ដោយ អាំង ជូលាន
ដើមទ្រាំង ឬសម្លាញ (ពាក្យទីពីរនេះមាននៅក្នុងសិលាចារឹកខ្មែរបុរាណ) ដែលពាក្យរុក្ខជាតិជាភាសា ឡាតាំងហៅថា Corypha lecomtei មាននៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ ប៉ុន្តែកន្លែងដែលសម្បូណ៌បំផុតនោះគឺនៅក្នុងខេត្តក្រចេះ ជាពិសេសនៅចន្លោះក្រុងក្រចេះនិងទីរួមស្រុកស្នួល។ ព្រៃទ្រាំងនៅទីនោះសម្បូណ៌ រហូតទៅដល់សព្វថ្ងៃនេះអ្នកស្រុកកាប់លក់ឱ្យឈ្មួញដឹកយកទៅប្រទេសវៀតណាម ជាហេតុមួយគួរឱ្យព្រួយបារម្ភ។ អ្នកស្រុកនៅម្តុំនោះប្រើប្រាស់ទ្រាំងធ្វើជាឧបករណ៍ ឬ មធ្យោបាយគ្រប់បែបគ្រប់យ៉ាង។ ផ្ទះភាគច្រើនមានស្លឹកទ្រាំង ក្រងជាជញ្ជាំងនិងដំបូលយ៉ាងក្រាស់ ហើយមានសោភ័ណភាពខ្លាំងណាស់ សូម្បីតែខ្សែដែលយកទៅក្រងនោះក៏ធ្វើ អំពីស្លឹកទ្រាំងដែរ។ រីឯដំបូលវិញ បើប្រក់ឱ្យបានក្រាស់ត្រឹមត្រូវអាចប្រើរហូតទៅដល់៨ឆ្នាំ។ ចំពោះវត្ថុដទៃទៀតវិញ យើងឃើញមាន,កន្ទេល, ការុង, ទ្រុងមាន់ជាដើម។ ដោយសារស្លឹកទ្រាំងជាប់ស្វិតល្អ គេនិយមយកទៅធ្វើខ្សែពួរធំៗ ទៀតផង។ ម៉្យាងទៀត ដោយសារភាពស្វិតនេះហើយ បានជាពីមុនគេចែកចាយ ទៅគ្រប់ទិសទីក្នុងស្រុកខ្មែរដើម្បី ចារសាស្ត្រា ហៅថាស្លឹករឹត។ ជាអកុសលទំនៀមនេះកាន់តែហោចទៅៗខ្លាំង ណាស់ហើយ។
នៅទីនេះខ្ញុំសូមយកឧទាហរណ៍តែមួយប៉ុណ្ណោះមកបង្ហាញ។ ឧបករណ៍នេះគេហៅថា “ក្បង់” ត្បិតគេ ប្រើសម្រាប់ ដងទឹក ឬយួរទឹកពីកន្លែងមួយទៅកន្លែងមួយ ហើយមានរូបរាងដូចក្បង់ដៃដូច្នោះដែរ (រូបលេខ១)។ ផ្ទះនីមួយៗតែងមាន ដងឈើមួយឬពីរជាប្រចាំសម្រាប់ធ្វើជាដងកាន់យួរក្បង់ ព្រោះក្បង់នោះធ្វើម្តងប្រើជាមធ្យមបាន កន្លះខែ។ ប៉ុន្តែការធ្វើ ក្បង់នោះត្រូវការពេលប្រហែល៥នាទីប៉ុណ្ណោះ ប្រសិនបើមានស្លឹកទ្រាំងដែលនៅស្រស់ជិតដៃ ស្រាប់។ ជួនកាលទៀតគេ ពុំចាំបាច់មានដងឈើផង គឺគ្រាន់តែយកចុងទាំងសងខាងមកចងភ្ជាប់គ្នាក៏អាចកើត ជាដៃកាន់បានដែរ (រូបលេខ២)។
ដំបូងឡើងគេយកស្លឹកមួយបន្ទះមករោលភ្លើងមួយភ្លែតដើម្បីឱ្យទន់ ពត់ទៅមិនបាក់ (រូបលេខ៣)។ ភ្លាមនោះគេ ក្របួចចុងម្ខាង ហើយដេរឱ្យកើតជាមាត់មួយចំហៀង (រូបលេខ៤-៥) បន្ទាប់មកក៏ដេរមាត់មួយចំហៀងទៀត (រូបលេខ៦) ទើបយកដងឈើមកភ្ជាប់ជាការស្រេច (រូបលេខ៧)។