ដោយកញ្ញា កែម សុនី
នៅប្រទេសកម្ពុជាទាំងមូល ប្រភេទនំច្រកប្ញស្សីដែលហៅថា “ក្រឡាន” គឺគេនិយមជាទូទៅ មិនថានៅតំបន់ណា ឬតំបន់ណាឡើយ។ វិធីធ្វើ ឬទំហំក្រឡាននោះអាចខុសគ្នាពីតំបន់មួយទៅតំបន់មួយ ដែលជារឿងធម្មតា ពុំប្លែកគ្នាអ្វីពីម្ហូប អាហារ ឬចំណីចំណុកដទៃទៀតទេ។ ឧទាហរណ៍ នៅម្តុំខាងជើងស្គន់បន្តិចមានភូមិមួយឬពីរ នៅជាប់ផ្លូវជាតិលេខ៦ ដែលនិយមធ្វើក្រឡានតូចៗប៉ុនមេជើង។
នៅទីនេះនាងខ្ញុំចង់និយាយពីក្រឡានដែលគេធ្វើនៅម្តុំភូមិថ្មគ្រែ តាមបណ្តោយទន្លេធំ ក្នុងខេត្តក្រចេះ។ ពីមុនមកគេដុតក្រឡានល្មមតែទទួលទានក្នុងគ្រួសារ, ចែកចាយឱ្យអ្នកជិតខាងបន្តិចបន្តួច, យកទៅវត្តប្រគេនលោក ប៉ុណ្ណោះ។ បើពេលណាធ្វើច្រើន ក៏ធ្វើសម្រាប់តែមានពិធីអ្វីមួយ ក្នុងឱកាសប្រមូលផលស្រូវរួចជាដើម។ ប៉ុន្តែសព្វថ្ងៃ អ្នកស្រុកនៅភូមិថ្មគ្រែខ្លះបែកប្រាជ្ញាធ្វើក្រឡានលក់ (រូបលេខ១)។ ដើមឡើយ មានតែពីរឬបីគ្រួសារប៉ុណ្ណោះ ដែលប្រកបរបរនេះ។ ភ្ញៀវទេសចរដែលមកលេងព្រែកកាំពីដើម្បីមើលសត្វផ្សោតជាដើម ឬខ្លះទៀតទៅលេងខេត្ត ស្ទឹងត្រែងឬខេត្តរតនគិរី ចាប់ផ្តើមឈប់ឡានទិញក្រឡាននៅទីនេះដើម្បីទទួលទានខ្លួនឯងផង ឬជួនកាលដឹកយក ទៅផ្ញើញាតិមិត្តផង។ នេះមកពីគេចាប់អារម្មណ៍ថា ក្រឡាននៅទីនេះមានរសជាតិពិសេស។ អាស្រ័យហេតុនេះ នាងខ្ញុំសូមរៀបរាប់ត្រួសៗពីវិធីធ្វើនោះ ដោយសារធ្លាប់បានទៅសង្កេតផ្ទាល់ដូចខាងក្រោមនេះ។
របៀបធ្វើក្រឡានពីដើមគេប្រើអង្ករដំណើប, ដូងទុំ និងអំបិល។ ដំបូង គេយកអង្ករដំណើបទៅត្រាំទឹកប្រហែល ៣ម៉ោង រួចស្រង់ទុកឱ្យស្រស់ទឹក។ ឯដូងទុំត្រូវកោសយកសាច់លាយជាមួយអង្ករនោះ ហើយដាក់អំបិលបន្តិចលាយ ច្របល់ចូលគ្នា រួចច្រកចូលក្នុងបំពង់ប្ញស្សី (គេយកប្ញស្សីស្រុកដែលចេញស្លឹកថ្មីៗទើបមានក្លិនឈ្ងុយ និងមានក្រដាស ជាប់សាច់នំល្អ) ហើយចាក់ទឹកចូលជិតពេញ និងយកស្លឹកខ្លតញាត់ឱ្យណែនមាត់បំពង់ ទើបយកទៅដុត។ ការធ្វើក្រឡាន តាមរបៀបពីមុននេះ ជួនកាលមានរសជាតិល្មម ជួនកាលទៀតសាប ឬប្រៃដោយការស្មានមិនទៀតទាត់។ សព្វថ្ងៃអ្នកភូមិ ថ្មគ្រែកែច្នៃរបៀបធ្វើឱ្យល្អជាងមុនបន្តិច។ បើគេយកអង្ករដំណើបដែលត្រាំរួចនោះ១គ.ក្រ.លាយជាមួយដូង១ គឺសាច់ដូង បន្តិច, ខ្ទិះដូងបន្តិច, ស្ករស១ខាំ (បើមិនចូលចិត្តផ្អែម គេដាក់តិចជាងនេះ), ដាក់សណ្តែកអង្គុយស្ងោរឆ្អិនស្រាប់១ខាំ និងអំបិលបន្តិច ហើយច្របល់ចូលគ្នាលាយនឹងទឹកបន្តិច រួចភ្លក់មើលសិន (រូបលេខ២)។ បើយល់ថាល្មមហើយ គេក៏ច្រក ចូលក្នុងបំពង់ប្ញស្សី និងយកស្រកីដូងញាត់មាត់បំពង់ឱ្យជិត ទើបយកទៅតម្រៀបគ្នាផ្អែកលើរបាមួយ ហើយដុតភ្លើងតែផ្នែកម្ខាង និងប្រែចុះប្រែឡើងរយៈពេលកន្លះម៉ោងទើបឆ្អិនល្អ ហើយគេកាយភ្លើងចេញ (រូបលេខ៣-៥)។ បន្ទាប់មក គេទុកឱ្យត្រជាក់បន្តិចទើបយកមកសកសំបកប្ញស្សី ដោយទុកឱ្យនៅកម្រាស់ស្តើងដែលអាចបកបានងាយ (រូបលេខ៦-៧)។ សព្វថ្ងែអ្នកស្រុកនៅទីនេះលក់ក្រឡានដោយថ្លឹងគីឡូ គឺមួយគីឡូតម្លៃ ២៥០០ទៅ ៣០០០រៀល។