ដោយ អាំងជូលាន
វត្ថុសាមញ្ញបំផុតដែលប្រើប្រាស់រាល់ថ្ងៃ ហើយដែលនរណាក៏ស្គាល់ថាជាអ្វីដែរនោះ ជាធម្មតាយើងពុំសូវរវីរវល់ពិចារណារកដំណើរដើមទងអ្វីទាំងអស់ ដោយសារប្រើប្រាស់ញឹកញាប់ស៊ាំភ្នែកទៅហើយ។ ប៉ុន្តែបើបានប្រាស្រ័យនិយាយគ្នាលេងជាមួយអ្នកស្រុកដែលធ្វើផ្ទាល់ ទើបឃើញថាវត្ថុនិមួយៗនោះ សុទ្ធសឹងមានវប្បធម៌នៅពីក្រោយ។ វប្បធម៌នោះ គឺវប្បធម៌ជនបទ។ ទីនេះខ្ញុំសូមបង្ហាញពីវែកសាមញ្ញបំផុតដែលតាចាស់ក្រីក្រម្នាក់នៅស្រុកអង្គរធំ ឆ្លៀតធ្វើប្រើផងលក់ផង ពេលទំនេរដៃពីចម្ការ។ នៅស្រុកនេះសម្បូណ៌ដើមភ្នំភ្នែង តែនៅឯនេះអ្នកស្រុកហៅថាដើមអង្គំភ្នៀង (រូបលេខ១)។ គេកាត់យកដើមឬមែកណាមួយដែលមានបែកខ្នែងសម្រាប់ធ្វើជាដង (រូបលេខ២)។
ខ្នែងនេះសំខាន់ណាស់ ត្បិតត្រង់នេះហើយដែលដើមឬមែកនេះ បែករាងកោងល្មមសមជាដៃវែកបាន សម្រាប់យកទៅភ្ជាប់នឹងត្រឡោក។ ពុំត្រឹមតែប៉ុណ្ណោះ គេរោលភ្លើងពត់ឲ្យរាងកោងបន្តិច មើលទៅមានសោភ័ណភាពណាស់ (រូបលេខ៣)។ បើគ្រាន់តែធ្វើសម្រាប់លក់ម្តងៗបានច្រើននោះ គេយកក្រឡាស់លោហធាតុមកកឹបភ្ជាប់ដងទៅនឹងផ្លែនោះ (រូបលេខ៤-៦) តែបើគេធ្វើផ្ចិតផ្ចង់សម្រាប់ប្រើប្រាស់ខ្លួនឯងជាដើម គឺគេយកផ្តៅមកចងព័ទ្ធសងខាង ដោយចំណងនោះមានក្បាច់ក្បូរជាទីត្រកាលភ្នែកផង (រូបលេខ៧-៨)។ ក្រៅពីរឿងសោភ័ណភាព គេនិយាយថា ប្រើវែកដែលចងដោយផ្តៅនេះ ទើបចម្រុងចម្រើនទៅមុខ។
ដូច្នេះហើយ បានជាអ្នកស្រុកនោះមានពាក្យបណ្តៅថា “ដើមឈើ, ផ្លែដូង, ទងផ្តៅ”។ ពុំនោះទេ អ្នកស្រុកដដែលនោះ ស្គាល់ពាក្យមួយទៀតថា “តាចាស់កោងកូវ, មុជទឹកមិនដែលជ្រៅ, ផុសឡើងមិនដែលអត់”។