ដោយ ជា ណារិន
ដើមរំចេក (ពាក្យរុក្ខជាតិជាឡាតាំងហៅថា Pandanus martelli) សម្បូណ៌ណាស់នៅតាមស្រុកស្រែ។ គេនិយមដាំធ្វើរបង ដោយសារដើមនេះមានបន្លាការពារសត្វអ្វីផ្សេងៗកុំឱ្យចូលក្នុងដីភូមិ។ ម៉្យាងទៀត ស្លឹករំចេកគេយកមកធ្វើកន្ទេលបានយ៉ាងងាយ។ មិនតែប៉ុណ្ណោះ គេអាចយកទៅប្រើប្រាស់ជាថ្នាំព្យាបាលកាមរោគផង។ រុក្ខជាតិដ៏សម្បូណ៌នៅគ្រប់ទិសទីនេះ កម្រយើងប្រទះឃើញមានផ្កាណាស់។ បើប្រទះឃើញហាក់បីដូចជាសំណាង ត្បិតផ្ការំចេកនោះមានក្លិនក្រអូបក្រៃលែង ហើយគេឱ្យតម្លៃខ្លាំងណាស់ ដូច្នោះហើយបានជាគេយកមកប្រើប្រាស់នៅក្នុងពិធីនានា។ សូម្បីតែចម្រៀងខ្មែរក៏មានឈ្មោះថា “ផ្ការំចេក” ដែរ ត្បិតគន្ធពិដោរនោះវិសេសវិសាលពន់ពេក។ រូបលេខ១-២ បង្ហាញពីផ្ការំចេកដែលគេកាច់យកមកទុកដើម្បីយកលម្អង (រូបលេខ៣)។ នេះគឺជារុក្ខជាតិដែលមាននៅក្នុងធម្មជាតិ។ ដូច្នេះដើមរំចេកដែលមើលទៅហាក់ដូចជាគ្រាន់តែធ្វើរបងនោះ អាចទៅជាមានតម្លៃខ្លាំងដោយសារគន្ធពិដោរនៃផ្កា ដែលមានយ៉ាងកម្រនោះ។ ក្នុងរឿងព្រេងខ្មែរមានរឿងមួយឈ្មោះហៅថា “នាងលម្អងរំចេក” ដែលឪពុកជាដំរី។
ចំពោះនំនែកវិញ មាននំម៉្យាងដែលមានឱជារសពន់ប្រមាណ ឈ្មោះហៅថា “នំលម្អងរំចេក” ដូច្នោះតែម្តង។ នំនេះធ្វើអំពីម្សៅអង្ករដំណើប (ដំណើបស)។ ដំបូងគេយកអង្ករដំណើបមកត្រាំទឹកមួយសន្ទុះធំ បន្ទាប់មកលាងឱ្យស្អាត ស្រង់ដាក់សំដិលឱ្យស្រស់ទឹក ទើបយកទៅបុកឱ្យល្អិតបានជាម្សៅ។ គេកម្តៅខ្ទះឱ្យក្តៅល្មមដោយប្រើភ្លើងតិចៗ (រូបលេខ៤)។ បន្ទាប់មកយកម្សៅដំណើបនោះមករែងយកម្សៅម៉ដ្ឋៗដោយដាក់រោយលើខ្ទះដែកក្តៅនោះ (រូបលេខ៥)។ នៅទីនេះហើយដែលម្សៅម៉ដ្ឋខៃ មើលទៅហាក់បីដូចជាលម្អងរំចេកពិតប្រាកដ (សូមប្រៀបទៅរូបលេខ៣)។ គេត្រូវគ្របមួយភ្លែតដើម្បីឱ្យម្សៅនោះឆ្អិនល្អ (រូបលេខ៦) ទើបគេដាក់ស្នូលដូង (រូបលេខ៧) ហើយបត់ម្សៅដែលឆ្អិនជាប់គ្នានោះជារាងចតុកោណ (រូបលេខ៨-១០)។ រីឯស្នូលគឺគេយកដូងណាដែលទុំនៅស្ទើរមកកោសជាសរសៃ ហើយកូរស្ករ (ស្ករសក៏បាន តែបើស្ករពាងកាន់តែប្រសើរ) ឱ្យឡើងឈ្ងុយ ទើបចាក់ដូងនោះចូល រួចកូរឱ្យដាច់ទឹក។ តែគេមិនត្រូវកូរឱ្យស្ងួតពេកទេ ទើបស្នូលនោះមានរសជាតិផ្អែមល្អ។ នំនេះភាគច្រើនគេធ្វើជាបង្អែមនៅក្នុងពិធីមុណ្យផ្សេងៗ ឬមួយគេទទួលទានលេងក៏មាន។ បច្ចុប្បន្នពុំសូវមានគេធ្វើនំនេះទៀតទេ ជាការគួរឱ្យស្តាយណាស់ ត្បិតរសជាតិបើយកទៅប្រៀបនឹងនំអ្វីផ្សេងទៀត ឃើញថាពុំអន់សោះឡើយ។