ដោយ អាំង ជូលាន
ក្នុងការប្រកបរបរកសិកម្មនៅតំបន់ទំនាប សត្វពាហនៈជាការចាំបាច់។ ថ្វីត្បិតតែគេចាប់ផ្តើមប្រើគ្រឿងចក្រខ្លះៗមកហើយ ប៉ុន្តែជាទូទៅគោក្របីជាសត្វដែលខ្មែរនៅទីទំនាបនិយមប្រើជាទូទៅនៅឡើយ។ ដូចយើងដឹងស្រាប់ គេតែងយកសត្វទាំងនោះមកទឹមរទេះ ឬអូសនង្គ័លជាដើម។ ឯការទឹមនោះសោត គេដាក់តែសត្វដូចគ្នានៅក្នុងនឹមតែមួយ។ ដូច្នេះហើយបានជាយើងតែងនិយាយថា “គោមួយនឹម” ឬ “ក្របីមួយនឹម”...។ បើនរណាម្នាក់ពាក់ស្បែកជើងដែលខុសគូ ដោយចេតនាក្តី ដោយអចេតនាក្តី គេតែងចំអកលេងឲ្យអ្នកនោះថា “មួយចំហៀងគោ មួយចំហៀងក្របី”។ មានន័យថា ពុំដែលនរណាយកគោទៅទឹមនឹងក្របីឡើយ ប៉ុន្តែយូរៗម្តង (ជាការកម្រប្រទះ) គេឃើញមានការទឹមរបៀបនេះ (ប្រហែលមកពីកសិករនោះខ្សត់ខ្សោយខ្លាំងពេក) ដូចមានរូបលេខ១និង២នេះជាឧទាហរណ៍ស្រាប់។