោច ងាយស្រូបយកផ្កាភ្លើងដែលខ្ទាតចូលបង្កើតបានជាភ្លើង។ ជាទូទៅបំពង់ប៉ុយត្រូវមានគម្របបិទបើក ដើម្បីការពារកុំឲ្យទឹកចូលបណ្តាលឲ្យសើមប៉ុយគនៅក្នុងបំពង់ មិនអាចឆេះនៅពេលផ្កាភ្លើងខ្ទាតចូល។ ដើម្បីបង្កើតឲ្យមានភ្លើងក្នុងបំពង់ប៉ុយគេត្រូវការវត្ថុសំខាន់ពីរទៀតគឺ បន្ទះដែកតូចល្មម ១ និងបំណែកថ្ម ឬអំបែងចានតូចៗ ឬក៏វត្ថុអ្វីផ្សេងទៀតដែលគេអាចប្រើគោះទង្គិចជាមួយបន្ទះដែកទៅអាចបង្កើតបានជាផ្កាភ្លើងច្រើនងាយឆេះប៉ុយគព្រមទាំងវត្តុងាយឆេះមួយចំនួនដែលងាយយកតាមខ្លួនបាន។ វិធីប្រើគឺគេយកដៃម្ខាងគៀបបំណែកថ្ម ឬអំបែងចានជាប់ជាមួយមាត់បំពង់ប៉ុយដូចក្នុងរូបលេខ៦ រួចហើយគេយកបន្ទះដែកគោះបញ្ឆិតទៅលើបំណែកថ្ម ឬអំបែងចាននោះឲ្យបែកផ្កាភ្លើងខ្ទាតទៅលើប៉ុយគដែលនៅក្នុងបំពង់ប៉ុយនោះ។ នៅពេលផ្កាភ្លើងខ្ទាតចូលក្នុងបំពង់ប៉ុយ ហើយ នឹងមើលឃើញផ្សែងតិចៗ គេក៏ចាប់គ្រវីបំពង់ប៉ុយ ឬ ផ្លុំរហូតឆេះសំឡីគកកើតបានជាភ្លើង[2]។
----------------------
[1] អ្នកខ្លះគេប្រើសំឡីពីដើមទន្សែ ឬហៅល្ពុកដើមទន្សែ ព្រោះសំឡីយកពីដើមទន្សែមានសភាពពុកផុតងាយឆេះ។ គេមិនយកសំឡីពីកប្បាសទេ ដោយហេតុថាសំឡីពីកប្បាសមានសភាពស្វិតជាងនិងមិនងាយឆេះដូចសំឡីគ ឬសំឡីពីដើមទន្សែនោះផង។
[2] ដូច្នេះហើយបានជាមានពាក្យនិយាយលេងថា «ខោកក្បាល ចេញភ្លើង»។