ដោយ អាំង ជូលាន
“នាល” នៅទីនេះ (សរសេរបានច្រើនយ៉ាងដូចជា “នាលិ”ជាដើម) សំដៅទៅលើឧបករណ៍ពុម្ភសម្រាប់ធ្វើនំដែលថានំនាលដូច្នេះ។ ក្នុងរូបលេខ១ យើងឃើញមាននំនាលពីរនិងនំអន្សមស្លឹកផ្អាវ។ ពុម្ភនោះគឺត្រឡោកដែលគេចោះរន្ធមួយចំនួននៅគូទ សម្រាប់ចំហុយម្សៅអង្ករ។
ខ្ញុំពុំដឹងថាគេនិយមធ្វើនំនាលនោះនៅទីណា ឬនៅតំបន់ណាខ្លះទេក្នុងប្រទេសកម្ពុជា គ្រាន់តែដឹងថាជាប្រពៃណីធ្វើនំដែលទាក់ទងនឹងពិធីមួយប្រចាំឆ្នាំនៅតាមស្រុកភូមិមួយចំនួនដែលនៅជាប់នឹងក្រុមប្រាសាទសម្បូណ៌ព្រៃគុក ក្នុងខេត្តកំពង់ធំ។ រាល់ឆ្នាំ នៅដើមខែមាឃ អ្នកស្រុកទាំងនោះតែងតែធ្វើបុណ្យឡើងអ្នកតារបស់គេ។ បុណ្យនោះធំជាងបុណ្យឡើងអ្នកតាទូទៅដែលខ្ញុំធ្លាប់ស្គាល់នៅស្រុកខ្មែរ ហើយតាមស្មានមើលទៅទម្លាប់នេះមានពីយូរយា ណាស់មកហើយ ព្រោះអ្នកតានោះមានទំនាក់ទំនងជិតស្និទ្ធទៅនឹងបុរាណដ្ឋានដ៏ធំធេងទាំងមូល។ អ្នកតានោះពុំមែនមានមួយទេគឺពីរ ព្រមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ៖ មួយគឺ “អ្នកតាទ្វារ” ដែលហាក់ដូចជាឆ្មាំយាម “ទ្វារព្រះនគរ” (មានន័យថាទ្វារនៃរាជធានី) ឯមួយទៀតគឺអ្នកតាដែលគ្រប់គ្រងក្រុមប្រាសាទសម្បូណ៌ទាំងមូលនោះ។ នៅគ្រប់ផ្ទះ អ្នកស្រុកតែងតែធ្វើនំសម្រាប់យកទៅចូលបុណ្យនឹងគេ នៅពេលដែលគេដើររៃអង្គាសតាមមុខផ្ទះ (រូបលេខ២)។
ដើម្បីធ្វើនំនេះ ដើមឡើយគេយកអង្ករខ្សាយលាយដំណើបខ្លះមកបុក ហើយរែងយកតែម្សៅផង់ (រូបលេខ៣) ទើបថែមស្ករ និងអំបិលបន្តិច ដើម្បីឲ្យមានរសជាតិប្រៃនិងផ្អែមខ្លះ។ មុននោះ គេដាំទឹកឲ្យពុះក្នុងក្អមរួចទៅហើយ ព្រមទាំងយកត្រឡោកដែលជានាលមានចោះរន្ធគូទមកបន្តុបពីលើ ហើយយកម្សៅអង្ករនោះបិតភ្ជិតជុំវិញមាត់ ដើម្បីកុំឲ្យចំហាយចេញតាមមាត់ក្អមនោះបាន (រូបលេខ៤)។ គេយកកំណាត់ស្លឹករំចេករាងទ្រវែង២សន្លឹកមកដាក់ខ្វែងគ្នាទ្រាប់បាតត្រឡោក (រូបលេខ៥) មុននឹងចាក់ម្សៅទៅក្នុងនោះ (រូបលេខ៦)។
ម្សៅនេះ គេយកទឹកមកលាយផ្សើមដើម្បីឲ្យស្អិតជាប់គ្នាសិន។ ធ្វើដូច្នេះហើយទើបគេយកស្លឹកចេក២ ឬ៣សន្លឹកមកគ្របទ្រាប់ (រូបលេខ៧) មុននឹងយកគម្របភាជន៍ពិតប្រាកដមកដាក់សង្កត់ពីលើ (រូបលេខ៨)។ ប្រមាណ៥ទៅ១០នាទីក្រោយមក នំនោះចំហុយឆ្អិនត្រឹមត្រូវហើយ ទើបគេដោះគ្របចេញ ហើយគេចាប់ចុងស្លឹករំចេកយួរនំនោះចេញពីនាល(រូបលេខ៩)។
គេធ្វើនៅគ្រប់ផ្ទះរៀងៗខ្លួនសម្រាប់យកទៅចូលបុណ្យ នៅពេលដែរមានក្រុមអ្នកដើររៃអង្គាសដូច្នេះពិតមែនហើយ ប៉ុន្តែនៅមួយផ្ទះៗ គេធ្វើទុកមួយចំនួនដើម្បីទទួលទានរៀងៗខ្លួនដែរ។