ដោយ គង់ វីរៈ
ទេពកោសល្យខ្មែរក្នុងការគ្រប់គ្រងទឹកពីអតីតកាល នរណាក៏ទទួលស្គាល់ដែរ។ មរតកធំធេងដូចជាបារាយ, ទំនប់, ព្រែកជីក... ជាដើម ក៏សព្វថ្ងៃនៅអាចឃើញនឹងភ្នែកស្រាប់។ ទីនេះខ្ញុំមិននិយាយពីការងារធំដែលមានកម្រិតជា “សាធារណការ” ទាល់តែមានការដឹកនាំពីរាជអំណាចជាដើមនោះទេ គឺនឹងលើកតែការដោះស្រាយដែលអាចធ្វើតាមគ្រួសារបាន។
បញ្ហានៅតំបន់ដែលហៅថា “អាស៊ីមូសុង” ដែលមានប្រទេសកម្ពុជាជាដើមនេះ គឺទឹកភ្លៀង បើគិតជាបរិមាណឃើញថាគ្រប់គ្រាន់ ឬលើសពីតម្រូវការផង ប៉ុន្តែបរិមាណនេះពុំរាយស្មើគ្នាតាមរយៈពេលធ្វើស្រែឡើយ គឺទឹកភ្លៀងធ្លាក់មកច្រើនហួសក្នុងរយៈពេលខ្លីពេក, នៅឆ្នាំខ្លះ ប្រាំងរាំងស្ងួតរហូតដល់ទៅ៨ខែក៏សឹងមាន។ នេះបើនិយាយពីភ្លៀង។ បើនិយាយពីអាងនិងសសៃទឹកធម្មជាតិ រាប់តាំងពីទន្លេ បឹង បួរ រហូតដល់អូរ ក៏ជាទូទៅឃើញថាសម្បូណ៌។ ប៉ុន្តែរំពឹងលើធម្មជាតិទាំងស្រុងមិនបានឡើយ ទាល់តែគ្រប់គ្រងអំណោយផលដែលមានស្រាប់ទាំងនោះឱ្យបានសមរម្យ។ ប្រព័ន្ធបុរាណដែលផ្អែកទៅលើបារាយនិងល្បើកធំៗនោះ សព្វថ្ងៃបោះបង់ចោលស្ទើរតែអស់ទៅហើយ ប៉ុន្តែប្រព័ន្ធព្រែកដែលមនុស្សបំបែកចេញពីទន្លេ និងផ្លូវទឹកនានាទៀត នៅមានដំណើរការនៅឡើយ។
ប្រព័ន្ធទាំងនេះមានសារសំខាន់ក្រៃលែង ប៉ុន្តែក្នុងការធ្វើស្រែ មនុស្សត្រូវរកល្បិចតពីនោះមកទៀត ដើម្បីធ្វើម្តេចឱ្យមានទឹកនៅក្នុងស្រែ ក្នុងកម្រិតសមរម្យ ស្របទៅតាមពេលវេលានៃការធំធាត់របស់ស្រូវ។ ជួនកាលត្រូវយកទឹកបញ្ចូលស្រែ ជួនកាលទៀត ទឹកច្រើនពេក ត្រូវបញ្ចោញពីស្រែខ្លះ។ ឧបករណ៍ដែលខ្មែរប្រើសម្រាប់ទឹកផ្ទាល់នឹងស្រែនោះ ឃើញមានខុសៗគ្នា។ នៅទីនេះខ្ញុំយកតែ៣មកបង្ហាញជាឧទាហរណ៍។ ទី១ គឺ “យោង” ដែលជាឧបករណ៍សាមញ្ញបំផុត ត្បិតគេគ្រាន់តែប្រើយោងមួយចងខ្សែពីរនៅត្រចៀកទាំងសងខាង ហើយមនុស្សពីរនាក់កាន់សន្ធឹងខ្សែ យោលតាមកាយវិការស្មើគ្នា ដងទឹករំលងភ្លឺបញ្ចូលក្នុងស្រែ ឬបញ្ចោញពីស្រែ (រូបលេខ១)។ ឧបករណ៍មួយទៀត គឺ “ស្នាច” ដែលពុំបាច់តម្រូវឱ្យមានមនុស្សដល់ទៅពីរនាក់ឡើយ គឺតែម្នាក់អាចបាចទឹកចេញចូលបាន។ ផ្នែកសំខាននៃស្នាចគឺស្នូក ដែលធ្វើពីក្តារ ឬបន្ទះដែក ឬមួយក្រងពីបន្ទោះឫស្សីក៏បាន ដោយភ្ជាប់ទៅនឹងដងកាន់មួយ។ ពេលប្រើ គេចងព្យួរនឹងជើងជ្រែងបី (រូបលេខ២)។ រូបលេខ៣ បង្ហាញពីគេកំពុងប្រើស្នាចបាចទឹក។ ឧបករណ៍ទាំងពីរដែលពោលមកនេះ គេអាចធ្វើបានយ៉ាងងាយ ពុំមានបច្ចេកទេសអ្វីស្មុគស្មាញឡើយ។
ឯឧបករណ៍ទី៣ គឺរហាត់ដែលមានគ្រឿងច្រើនផ្គុំចូលគ្នា។ គ្រឿងទាំងនោះគឺដុំដែលមានឈ្នាន់សម្រាប់ធាក់ដើម្បីបង្វិលស្លាបជាច្រើនទាញយកទឹក។ ដែលធាក់នោះ គឺធាក់បង្វិល មកក្រោយ ផ្ទុយពីចលនាជិះកង់។ ពេលដែលធាក់ ស្លាបទាញទឹកតាមស្នូកវែងមួយ ដែលគេដាក់ចុងម្ខាងត្រាំទៅក្នុងទឹក (រូបលេខ៤)។ រូបលេខ៥-៧ បង្ហាញពីរហាត់ដែលប្រើនៅទីស្រែនានា។