ដោយ អាំង ជូលាន
ជាធម្មតាពាក្យថា “ដួន” តែងសំដៅទៅលើវត្ថុគ្របក្បាលមួយប្រភេទដែលធ្វើពីស្លឹករុក្ខជាតិ ហើយដែលគែមខាងក្រោមច្រើនតែកន្ធែកឆ្ងាយមកក្រោមបាំងមុខ ចៀសវាងកុំឲ្យត្រូវថ្ងៃបាន។ ដួនខុសពីមួកនៅត្រង់ថា គែមមួកអែបជុំវិញក្បាល ហើយកៀបក្បាលតិចៗផងដើម្បីកុំឲ្យធ្លាក់ រីឯដួនវិញរាងទូទៅនោះជាទម្រង់សាជី យកមកពាក់ជាប់លើក្បាលបានដោយមានខ្សែចង។
នៅទ្វីបអាស៊ីទាំងមូលនេះ ជាតិសាសន៍ច្រើនណាស់ដែលនិយមប្រើដួន ជាពិសេសកសិករ ត្បិតអ្នកអស់នេះធ្វើការហាលថ្ងៃហាលភ្លៀង។ មើលទៅប្រហែលជាដួនជប៉ុនហើយដែលមានរូបរាងច្រើនបែបច្រើនសណ្ឋានជាងគេ។ បើនៅអាស៊ីអាគ្នេយ៍ ដួនដែលអ្នកស្រែឥណ្ឌូនេស៊ីពាក់ដូចជាមានទម្រង់ប្លែកៗខ្លះដែរ។ បើនៅដីគោកឯណេះ ប្រហែលជាប្រទេសវៀតណាមហើយ ដែលដួនសម្បូណ៌ជាងគេ ព្រោះមិនត្រឹមតែអ្នកស្រែទេដែលពាក់ដួន តែអ្នកក្រុងក៏ពាក់ដែរ។ ជាពិសេសស្រីយួន តែកាលណាតែងខ្លួនដោយប្រើសម្លៀកបំពាក់ប្រពៃណីជាតិគេ គឺគេតែងពាក់ដួន។ បើនៅប្រទេសកម្ពុជា, ថៃឡង់ដ៍, លាវជាដើមវិញ គឺទាល់តែអ្នកស្រែ ឬអ្នកជនបទធ្វើការកណ្តាលធម្មជាតិទើបឃើញមានពាក់ដួន។ រូបលេខ១ គឺអ្នកស្រែលាវកំពុងច្រូតស្រូវ។ ក្នុងនោះខ្លះពាក់ដួន, ខ្លះពាក់មួក ហើយម្នាក់នោះយកកន្សែង (ក្រមា) រុំក្បាល។ រូបតអំពីនោះទៅសុទ្ធតែថតនៅស្រុកខ្មែរទាំងអស់។ រូបលេខ២ ថតនៅម្តុំភ្នំបូក ខេត្តសៀមរាប, ឯរូបលេខ៣-៤ ថតនៅស្រុកព្រៃនប់ ជិតក្រុងព្រះសីហនុ ហើយយើងសង្កេតឃើញថា អ្នកខ្លះប្រើកន្សែងសុទ្ធ ឯអ្នកដែលប្រើដួនក៏សុទ្ធតែមានកន្សែងទទូរមួយជាន់នៅក្រោមដួននោះសិនដែរ។
រូបលេខ៥-១៣ បង្ហាញពីការធ្វើដួនដោយស្រីម្នាក់រស់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ធ្វើនោះឥតមានជាអាជីពរកស៊ីអ្វីឡើយ គឺយូរៗធ្វើម្តងនៅពេលទំនេរ ដើម្បីប្រើខ្លួនឯងផង លក់បន្តិចបន្តួចដល់អ្នកជិតខាងផង។ ប្តីគ្រាន់តែជួយបិតឫស្សីឲ្យស្តើងធ្វើឆ្អឹងតែប៉ុណ្ណោះ (រូបលេខ៥-៦)។ ឯការផ្សេងទៀតទាំងអស់គឺនៅលើស្រីនោះ ៖ ឆូតស្លឹកត្នោតឲ្យទំហំប៉ុនគ្នា (រូបលេខ៧), ករពីផ្នែកលើ (រូបលេខ៨) ហើយយកមកដេរភ្ជាប់នឹងគ្រោងឆ្អឹង (រូបលេខ៩) រហូតដល់ចប់ដំណាក់កាលទីមួយ (រូបលេខ១០-១១)។ គេយកក្រណាត់មកចំគែមជាលម្អ (រូបលេខ១២) ហើយបើចង់ឲ្យដួននោះជាប់យូរផង គឺគេអាចលាបជ័រទឹក ហាលឲ្យស្ងួត (រូបលេខ១៣) មុននឹងយកទៅប្រើ។