ដោយ ឆាយ វិសុទ្ធ
អត្ថបទនេះនឹងបង្ហាញពីកន្លែងផលិតកុលាលភាជន៍មួយចំនួន នៅតំបន់ឦសាននៃប្រទេស កម្ពុជា ពោលគឺនៅខេត្តពីរ គឺ ខេត្តរតនគិរី និងមណ្ឌលគិរី។ ជាលើកដំបូងនេះ ខ្ញុំសូមលើកយកតែពីកុលាលភាជន៍នៅខេត្តរតនគិរីសិនប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខេត្តរតនគិរី មានភូមិបីដែលផលិតរបស់ ប្រើប្រស់ពីដីដុត ហើយរបរនេះពេញសកម្ម ចាប់ខែកុម្ភៈដល់ឧសភា។
១- ភូមិឡាអិន ឬឡាអិនស្រែ ស្ថិតនៅ ឃុំតឺន, ស្រុកកូនមុំ ចម្ងាយប្រមាណ២០គ.ម.ខាងពាយ័ព្យទីរួមស្រុកបានលុង។
២- ភូមិកោះពាក់ ស្ថិតនៅឃុំកោះពាក់, ស្រុកវ៉ឺនសៃ ចម្ងាយជាង៤០គ.ម.ខាងជើងទីរួមស្រុកបានលុង។ ភូមិនេះនៅតាមបណ្តោយទន្លេសេសាន។
ភូមិទាំងពីរនេះផលិតជាពិសេសភាជន៍ចម្អិនអាហារ ដូចជាឆ្នាំងតូចសម្រាប់ដាំស្ល និងឆ្នាំងធំសម្រាប់ចំហុយ។ ឆ្នាំងតូចមានសណ្ឋានស្រដៀងឆ្នាំងដីដែលជនជាតិខ្មែរប្រើប្រស់ដែរ ពោលគឺខ្លួនវារាងក្រឡូម តែមិនសូវរួមចូលខ្លាំងទេនៅត្រង់ក មុននឹងរីកសាយមាត់ចេញជាគែម ។ ឆ្នាំងធំមានរាងក្រឡូមផ្នែកខាងក្រោមដែរ តែរាងរួមតូចទៅលើ ហើយខ្ពស់ជាងឆ្នាំងតូច។ រីឯបាតភាជន៍ទាំងពីរវិញ មិនក្រឡូមមូលក្បំទេ គឺរាងសំប៉ែតជាងក្អមឆ្នាំងដែលខ្មែរប្រើប្រស់។ ឆ្នាំងទាំងពីរនេះ សូមមើលរូបលេខ១។ បច្ចុប្បន្នមានស្មូនតែប្រមាណ៦នាក់ប៉ុណ្ណោះ ដែលចេះធ្វើឆ្នាំងប្រភេទនេះ ហើយអ្នកខ្លះសម្រេចបោះចោលអាជីពជាមត៌កពីដូនតាច្រើនជំនាន់នេះបណ្តើរៗ ត្បិតគេនិយមទិញរបស់ផលិតពីលោហៈប្រភេទស្រាលមកប្រើ។ ឯស្មូនដែលនៅសេសសល់នោះ មានវ័យកាន់តែជរា ហើយគ្មានអ្នកបន្តវេនទៀតទេ (រូបលេខ២ ជាស្មូនម្នាក់ អាយុប្រមាណ ៧០ឆ្នាំ)។ បើពោលពីបច្ចេកទេសរៀបចំដី និងការដុតគឺពុំដូចគ្នាឡើយ។ នៅភូមឡាអិន គេយកដីមកធ្វើដោយពុំចាំបាច់លាយជាមួយវត្ថុធាតុអ្វីផ្សេងឡើយ តែដីនៅភូមិកោះពាក់ ត្រូវតែលាយសារធាតុពង្រឹងគឺ ដីខ្សាច់ម៉ដ្ឋ។ បើដុតវិញ ភូមិឡាអិន ប្រើប្រាស់ឈើ, ឬស្សី ឬសម្បកឈើ តែស្នូននៅភូមិកោះពាក់ប្រើតែសម្បកឈើមួយមុខគត់។ លុះដុតរួចរាល់ហើយ ស្នូនភូមិឡាអិន យកឆ្នាំងមកដាក់អង្កាមលីងមួយសាសិន ដើម្បីឲ្យឆ្នាំងឆ្អិនល្អ មិនជ្រាបទឹក។ ពេលប្រើប្រស់លើកដំបូងៗ គេឧស្សាហ៍កៀរពពុះបាយ ឬបបរលាប លើផ្ទៃភាជន៍ខាងក្រៅ ដើម្បីឱ្យសាច់ភាជន៍ខ្មៅរលើបនិងជាប់បានយូរ។ រីឯភូមិកោះពាក់ ស្នូនយកទឹកដែលមានត្រាំសម្បកដើមក្តុល ទៅប្រោះលើសាច់ភាជន៍ ពេលដុតរួចរាល់ហើយ។ គេធ្វើបែបនេះដើម្បីឲ្យជ័រនិងសារធាតុ ផ្សេងៗដែលចេញពីសម្បកឈើ ជួយពង្រឹងសាច់ដីឱ្យជាប់ល្អ។
៣- ភូមិប៉កាឡាន់តូច ស្ថិតនៅឃុំប៉ាកាឡាន់, ស្រុកវ៉ឺនសៃ ចម្ងាយប្រមាណ៤៥គ.ម.ពីទីរួមស្រុកបានលុង នៅតាមបណ្តោយដងទន្លេសេសាន។ ភូមិនេះផលិតរបស់ប្រើប្រស់មូយចំនួន ដូចជា ត្បាល់ (រូបលេខ៣), ពាងតូចធំសម្រាប់ដាក់ប្រហុក និងស្រា (រូបថតទី៤-៨)។ វត្ថុទាំងនេះជាប្រភេទភាជន៍រឹង ជួនមាន ជួនគ្មានលាបស្រទាប់រលោងទេ ហើយសូនឡើងដោយមានឈ្នាន់បង្វិល។ ទាំងរូបរាង និងទាំងស្រទាប់រលោងធ្វើឲ្យនឹកឃើញដល់ភាជន៍បុរាណ ដែលខ្មែរផលិតនៅសម័យអង្គរ។ ភាជន៍ទាំងនេះ ដុតនៅក្នុងឡដែលមានកម្តៅជាង១០០០អង្សា ហើយឡនេះ សង់នៅតាមបណ្ដោយច្រាំងនៃទន្លេសេសាន។ រូបលេខ៩ ជាបំពង់ផ្សែង មើលពីច្រាំងទៅទន្លេ, រូបលេខ១០ ជាច្រកមាត់ឡ, រូបលេខ១១ ថតចេញពីបន្ទប់ដុតមក, ឯរូបលេខ១២ ជាកន្លែងរៀបភាជន៍សម្រាប់ដុត។ សូមបញ្ជាក់ថាឡប្រភេទនេះមានតែនៅភូមិនេះមួយគត់ ចំណែកឯស្មូនវិញ សុទ្ធសឹងជាមនុស្សប្រុស មកពីបួន ឬប្រាំគ្រួសារបុណ៉្ណោះ។ អ្នកទាំងនេះសុទ្ធសឹងជាអ្នកដែលមានកំណើតជាលាវ ដែលតាំងទីនៅតំបន់នេះជាច្រើនតំណមកហើយ។
បច្ចុប្បន្នភាជន៍មកពីភូមិទាំងបី ផលិតដើម្បីលក់ ឬដោះដូរបន្តិចបន្តួចទៅតាមបណ្តាភូមិស្រុកមួយចំនួនទៀតប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃខាងមុខទីផ្សារសម្រាប់ភាជន៍នៅតំបន់នេះទំនងជាទូលាយជាងមុន ដ្បិតមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខិតខំរកទីផ្សារឱ្យស្នូនទាំងនោះ។ ភាជន៍រឹងមានតម្លៃខ្ពស់ជាងភាជន៍ផុយ ហើយពាងខ្លះអាចលក់បានរហូតដល់ទៅ៥ម៉ឺនរៀល។ ទីផ្សារសំខាន់សម្រាប់ភាជន៍រឹងគឺ ក្រុមជនជាតិភាគតិចនៅភាគ ឦសាន។ អ្នកទាំងនោះទិញពាងតូចធំសម្រាប់បិទស្រា ហើយគេមានជំនឿថា ភាជន៍កាន់តែធំព្រលឹងអារក្សដែលរក្សាពាងនោះកាន់តែមានមហិទ្ធិឬទ្ធិ ខ្លាំងក្លា។ បើពីអតីតកាលផង ពាងធំមួយអាចមានតម្លៃ ស្មើរនឹងក្របីមួយក្បាល។