ដោយ អាំង ជូលាន
ពាក្យថា «លាន់» នេះហាក់ដូចជាឮប្រើទូទៅនៅក្នុងប្រទេសកម្ពុជាទាំងមូល សម្រាប់សំដៅលើឧបករណ៍ដាក់យកអន្ទង់។ ឧបករណ៍នេះធ្វើពីឫស្សី វែងឬខ្លី ដែលគេលុងយកថ្នាំងក្នុងអស់ លើកលែងតែថ្នាំងនៅបាត។ រីឯប្រវែងវិញ អាចវែងឬខ្លី តែជាមធ្យមឃើញមានប្រវែងប្រមាណ១,៥០ម.។ រូបលេខ១ បង្ហាញពីភិនភាគលាន់ទូទៅ។ រូបលេខ២-៤ គឺ «ប្រើស» សម្រាប់យកទៅញាត់បញ្ចូលឲ្យស្មើមាត់លាន់ សម្រាប់ដាក់នុយទាក់ទាញ ជាច្រកឲ្យអន្ទង់រុលខ្លួនចូលទៅក្នុងបំពង់នោះផង។ បើមើលរូបលេខ១ម្តងទៀតឃើញថា គេមានចោះរន្ធពីរនៅមាត់បំពង់នោះ ដើម្បីបញ្ចូលស្នៀតឫស្សី ទប់កុំឲ្យប្រើសរអិលទៅណាមកណា។
ម៉្យាងទៀត ចុងស្នៀតនោះគេសម្រួចឲ្យស្រួច ដើម្បីដោតទៅក្នុងដី ទប់លាន់កុំឲ្យហូរទៅតាមទឹក ឬរំកិលប្តូរទីកន្លែង។ នុយនោះត្រូវមានក្លិនស្អុយបន្តិច ដ្បិតអន្ទង់ចូលចិត្តក្លិនរបៀបនោះឯង។ ក្នុងឧទាហរណ៍ដែលបង្ហាញនេះ គេយកជន្លេនមកលាយជាមួយត្រីស្អុយធ្វើជានុយ។ បើយើងមើលទៅចុងម្ខាងទៀត យើងតែងឃើញរន្ធដែលគេចោះសម្រាប់ឲ្យអន្ទង់ដែលជាប់ក្នុងលាន់នោះ មានខ្យល់ដកដង្ហើមបាន (រូបលេខ៥) ដ្បិតគេច្រើនដាក់ត្រាំចោលក្នុងទឹករយៈពេលច្រើនម៉ោងដែរ បើដាក់ពីល្ងាចវិញ គឺច្រើនតែស្អែកព្រឹកឡើងទើបទៅយក ដូច្នេះអន្ទង់ក៏នៅរស់ជាធម្មតា។ ហេតុនេះ នៅពេលដែលយកលាន់នីមួយៗទៅកប់ក្នុងទឹក (រូបលេខ៦) គេត្រូវបំបះវាបន្តិចដើម្បីឲ្យរន្ធខ្យល់ផុតពីទឹក (រូបលេខ៧-៩)។ ចំនួនលាន់ដែលដាក់ម្តងៗមិនទៀងថាតិច ឬច្រើនឡើយ ព្រោះអាស្រ័យទៅតាមទីដែលសម្បូណ៌អន្ទង់ ឬមិនសូវសម្បូណ៌។ បើមិនសូវសម្បូណ៌ ដាក់ម្តងតែ៤-៥ប៉ុណ្ណោះ តែបើទីណាដែលសម្បូណ៌វិញ អាចមានលាន់ដល់ទៅ៣០ក៏មាន។