ដោយ ច័ន្ទ វិត្ថារ៉ុង
តាមស្មានមើលទៅ ក្នុងការងារជាងឈើ ប្រហែលជាមានឧបករណ៍ចាស់មួយចំនួន ដែលបាត់បង់ទៅហើយ ដោយសារមានឧបករណ៍ប្រភេទថ្មីមកជំនួស ហើយអ្នកប្រើចេះតែនិយមខ្លាំងឡើងៗ ដោយមានការងាយស្រួលក្នុងការធ្វើការ។ ឧបករណ៍ខ្លះមិនទាន់បាត់បង់ទាំងស្រុងទេ ក្នុងនោះមាន ដឹងប្រភេទផ្សេងៗ និងភឹងជាដើម។ នៅទីនេះខ្ញុំលើកយកតែភឹងមកបង្ហាញ។
ភឹងជាប្រដាប់ប្រដាមួយប្រភេទសម្រាប់ជាងឈើ ដែលប្រើគូគ្នានឹងដឹង។ ភឹងមានដងធ្វើពីឈើ ឬឫស្សី ប្រវែងប្រហែលមួយហត្ថ ឬខ្លះខ្លីជាងនេះក៏មាន តាមតែជាងត្រូវការប្រើ (រូបលេខ១)។ រីឯផ្លែធ្វើពីដែករាងសំប៉ែត ស្រដៀងគ្នាទៅនឹងផ្លែចបកាប់ តែមានទំហំតូចជាង គឺបន្ទារផ្លែនោះមិនលើសពីបួនធ្នាប់ទេ (រូបលេខ២-៣)។ ភឹងប្រើសម្រាប់ចាំងពង្រាប និងសម្អាតសាច់ឈើ ដូចជា សសរ (រូបលេខ៤), ទូក ឬអ្វីផ្សេងៗទៀត។ មានអ្នកខ្លះប្រាប់ថា ភឹងប្រើសម្រាប់ចាំងពង្រាបសាច់ផ្តេក ឯដឹងវិញ ប្រើសម្រាប់ចាំងពង្រាបសាច់បញ្ឈរ។
នៅក្នុងចម្លាក់បុរាណ ជួនកាលយើងអាចប្រទះឃើញឧបករណ៍ដែលខ្ញុំស្មានមើលទៅ អាចថាជាភឹងក៏សឹងបាន ឧទាហរណ៍ នៅផ្ទាំងចម្លាក់ប្រាសាទបយ័ន្ត ត្រង់កន្លែងមួយនោះ គេឃើញមានរូបជាងឈើ ទំនងជាកំពុងសង់អាគារអ្វីមួយធ្វើអំពីឈើ ម្នាក់នោះហាក់ដូចជាប្រើភឹងចាំងសសរ (រូបលេខ៥)។ ឯនៅសារមន្ទីរជាតិវិញ មានរូបសំរិតតូចមួយពីសម័យបុរាណ ទំនងជាទេពណាមួយអង្គ ហើយដែលលីឧបករណ៍ម៉្យាងរាងប្រហាក់ប្រហែលភឹងដែរ (រូបលេខ៦)។