ដោយ អាំង ជូលាន
នៅតាមជនបទយើងពុំដែលឮថាមាននរណាម្នាក់ ដែលពុំដែលប្រើ ឬពុំដែលឃើញកាំបិតបន្ទោះឡើយ មានន័យថាឧបករណ៍នេះមាននៅគ្រប់ទិសទីណាដែលមនុស្សរស់នៅ មានទំនាក់ទំនងជិតស្និទ្ធ ឬល្មមៗជាមួយបរិស្ថានធម្មជាតិនៅជុំវិញ។ ដូច្នេះខ្ញុំគ្មានគោលបំណងអ្វីវែងឆ្ងាយលើសពីការឲ្យអ្នកដែលរស់នៅតែក្នុងក្រុង ដឹងថាអ្វីទៅជាកាំបិតបន្ទោះប៉ុណ្ណោះ។
កាំបិតនេះគេពុំដែលកាន់ដូចកាំបិតទូទៅឯទៀតទេ ព្រោះគេប្រើក្នុងកាយវិការមួយ ដែលឧបករណ៍ខ្លួនឯងនេះត្រូវនៅនឹង រីឯវត្ថុធាតុដូចជាឫស្សី ឬផ្តៅដែលគេត្រូវ “បិត” ឲ្យតូចឬឲ្យស្តើងតាមតម្រូវការនោះទៅវិញទេ ដែលត្រូវមានចលនា។ សូម្បីតែបរទេសក៏គេចាប់អារម្មណ៍នឹងរាងនោះដែរ ដូច្នេះហើយបានជាគេប្រើជាភាសាបរាំងថា Couteau de vannier ឬជាអង់គ្លេសថា Basketknife មានន័យថា ជាកាំបិតសម្រាប់ធ្វើកញ្ច្រែង ល្អី...។
តាមដែលប្រទះឃើញនៅខេត្តសៀមរាប ផ្លែវាអាចមានរូបរាងពីរយ៉ាង ដែលពុំសូវខុសគ្នាពីមួយទៅមួយប៉ុន្មានឡើយ (រូបលេខ១) ហើយដែលគេប្រៀបទៅនឹងរូបរាងត្រី៖ មួយហៅថា “ត្រីខ្នងវែង” ឯមួយទៀហៅថា “ត្រីក្រុស”។ ឯដងវិញតែងមានរាងកោងបន្តិច តែមិនជាខុបខ្លាំងប៉ុន្មានឡើយ។ អ្នកដែលឧស្សាហ៍ ឬដែលចូលចិត្តរចនាវត្ថុប្រើប្រាស់តែងឆ្លាក់ចុងដងនោះឲ្យចេញជារូបរាងអ្វីមួយ ជាពិសេសគឺក្បាលក្ងាន (រូបលេខ២-៣)។ លុះយកផ្លែនិងដងនោះមកបញ្ចូលគ្នាហើយ ទើបរាងទូទៅទាំងមូល មើលទៅឃើញកោងបន្តិចដែរ (រូបលេខ៤)។ អ្នកខ្លះពុំរវីរវល់ធ្វើស្រោមទេ គឺថាកាលណាមិនត្រូវការប្រើប្រាស់ គ្រាន់តែទុកនៅកន្លែងណាមួយឲ្យផុតពីដៃពីជើងក្មេងប៉ុណ្ណោះ។ ប៉ុន្តែអ្នកខ្លះទៀត គឺធ្វើស្រោមឲ្យ ដោយប្រើកាំណាត់ឫស្សី ម្ខាងមានថ្នាំង ម្ខាងអត់ថ្នាំង (រូបលេខ៥-៦)។
ប៉ែកមានថ្នាំងសម្រាប់បញ្ចូលផ្លែ ដ្បិតចុងផ្លែយ៉ាងស្រួចនោះមិនត្រូវឲ្យប៉ះពាល់សាច់មនុស្សឡើយ។ ពេលដែលស៊ក គឺគេស៊កខាងដងទៅមុន ហើយនៅពេលដែលផ្លែនោះផ្តេកស្របទៅលើស្រោមហើយ ទើបគេរុញឲ្យមុខផ្លែចូលទៅក្នុង (រូបលេខ៧)។ មិនតែប៉ុណ្ណោះទេ គេអាចធ្វើខ្សែដោយវេញពីជក់ត្នោតជាដើម មកភ្ជាប់នឹងចុងដងទាំងសងខាង (រូបលេខ៨) ដើម្បីពាក់ស្ពាយទៅណាមកណាតាមខ្លួន (រូបលេខ៩)។
រូបលេខ១០-១៤បង្ហាញពីរបៀបកាន់កាំបិតនោះ ធ្វើឲ្យយើងយល់ថា ហេតុដូច្នេះហើយបានជារាងទាំងមូលនោះ ជារាងកោង។