ដោយ អាំង ជូលាន
នៅខេត្តមណ្ឌលគិរី ជាពិសេសពុំឆ្ងាយប៉ុន្មានពីសែនមនោរម្យ ផ្ទះជនជាតិព្នងភាគច្រើនពុំទាន់ផ្លាស់ប្តូរ រូបរាងនៅឡើយទេ គឺគេនៅតែរក្សារូបរាងនិងរចនាសម្ព័ន្ធប្រពៃណីដដែល (រូបលេខ១)។ ផ្ទះនោះនៅផ្ទាល់ដី រាងទ្រវែង, ដំបូលធ្លាក់ចុះស្ទើរដល់ដីដែរ ហើយមានច្រកទ្វារចេញចូលនៅខាងចុងទាំងសងខាង។ បើនិយាយ ជាប្លង់វិញ គ្មានអ្វីស្មុគស្មាញទាំងអស់ គឺគេប្រើសសរដែលម្ខាងៗមាន២ជួរនោះជាជើងកម្រាលក្តារ ឬរនាប ដែលមាននាទីច្រើនមុខ (រូបលេខ២)។
ក្នុងចំណោមរបស់ប្រើប្រាស់ផ្សេងៗ គេតែងឃើញពាងស្រា តម្រៀបគ្នានៅខាងណាមួយ ហើយជាញឹកញយគេឃើញមានគងឬឃ្មោះផង ត្បិតវត្ថុទាំងនេះសម្រាប់ប្រើប្រាស់ក្នុងពិធីនានាដែលមានជាហូរហែក្នុងមួយឆ្នាំៗ (រូបលេខ៣)។ បើមានស្ត្រីឆ្លងទន្លេ ជួនកាលគេសង់កូនខ្ទមមួយដាច់ដោយឡែកពីផ្ទះ ជួនទៀតគេបិទបាំង ក្តារឬរនាបក្នុងផ្ទះដោយប្រដឹះប្ញស្សីឬក្រណាត់ ដើម្បីឱ្យបានជាបន្ទប់មួយសម្រាប់ម្តាយនិងទារក (រូបលេខ៤)។ រីឯចង្ក្រានអាំងភ្លើង គឺគេធ្វើលើរនាបនោះតែម្តង (រូបលេខ៥)។ សូមបញ្ជាក់ថាតំបន់ដែលជនជាតិព្នងរស់នៅ ប្លែកខ្លាំងពីបរិស្ថានទូទៅនៃប្រទេសកម្ពុជា ដោយសារត្រជាក់ខ្លាំង ជាពិសេសនៅពេលយប់។ ដូច្នេះហើយបានជាគេដាំស្ល ឬមួយដុតភ្លើងកម្តៅខ្លួនប្រាណដោយដាក់ចង្ក្រានផ្ទាល់ដីក្នុងផ្ទះតែម្តង (រូបលេខ៦)។
មានចំណុចសំខាន់មួយគួរឱ្យចាប់អារម្មណ៍ គឺជង្រុកស្រូវ។ ជង្រុកនោះនៅលើក្បាលមនុស្ស លាតសន្ធឹង បណ្តោយខ្លួនតាមលំហរកណ្តាលតែម្តង ពោលគឺនៅចន្លោះរានទាំងសងខាង (រូបលេខ៧)។ ជង្រុកនោះមាន សារសំខាន់ខ្លាំងណាស់។ នៅពេលសង់ផ្ទះថ្មី គឺជង្រុកនោះហើយដែលគេរៀបចំមុនគេ (រូបលេខ៨-១០)។