ដោយ ព្រាប ចាន់ម៉ារ៉ា
មានរុក្ខជាតិច្រើនយ៉ាងណាស់ដែលអាចយកមកធ្វើជាមួកឬដួនសម្រាប់ពាក់ការពារកម្តៅថ្ងៃនៅពេលប្រកបការងារផ្សេងៗ។ រុក្ខជាតិទាំងនោះមានដូចជាស្លឹកត្នោត, ស្លឹករំចេក, ស្លឹកចា, ដើមចចូត, វល្លិថ្នឹង, បន្ទោះឫស្សី ឬចម្រៀកផ្តៅជាដើម។ ការដែលយកស្ងឹក ឬវល្លិប្រភេទណាមួយមកប្រើ គឺអាស្រ័យទៅតាមតំបន់និងតម្រូវការក្នុងពេលប្រើប្រាស់។ អ្នកប្រកបកិច្ចការស្រែចម្ការនៅតំបន់ដាច់ស្រយាលតាមមាត់ព្រៃឬចង្កេះភ្នំជាដើម ច្រើនបេះស្លឹកឈើណាមានទំហំធំៗមកធ្វើជាមួក ឬដួនពាក់បណ្តោះអាសន្នបានយ៉ាងងាយ ទៅតាមចំណេះឬទម្លាប់របស់គេ។ ឧទាហរណ៍ អ្នកស្រុកនៅតំបន់ភ្នំខាងលិចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដែលនិយមធ្វើស្រូវចម្ការនៅតាមមាត់ព្រៃនានា កាលណាថ្ងៃក្តៅខ្លាំងឬមានភ្លៀងរលឹមល្មមៗគេបេះស្លឹកត្បែង ឬខ្លុង ឬម៉ៃសាក់ (យ៉ាងច្រើន១០សន្លឹក) មកដេរធ្វើដួនពាក់ ភ្លាមៗបាន (រូបលេខ១-២)។
ការដែលធ្វើនោះពុំមានអ្វីសាំញ៉ាំឬប្រើពេលយូរទេ។ គេបេះយកស្លឹកត្បែងនិងស្មៅឬមែករុក្ខជាតិតូចៗនៅក្បែនោះមកធ្វើ (រូបលេខ៣-៤ )។
ដំបូងយកស្លឹកចំនួន៣ផ្គុំគ្នាផ្នែកខាងទង រួចយកមែករុក្ខជាតិតូចៗនោះមកខ្ទាស់ភ្ជាប់គ្នា បន្ទាប់មកបន្ថែមស្លឹកពីក្នុងបន្តបន្ទាប់គ្នាដូចក្នុងរូបលេខ៥-៨។ ការដេរស្លឹកមានរយៈពេលតែ៥នាទីប៉ុណ្ណោះ ហើយប្រើបានភ្លាមនិងមានម្លប់ល្អផង។