ដោយ អាំង ជូលាន
នៅតាមភូមិមួយចំនួននៃស្រុកកំពង់ត្រាច, ខេត្តកំពត មានវិធីបោកស្រូវម៉្យាងដែលហាក់ដូចជាប្លែក ឬក៏ពុំសូវឃើញនៅទីដទៃទៀតក្នុងប្រទេសកម្ពុជានេះ។ ស្រូវដែលច្រូតបានហើយ គេយកមកបោកនៅតាមស្រែភ្លាមៗ ពុំបាច់ដឹករទេះទៅបោកទីណាផ្សេងទៀតឡើយ។ ដូច្នេះហើយបានជានៅរូបលេខ១ យើងឃើញថាស្រូវនោះ គេពុំចងជាកណ្តាប់ទេ គេទុកដោយដុំៗហៅថា “ដៃ”។ ឱទាហរណ៍ស្រូវដែលខ្ញុំបង្ហាញនេះគឺស្រូវឈ្មោះ “នាងកង” ជាប្រភេទស្រូវធ្ងន់ ពោលគឺធ្វើ៦ខែទើបបានច្រូត (រូបលេខ២)។
បើនិយាយជាបាយវិញ គឺបាយទន់។ ដែលបានឃើញនេះ គឺគេច្រូតនៅខែមិគសិរ (ចុងខែធ្នូ គ.ស. ២០០៧)។ រីឯឧបករណ៍សម្រាប់បោកនោះ គេហៅថា “លុង” ដូចមានបង្ហាញនៅរូបលេខ៣-៤ ស្រាប់។ ជញ្ជាំងដែលយកមកពាត់នោះជាកន្ទេលចចូត។ គេធ្វើជញ្ជាំងរៀវហើយញែកខ្ពស់ទៅលើ ដើម្បីកុំឲ្យគ្រាប់ស្រូវខ្ទាតចេញផុតនោះបាន គឺថាបោកហើយ គ្រាប់តែងតែធ្លាក់ចូលក្នុងទីនោះវិញ។ រីឯវត្ថុដែលបោកស្រូវចំលើនោះសោតក៏ពុំមែនជាក្តារបន្ទះដែរ គឺមានកាំដូចជណ្តើរ ហើយពុំតែប៉ុណ្ណោះហៅថា “ជណ្តើរ” ដូច្នេះតែម្តង (រូបលេខ៥-៦)។
នៅរូបលេខ៧-៨ យើងឃើញគេកំពុងយកដៃស្រូវនោះមកបោក។ ដូច្នេះឃើញថាស្រូវដែលបោកក្រោយពីច្រូតភ្លាមៗនោះ គឺរសៀលឬល្ងាចថ្ងៃនោះឯង គេដឹកបានចូលដល់ផ្ទះជាគ្រាប់ស្រូវតែម្តង។ នេះជាការចំណេញពេលនឹងកម្លាំងច្រើន។ តែតាមមើលទៅ ប្រហែលមកពីស្រែទាំងនោះពុំសូវមានទំហំធំពេកផង ហើយយ៉ាងនេះក្តីក៏គេធ្វើដោយប្រវាសគ្នា ហៅថា “យកដៃ”គ្នាដែរ។