ដោយ គង់ វីរៈ
ក្នុងអត្ថបទដែលចុះក្នុងលេខមុន(ជំពូកទី១,លេខរៀង១៦) ខ្ញុំបាននិយាយពីរបៀបបញ្ចោញបញ្ចូលទឹកស្រែតាមវិធីងាយដែលកសិករអាចធ្វើបានជាលក្ខណៈគ្រួសារ។ ឥឡូវនេះខ្ញុំនឹងនិយាយពីនយោបាយទឹកក្នុងកម្រិតសាធារណការ ពោលគឺហេដ្ឋារចនាសម្ព័ន្ធធំៗ មានកម្រិតជាធារាសាស្ត្រ ដែលតម្រូវឱ្យមានការដឹកនាំពីស្ថាប័នខ្ពស់ ឬក៏ពីព្រះមហាក្សត្រជាដើម។ ម៉្យាងទៀត ទោះជាការងារនោះកម្រិតធំយ៉ាងណាក្តី ក៏គេពុំអាចចៀសវាងពុំសួរយោបល់ចាស់ទុំនៃសហគមន៍ដែលគេស្តាប់មតិជាទូទៅនោះដែរ។ ការងារនេះគឺការជីកព្រែក ដែលអ្នកចម្ការនៅតាមដងទន្លេនិងផ្លូវទឹកសំខាន់ៗត្រូវការជាចាំបាច់ ហើយដែលយើងតែងឃើញមាននៅគ្រប់ទិសទី។ ទីនេះខ្ញុំមិនពោលពីបារាយតូចធំ, ល្បើក, ត្រពាំង ឬសំណង់រក្សាទឹកផ្សេងៗទៀត ដែលជាលក្ខណៈពិសេសនៃធារាសាស្ត្រនៅសម័យបុរាណ ហើយជាពិសេសនៅតំបន់សៀមរាប-អង្គរនោះឡើយ។ ខ្ញុំសូមលើកយកតែពីព្រែកជីកដែលមាននៅតាមបណ្ដោយទន្លេនិងស្ទឹងសំខាន់ៗប៉ុណ្ណោះមកនិយាយ។
ព្រែកគឺជាផ្លូវទឹកដែលមនុស្សជីកបំបែកមកពីផ្លូវទឹកធម្មជាតិ ដើម្បីនាំទឹកបញ្ចូលស្រែចម្ការនារដូវទឹកឡើង ហើយរក្សាទឹកទុកប្រើប្រាស់រហូតដល់រដូវសម្រាកផង និងប្រើប្រាស់ជាគមនាគមន៍ដើម្បីប្រាស្រ័យទាក់ទងជាមួយអ្នកស្រុកនៅមណ្ឌលដទៃទៀតទោះទីជិតឬឆ្ងាយ។ ត្រង់ចំណុចដែលបំបែកនោះហៅថា “ពាម” ក៏បានប៉ុន្តែបើនិយាយពីផ្លូវទឹកវែងមួយខ្សែដែលជីកដោយដៃមនុស្សនេះ គេនិយមហៅថា “ព្រែក” ច្រើនជាង ជួនកាលទៀតហៅថា “ជំនីក” ទៀតផង។ ឧទាហរណ៍ “ពាមជំនីក” នៅតំបន់កំពង់ហ្លួង-ឧត្តុង្គ សំដៅទៅម្តុំមាត់ពាមដែលបំបែកព្រែកនោះចេញពីទន្លេសាប ហើយដែលអ្នកស្រុកនៅចាំតៗគ្នាថា សាងឡើងតាមការណែនាំនៃព្រះករុណាព្រះបាទអង្គឌួង។
យើងដឹងហើយថា តាំងពីបុរាណកាលមក សេដ្ឋកិច្ចនៃប្រទេសកម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះជាធម្មតាទេដែលខ្មែរតែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងទឹក។ បើពិនិត្យរូបភាពពីលើអាកាសឃើញថា ប្រទេសខ្មែរពោរពេញដោយផ្លូវទឹកធម្មជាតិខ្វាត់ខ្វែងបីដូចសសៃរឈាម ដែលនាំឈាមទៅចិញ្ចឹមសព៌ាង្គកាយដូច្នេះដែរ។ ដូច្នេះហៅថាអំណោយផលធម្មជាតិក៏បាន។ តែតាមពិត ដូចខ្ញុំធ្លាប់ពោលពីមុនមកនោះហើយ បញ្ហាទឹកនៅទីនេះពុំមែនមានន័យថាទំហំទឹកនោះស្តួចស្តើងទេ ផ្ទុយទៅវិញបរិមាណសារុបប្រចាំឆ្នាំនៃទឹកនោះច្រើនតែហូរហៀរលើសសេចក្តីត្រូវការទៅវិញផង