ដោយ អាំង ជូលាន
ប្រភេទឃ្លោកម៉្យាងដែលខ្មែរហៅថា ឃ្លោកសាយដៀវ ពោលគឺមានខ្លួនប៉ោងពីរគន្លាក់នោះ (រូបលេខ១) ជនជាតិភាគតិចនៅតំបន់ឦសានប្រទេសកម្ពុជា មិនថាព្នង, គ្រឹង, ព្រៅ, ទំពួន, ជ្រាយជាដើមនោះទេ សុទ្ធសឹងទុកដំណាំនេះជាចាំបាច់មួយក្នុងជីវិតរស់នៅរបស់គេ។ វត្ថុប្រើប្រាស់រាល់ថ្ងៃច្រើនបែបយ៉ាងណាស់ដែលធ្វើពីឃ្លោកនោះ ជាពិសេសពពួកភាជន៍ ដូចអាចឃើញនៅរូបលេខ២ស្រាប់។ ភាជន៍ក្នុងរូបលេខ៣ គឺគេដាក់បាយ ឯនៅរូបលេខ៤វិញគេដាក់បបរ។ រីឯឃ្លោកនៅរូបលេខ៥ គេប្រើសម្រាប់ចំហុយបាយ ត្បិតជនជាតិភាគតិចនៅខេត្តរតនគិរីច្រើនហូបបាយចំហុយ។ ពុំតែប៉ុណ្ណោះ គេចោះឃ្លោកធ្វើជាវត្ថុដងទឹកងូត (រូបលេខ៦) ឬចោះមួយបែបទៀត ហើយយកមកស្ពាយដាក់ត្រីដូចជាត្រកដូច្នោះដែរ(រូបលេខ៧)នៅពេលរកត្រីតាមស្ទឹងឬដងអូរជាដើម។
ជួនកាល វត្ថុប្រើប្រាស់ជាប្រចាំនេះមានលក្ខណៈសិល្បៈផង ដោយគេឆ្លាក់ក្បូរក្បាច់រចនាជារូបផ្សេងៗ។ រូបលេខ៨សឱ្យឃើញថា ក្នុងចំណោមឃ្លោកប្រើប្រាស់ជាភាជន៍នានានោះ មានមួយខុសគេត្រង់មានក្បាច់ (សូមមើលរូបលេខ៩ ជារូបលម្អិត)។
ក្បាច់លម្អនោះ ជួនកាលជាភ្ញីផ្កា ជួនកាលទៀតមានបង្ហាញពីជីវភាពប្រចាំថ្ងៃផង។ បើយកជាគោលគំនិតមកនិយាយ សិល្បៈនេះអាចប្រដូចទៅនឹងសិល្បៈដទៃ មានសំពត់ហូលជាដើម។ ដូច្នេះបើគិតជាប្រធានបទសិក្សាក្នុងវិស័យសិល្បៈ ឃើញថាជាប្រធានបទទូលំទូលាយជាប្រាកដ។ សូមកុំភ្លេចថាក្បូរក្បាច់ភ្ញី ឬដែលមានរាងជាធរណីមាត្រជាដើមនោះ បើសិក្សាវែងឆ្ងាយអាចឱ្យដឹងឬឱ្យសង្ស័យធ្វើជាសម្មតិកម្មថាជាការបង្កើតដោយខ្លួនឯងផ្ទាល់ ឬក៏ក្បាច់នេះក្បាច់នោះជាឥទ្ធិពលចូលមកជំនាន់ណាមួយមកពីក្រៅ ពីក្រុមមនុស្សដទៃរស់នៅដីគោក ឬនៅតាមកោះនេះកោះនោះជាដើម។ អ្នកដែលសិក្សាលើតម្បាញ ជាបច្ចេកទេសក្តី ជាសិល្បៈក្តី សុទ្ធសឹងគិតពិចារណារឿងអស់ទាំងនោះឯងហើយ។ បើយកតែការសិក្សាអំពីហូលខ្មែរប្រៀបធៀបទៅតម្បាញសូត្រជនជាតិដទៃនៅអាស៊ីភាគអាគ្នេយ៍ក៏ឃើញថា មានសៀវភៅព្រមទាំងអត្ថបទមួយចំនួនដែលគេបានផ្សព្វផ្សាយមកហើយដែរ។ ឯចម្លាក់លើឃ្លោកដែលនៅថ្មីស្រឡាង ពុំទាន់មានការសិក្សានោះ គួរតែយកមកសិក្សាវែងឆ្ងាយដូចគ្នា។ តាមពិតទៅ លោក Yasushi Kojo (រូបលេខ១០)នៃសាកលវិទ្យាល័យ Waseda (ក្រុងតូក្យូ ) ធ្លាប់មានបំណងសិក្សាលើឃ្លោកនៅតំបន់ឦសាននៃប្រទេសកម្ពុជាដែរ តែជាអកុសល ក្រោយពីចាប់ផ្តើមរៀបចំប្រមូលទិន្នន័យបនខ្លះៗមក លោកក៏ទទួលមរណភាពទៅ។ ឃ្លោកដែលមានចម្លាក់ ហើយដែលលោកបានប្រមូលយកមកសិក្សា សព្វថ្ងៃនេះខ្ចប់ទុកនៅមហាវិទ្យាល័យបុរាណវិទ្យា ក្រុងភ្នំពេញ។ នៅទីនេះ ខ្ញុំសូមបង្ហាញឧទាហរណ៍បី៖ លេខ១១-១២, ១៣-១៤, និង១៥-១៦។ ឃ្លោកទាំងនេះជារបស់ដែលគេប្រើប្រាស់ពិតប្រាកដ ពុំមែនរបស់ធ្វើឡេងីដើម្បីយកទៅលក់នៅផ្សារសម្រាប់ទេសចរនោះឡើយ។