ដោយ ស៊ីយ៉ុន សុភារិទ្ធ
ដើម្បីកុំឱ្យសត្វដែលយើងចិញ្ចឹមដោយញីដោយឈ្មោល គេមានវិធីច្រើនយ៉ាងដូចជាគ្រៀវទៅតាមប្រភេទសត្វ។ ជ្រូកត្រូវគ្រៀវតាមវិធីម៉្យាង បើឆ្កែឈ្មោលវិញគេគ្រៀវដោយចងពងវាឱ្យជ្រុះ។ ចំណែកគោគេត្រូវ “ដំពង” នៅពេលវាស្ទាវ បើពុំនោះទេ គឺមិនអាចយកទៅប្រើការបានឡើយ ដោយសារវានឹងឡើងករកញីធ្វើឱ្យយើងបញ្ជាវាពុំបាន។
ដើម្បី ដំពង គេត្រូវរកកន្លែងណាមួយ មានដើមឈើជាដើមយកគោមកចងរឹតដើម្បីកុំឱ្យរើ ធ្វើដូច្នោះបានទាល់តែមានមនុស្សបីឬបួននាក់ (រូបលេខ១)។ ឧបករណ៍ដំពងមានឈើកល់, ដែកដំ, កំណាត់សម្រាប់រុំពង (រូបលេខ២)។ ក្រោយពីចងគោនឹងដើមឈើហើយ គេ ចងជើងវាទាំងបួនចូលគ្នា រួចទើបយកកំណល់ ឈើមកកល់ ពង។ អ្នកដំត្រូវយកកំណាត់សំពត់មករុំពងគោពីរឬបីជាន់ ការពារក្រែងពេលដំទៅមានរលាត់ស្បែកចេញឈាម។
ស្រាច់ហើយគេយកដែកដំមកវាយផ្តាច់សសៃ (រូបលេខ៣)។ រីឯថ្នាំសម្រាប់ផ្សះនោះ គឺពន្លៃដែលគេបុកត្រាំជាមួយស្រា (រូបលេខ៤)។ លុះវាយរួចហើយ គេយកពន្លៃមករឹតពង ហើយរុញពងនោះចូលទៅក្នុង(រូបលេខ៥)។
យើងមើលការដំពងនេះទៅ ឃើញថាច្បាស់ជាឈឺចុកចាប់ខ្លាំងណាស់ ហើយធ្វើឱ្យយើងគិតថា ប្រហែលជាយល់ដូច្នេះហើយបានជានៅពេលនរណាម្នាក់ធ្វើអ្វីខុស គេនិយាយស្តីបន្ទោសរបៀបចំអកបន្តិចថា “សមតែដំពងទេ!”។