ដោយ ហួត សំណាង
កាលណាគេនិយាយអំពីក្អមឆ្នាំង គេមុខតែនឹកភ្នកដល់ភូមិអណ្តូងឬស្សី នៅខេត្តកំពង់ឆ្នាំង និងនៅកន្លែងនានា ផ្សេងទៀតដូចជាភូមិដំដែក ក្នុងខេត្តកំពង់ស្ពឺ, ភូមិដំណាក់ចំបក់ ក្នុងុខេត្តកំពត, ភូមិឬស្សីជក់ និងភូមិព្រៃព្រហ្មក្នុងខេត្ត ព្រៃវែង ពុំនោះទេនៅតំបន់ភាគឦសាន្តប្រទេស។ ដែលនៅបន្តប្រពៃណីផលិតក្អមឆ្នាំងរបស់ខ្លួនតាមរបៀបបុរាណនៅ ឡើយ។ ពោលគឺដើរជុំវិញត្បាល់ឈើទ្រដីធ្វើភាជន៍ និងដុតហាលវាល។ ទោះយ៉ាងដូច្នេះក្តី វិធីសាស្ត្រផលិត, វត្ថុធាតុ, ឧបកណ៍ប្រើប្រាស់ និងការហៅឈ្មោះអាចខុសគ្នាតាមតំបន់ជារឿងធម្មតា។ ប៉ុន្តែអ្វីដែលគួឲ្យបារម្មណ៍គឺការ ផលិតក្អមឆ្នាំងរបៀបនេះកំពុងតែប្រឈមមុខទៅនឹងការបោះបង់ចោលបន្តិចម្តងៗ។ ត្បិតការផលិតគ្មានតុល្យភាពទៅ និងប្រាក់ចំណេញ ម៉្យាងទៀតសព្វថ្ងៃអ្នកស្រុកនិយមប្រើភាជន៍នាំចូលពីបរទេសជំនួសវិញ។
ជាក់ស្តែង អ្នកស្រុកនៅក្នុងភូមិចន្លាតដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រៅពីធ្វើស្រែចម្ការមានរបរមួយ ផ្សេងទៀតគឺការផលិតក្អមឆ្នាំងលក់។ ភាគច្រើនគេផលិត ពួច, ឃ្លះ, ក្អម, ល្បួល(មានចោះរុន្ធនៅបាតសម្រាប់ចំហ៊ុយ បាយ ឬនំត្រៀប), បំពង់បង្ហុយផ្សែង, ឆ្នាំងកម្តៅកូនមាន់ជាដើម៘
ដើម្បីផលិតជាក្អមឆ្នាំងផ្សេងៗអ្នកស្រុកយកដី និងថ្មពុកពីភ្នំជីសូរ្យមកបុកលាយបញ្ជូលគ្នា ដើម្បីកុំឲ្យវាប្រេះបែកនៅពេលដុត។ គេផលិតភាជន៍ដោយប្រើ«គិល»ទប់ពីក្នុង និង«ទ្រនះ»ទះពីក្រៅឲ្យចេញជារាងភាជន៍ដោយដើរជុំវិញត្បាល់ឈើកល់ដីធ្វើភាជន៍។ គិលមានពីរប្រភេទគឺ «គិលបើក» (គិលនេះរាងមូលទ្រវែង) តែគេប្រើកំណាត់មានជាយ រាងដូចដងកាន់។ គេរុំកំណាតកុំឲ្យដីស្អិតជាប់គិលពេលវាយបើកមាត់ភាជន៍។ «គិលភ្ជិត»សម្រាប់គូទមានរាងមូលដូចគិលបើកតែគ្មានរុំកំណាត់ទេ។ ឯទ្រនះវិញមានបួនប្រភេទ៖ ១.«ទ្រនះបើក»សម្រាប់វាយក្អេងឲ្យប៉េងមានស្នាមឆូតរាក់ៗកាត់ទទឹង, ២. «ទ្រនះភ្ជិត» សម្រាប់វាយបិតគូទ ៣. «ទ្រនះបើក» សម្រាប់វាយឲ្យចេញមាត់, ៤. «ទ្រនះគ្រៀត»មានឆូតកាត់ទទឺង និងឆូតបញ្ជឹតជាក្បាច់លម្អសម្រាប់វាយឲ្យចេញកក្អម។
ភាជន៍ដែលផលិតរួច គេដាក់ហាលថ្ងៃឲ្យស្ងួតទើបយកទៅដុតនៅទីវាលដោយប្រើចំបើងគ្របពីលើ។ គេដុតភាជន៍របៀបនេះដូចនៅភូមិដ៏ទៃទៀតដែរ។ ពីមុន ការផលិតក្អមឆ្នាំងនៅក្នុងតំបន់នេះមានភាពមមាញឹកណាស់ ពោលគឹសឹងតែគ្រប់ផ្ទះប្រការរបរនេះ ត្បិតជារបរប្រពៃណីប្រចាំភូមិស្រុកគេ។ តែបច្ចុប្បន្ន ការផលិតក្អមឆ្នាំងនៅក្នុង តំបន់នេះមាននៅសល់តិចតួចណាស់ ហើយកំពុងតែប្រឈមនឹងការបោះបង់ចោលក្នុងពេលអនាគត ម៉្យាងចំណេះ ដែលធ្លាប់តែចេះធ្វើក្អមឆ្នាំងតៗគ្នាក៏ប្រឈមនឹងការបាត់បង់ដែរព្រោះគេឈប់ផលិតភាជន៍ទៀត។