ដោយ អាំង ជូលាន
ជាទូទៅឧបករណ៍ប្រើប្រាស់ធម្មតានៅតាមវត្ត ក្រៅអំពីឧបករណ៍ប្រើក្នុងពិធី គ្មានអ្វីប្លែកពីឧបករណ៍ដែលឃើញនៅតាមផ្ទះសម្បែងអ្នកស្រុកទេ។ បើមានប្លែក គឺប្លែកខុសត្រង់ទំហំ ដោយសារវត្តជាទីប្រជុំនៃអ្នកស្រុកពេលមានបុណ្យទានម្តងៗ អ្វីៗក៏ធ្វើឡើងទៅតាមមនុស្សចំនួនច្រើន។ វត្ថុដែលមានទំហំពិសេសរបៀបនេះពុំអាចទៅទិញនៅតាមទីផ្សារបានឡើយ ព្រោះគ្មានអ្នកណាត្រូវការយកមកប្រើប្រាស់នៅតាមផ្ទះ។ ដូច្នេះឃើញថា អ្នកស្រុកចំណុះជើងវត្តនោះឯងដែលផលិតម្តងមួយឬពីរ ឬក៏ថាមួយចំនួនតូចយកមកប្រគេនព្រះសង្ឃសម្រាប់ទុកប្រើប្រាស់ក្នុងវត្ត។
យើងស្គាល់ហើយអ្វីហៅថាកញ្ជើ តែបើយើងមើលរូបលេខ១-២ យើងឃើញថាកញ្ជើនៅទីនេះមានទំហំធំប្លែកធម្មតា ថ្វីដ្បិតតែរូបរាងដូចកញ្ជើទូទៅដូច្នោះមែន។ នេះមកអំពីគេធ្វើជាពិសេសសម្រាប់ដាក់បាយពេលមានបុណ្យទាននៅក្នុងវត្តម្តងៗ ដ្បិតទោះជាពុំមានមនុស្សមកកកកុញ ក៏ពុំមែនចំនួនមនុស្សនោះត្រឹមតែដប់ម្ភៃនាក់ឡើយ។ ជួនកាលគេត្បាញរុក្ខជាតិឲ្យមានរូបរាងប្រហាក់ប្រហែលនឹងកញ្ជើដែរ តែរាក់ជាងកញ្ជើបន្តិច សម្រាប់ប្រើប្រាស់ជារាវចាន។ ដូច្នេះហើយបានជាយើងឃើញថា រូបលេខ៣-៤ ជារាវដែលពុំឃើញមានលាបម្រាក់ឲ្យគត់ទឹកទេ ដ្បិតចានក្បានទើបនឹងលាងហើយតែងសើម។
តែយ៉ាងណាក៏រាវចាននេះមានទំហំធំជាងរាវចានប្រើនៅតាមផ្ទះដែរ។ រូបលេខ៥-៦ ក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀត ព្រោះយើងឃើញវែកសម្រាប់ដួសនិងកោសយកបាយចេញពីខ្ទះនោះក៏ធំណាស់ដែរ ឯប្រវែងវិញមិនចាញ់ច្រវាទូកឡើយ។ លុះដល់វែកដែលប្រើសម្រាប់ដួសបាយចែកចាយបន្ទាប់ពីនោះមកទៀត ទើបឃើញថាមានរូបរាងស្អាតស្អំដូចវែកធម្មតា តែដែលនៅតែមានទំហំធំគ្រាន់បើ។ នៅរូបលេខ៧ វែកខ្នាតតូចបំផុតនិងខ្នាតកណ្តាល អាចប្រើនៅទីណាក៏បាន តែវែកដែលធំជាងគេនោះពុំដែលមានប្រើនៅតាមផ្ទះទេ គឺមានតែនៅតាមវត្ត សម្រាប់ចែកចាយបាយ ឬសម្លជាដើម។
កុំថាឡើយតែឧបករណ៍សម្រាប់បុណ្យទាន សូម្បីតែសម្រាប់សាងសង់វត្តក៏អាចមានរបស់គួរឲ្យចាប់អារម្មណ៍ដែរ។ នៅរូបលេខ៨-៩ យើងឃើញរទេះគោមួយដែលកំពុងពុកខូចបាត់បង់។ បើពិនិត្យបន្តិចទើបឃើញថា ទំហំរទេះនេះធំខុសពីធម្មតា ដ្បិតកាលនោះលោកគ្រូមេវត្តសូមឲ្យជាងធ្វើឧបករណ៍ដឹកជញ្ជូននេះតាមខ្នាតពិសេសមួយ អាចនឹងដឹកឈើហុបយកពីព្រៃមកវត្តបាន ដោយសារធំក៏ធំ មាំក៏មាំ។
របស់ប្រើប្រាស់ពិសេសដោយទំហំនេះប្រហែលជាមានផ្សេងៗទៅទៀត តែគ្រាន់តែប៉ុណ្ណេះក៏យើងអាចយល់ថា វត្តជាទីប្រជុំនៃសហគមន៍ ហើយវត្ថុទាំងនេះកើតឡើងពីសណ្ដានចិត្ត និងកម្លាំងកាយ ព្រមទាំងពេលវេលានៃអ្នកស្រុកដែលជាចំណុះនោះឯង ដើម្បីបានយកមកប្រើប្រាស់គ្មានចាំបាច់ទិញដូរអ្វីទាំងអស់។