ប៉ុន្តែការចែកចាយដោយធម្មជាតិ (ពោលគឺរបបទឹកភ្លៀង) ពុំស្របតាមដំណើរការកសិកម្ម ជាពិសេសស្រែឡើយ។ ពេលខ្លះភ្លៀងច្រើនជ្រុល ពេលខ្លះទៀតស្រែកំពង់ត្រូវការទឹកបែរជាឥតភ្លៀងទៅវិញ។ ដូច្នេះហើយបានជាក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្មនោះ គេរកមធ្យោបាយយ៉ាងណាដើម្បីបម្រុងទឹកទុកប្រើនៅពេលត្រូវការ។
ក្រៅអំពីនេះ មានបញ្ហាធម្មជាតិផ្សេងទៀតចោទដែរ។ ឧទាហរណ៍ជួរភ្នំអាណាមពាំងខ្យល់ បក់មកពីទិសឦសានតាមរដូវ ឯជួរភ្នំក្រវ៉ាញក៏ពាំងខ្យល់បក់មកពីទិសនិរតី រារាំងមិនឱ្យនាំទឹកភ្លៀងមកជាមួយ។ ដូច្នោះទឹកភ្លៀងក៏ធ្លាក់ទៅតំបន់ឆ្នេរនិងលើកំពូលភ្នំ ដែលស្ទើរតែគ្មានមនុស្សរស់នៅ។ ជីកព្រែកជាមធ្យោបាយមួយសំខាន់ខ្លាំងណាស់ដើម្បី បំបែកទឹកពីទន្លេនិងស្ទឹងមកបង្ខាំងទុកក្នុងបឹងធំៗ ដែលតែងតែមាននៅក្រោយច្រាំងទន្លេនិងស្ទឹងទាំងនោះ។
តើព្រែកទាំងនោះ គេជីកយ៉ាងដូចម្តេច? គឺគេជីកបំបែកចេញពីទន្លេនិងដៃសំខាន់ៗរបស់វា។ គេលៃយ៉ាងណាឲ្យបាតព្រែកនៅខ្ពស់ជាងកម្ពស់ទឹកទន្លេឬស្ទឹងនោះ។ ពេលទឹកទើបផ្តើមជន់ មាត់ព្រែកខ្ពស់ជាងទឹកទន្លេឬស្ទឹងនៅឡើយ (រូបលេខ១-២)។ ដូច្នេះទាល់ តែទឹកជន់ខ្លាំង ទើបចាប់ផ្តើមហូរចូលព្រែក (រូបលេខ៣-៤) ហើយសាយវាលទៅតាមបឹង ព្រមទាំងនាំដីល្បាប់មកជាមួយ និងនាំត្រីមកជ្រកពងរៀងរាល់ឆ្នាំ (រូបលេខ៥-៦)។
ពេលដែលស្រកវិញ ទឹកមួយភាគដក់តាមបឹងបួរផ្សេងៗទាំងនោះ ជាឱកាសឱ្យអ្នកចម្ការដាំដំណាំផ្សេងៗនិងធ្វើស្រូវប្រាំង។ ស្របជាមួយការដាំដុះនោះ គេអាចធ្វើនេសាទបានទៀតផង (រូបលេខ៧-៨)។ ពេលរដូវប្រាំងមកដល់ បឹងបួរទាំងនេះ ក៏ផ្តើមស្រកបន្តិចម្តងៗរហូតដល់ខ្លះរីងស្ងួតទៅទល់នឹងរដូវទឹកជំនន់មកដល់ជាថ្មីទៀត។ ដោយសារព្រែកមានពាសពេញប្រទេសកម្ពុជាដូច្នេះហើយ បានជាឈ្មោះភូមិស្រុកច្រើនរាប់មិនអស់ ដែលមានពាក្យ “ព្រែក” នៅពីមុខ ជាពិសេសនៅតាមដងទន្លេឬស្ទឹងតូចធំនានា។ឧទាហរណ៍ ព្រែកឆ្លូង, ព្រែកពោធិ, ព្រែកក្តាម, ព្រែកតាមាក់, ព្រែកហ្លួង៘
ក្រោយពេលដែលខ្មែរបោះបង់រាជធានីអង្គរចោលទៅ ហេដ្ឋារចនាសម្ព័ន្ធទឹកប្រភេទបារាយ ពុំមានដំណើរការតមកទៀតឡើយ។ តាមពិតទៅ ព្រែកជាប្រព័ន្ធធារាសាស្ត្រដែលមើលទៅពុំស្កឹមស្កៃគួរឱ្យស្ញប់ស្ញែងក៏មែនពិត តែធារាសាស្ត្រប្រភេទនេះហើយដែលក្នុងគ្រាក្រជួយពុំឱ្យខ្មែរស្លាប់។