ដោយ អាំង ជូលាន
ជាទូទៅ យើងតែងហៅឧបករណ៍សម្រាប់ឈូសឈើថា “ដែកឈូស”។ ទោះបីជាសព្វថ្ងៃមានការប្រើម៉ាស៊ីនឈូសកាន់តែច្រើនទៅៗ ក៏គង់មានអ្នកដែលនៅតែប្រើដែកឈូសដោយកម្លាំងដៃដែរ។ តាមពិតទៅពាក្យថា “ដែកឈូស” សំដៅលើតែផ្លែដែក ដែលធ្វើឲ្យមុតឈើប៉ុណ្ណោះ បើចង់និយាយពីឧបករណ៍ទាំងមូល អ្នកស្រុកខ្លះប្រើពាក្យថា “ស្នូក”។ មានតែឧបករណ៍សម្រាប់ឈូសឈើមួយបែបទេ ដែលគេមិនប្រើពាក្យស្នូក ដោយសារទាំងមូលនោះធ្វើអំពីដែក ហើយគេហៅថា “ដែកឈូសស្លាប” (រូបលេខ១)។ ដែកឈូសស្លាបនេះសម្រាប់ឈូសឈើអ្វីដែលដែលមានទំហំតូច។ រូបលេខ២-៣ បង្ហាញពីការឈូសឈើមួយដុំដែលគេបានចាំង និងឈូសពង្រាបរួចហើយ សម្រាប់ធ្វើស្រោមដាវ ឯរូបលេខ៤-៥បង្ហាញពីការប្រើឧបករណ៍នេះក្នុងការឈូសឈើធ្វើដងកាំបិតបន្ទោះ។
ក្រៅអំពីនេះ ឧបករណ៍សម្រាប់ឈូស ច្រើនតែជាប្រភេទស្នូក។ កាលណាគេត្រូវឈូសឈើណាវែងបន្តិច សម្រាប់ឲ្យបានផ្ទៃស្មើល្មមៗ មួយសាសិន គេប្រើ “ស្នូកវែង” ដែលមានប្រវែងប្រមាណ៨០ស.ម. (រូបលេខ៦-៧)។ នៅរូបលេខ៨-១០ យើងឃើញគេប្រើស្នូកវែងនេះដើម្បីឈូសកំណាត់ឈើសម្រាប់ធ្វើស្រោមដាវអម្បាញ់មិញនេះ ឲ្យបានសាច់ស្មើល្មមៗសិន។ លុះបានដូច្នេះហើយ ទើបគេយកស្នូកហៅថា “ស្នូកខ្លី” (រូបលេខ១១) មកឈូសរំលីងឲ្យបានប្រសើរជាងមុន (រូបលេខ១២-១៣)។
មានស្នូកមួយប្រភេទទៀតហៅថា “ស្នូកកោង” (រូបលេខ១៤-១៧) ដែលគេប្រើសម្រាប់ឈូសវត្ថុធ្វើអំពីឈើ ត្រង់កន្លែងណាដែលត្រូវកោង ជាពិសេសគឺកង់រទេះ។
តាមពិតទៅ នៅចន្លោះស្នូកវែងនិងស្នូកខ្លី មានស្នូកមួយទៀតដែលគេហៅថា “ស្នូកជំទើ”។