ដោយ ជា សុជាតិ
ស្រូវដែលបានមកពីការច្រូតកាត់ ហើយដែលគេទុកដើម្បីហូបពីមួយឆ្នាំទៅទល់មួយឆ្នាំ មានរបៀបទុកខុសៗគ្នា។ ជាទូទៅយើងស្គាល់គ្រប់គ្នាអ្វីដែលហៅថាជង្រុក។ បើគ្មានជង្រុកទេ អ្នកខ្លះទុកស្រូវនៅក្នុងបាវឬការុងនៅលើផ្ទះតែម្តង អ្នកខ្លះទៀតទុកស្រូវនៅក្នុងផ្ទះដែរ តែរៀបចំកន្លែងណាមួយនៅផ្ទះធំឬនៅផ្ទះបាយហៅថាតឹក។ តឹកនោះគឺគេយកឈើមកធ្វើជារបាភ្ជាប់ពីសសរមួយទៅមួយជារាងស្មើឬបួនជ្រុងទ្រវែង កំពស់ប្រមាណត្រឹមចង្កេះមនុស្សឈរ។ លុះបានជាគ្រោងឆ្អឹងរួចហើយ គេយកកន្ទេលមកក្រាលលើក្តានិងពាត់ពីក្នុងជាជញ្ជាំង។ នៅទីនេះ ខ្ញុំសូមបង្ហាញពីរបៀបទុកស្រូវម៉្យាងទៀត ដែលតម្រូវឲ្យមានឧបករណ៍មួយបែបទៀត។ ឧបករណ៍នោះជាជាលធំម៉្យាងហៅថាដោក (រូបលេខ១-២) ដែលត្បាញពីឫស្សី។
ដោកច្រើនឃើញគេធ្វើសម្រាប់ប្រើប្រាស់និងដាក់លក់នៅតំបន់ទន្លេតូច (រូបលេខ៣-៤) ប៉ុន្តែអាចមាននៅតំបន់ផ្សេងទៀតដែរ ព្រោះធ្លាប់ឃើញមានមង្គលបុរីជាដើម។ ដើម្បីធ្វើដោក គេត្រូវយកឬស្សីណាដែលចាស់ល្អទើបប្រើបានយូរ។ ដំបូងគេច្រៀកឫស្សីជាចម្រៀកទទឹងប្រមាណពីរធ្នាប់ដៃ និងប្រវែងពី៥ទៅ៨ម៉ែត្រ រួចត្រាំទឹកទុកកុំឲ្យមេស៊ី។ បន្ទាប់មកគេហាលថ្ងៃឲ្យស្ងួតល្មម ទើបយកមកត្បាញជាដោក ដោយចាប់ផ្តើមករពីបាតមកមុន (រូបលេខ៥)។
បន្ទាប់ពីធ្វើរួចស្រួលបួលហើយ គេពុំទាន់អាចយកមកប្រើបានភ្លាមទេត្បិតនៅមានប្រហោង (រូបលេខ៦)។ រូបលេខ៧ ជាដោកដែលគេធ្វើរួចស្រេចបាច់ហើយ បើធ្វើសម្រាប់លក់ គេទុកត្រឹមនេះ ដោយមិនលាបលនអាចម៍គោលាយដីដំបូកនៅឡើយទេ ដើម្បីកុំឲ្យធ្ងន់ពិបាកដឹកជញ្ជូនទៅទីឆ្ងាយ។ បើនៅតំបន់ទន្លេតូច គេតែងទុកប្រឡោះមួយទំហំល្មមអាចឲ្យមនុស្សចូលទៅកើបស្រូវ (រូបលេខ៨)។ ប្រឡោះនេះ គេធ្វើបន្ទះសម្រាប់បិតពេលដែលគេត្រូវផ្ទុកពេញ។ មុននឹងដាក់ស្រូវបាន គេត្រូវលាបអាចម៍គោលាយនឹងដីដំបូកឬភក់ពីក្នុងនិងពីក្រៅច្រើនដងលុះត្រាតែជិតល្អ រួចហាលថ្ងៃឲ្យស្ងួត (រូបលេខ៩)។ បើគេថែទាំត្រឹមត្រូវ គេអាចប្រើបានរហូតដល់១០ឆ្នាំឯណោះ។ រីឯទំហំ គេអាចធ្វើធំតូចតាមចិត្តប្រាថ្នា តែជាទូទៅឃើញមានទំហំ២ខុសផ្សេងគ្នា បើតូចល្មមអាចផ្ទុកស្រូវបានប្រមាណ៦០ថាំង បើធំអាចដាក់បានជាង១០០ថាំង។