ដោយ ឃុត សុខាន
ទិដ្ឋភាពផ្សារធ្លាប់មានបង្ហាញខ្លះៗមកហើយដែរ នៅក្នុងបណ្តាញវប្បធម៌ខ្មែរនេះ។ នៅជំពូក៣ លេខរៀងទី៨ លោក អ៊ឹម សុខរិទ្ធី មានយករូបចម្លាក់ផ្សេៗនៅប្រសាទបាយ័ន្តនិងបន្ទាយឆ្មារមកបង្ហាញឲ្យឃើញថា នៅបុរាណកាល ទិដ្ឋភាពនៅផ្សារដែលអ្នកលក់រាយគ្នានៅផ្ទាល់ដីមួយពេលក្តី ឬជាតូបឥវ៉ាន់លក់ជាប្រចាំក្តី។ នៅជំពូកដដែលនោះ, លេខរៀងទី៣ លោក ព្រាប ចាន់ម៉ារ៉ា សង្កត់ធ្ងន់ទៅលើតែប្រភេទទីពីរ ពោលគឺផ្ទះលក់ឥវ៉ាន់តាមរយៈចម្លាក់និងគំនូរ ដើម្បីបង្ហាញថា ពីមុនមក ឥវ៉ាន់ដែលកល់តាមផ្ទះពុំមែនជារបស់ស្រស់ៗ ជាពិសេសគ្រឿងបរិភោគឡើយ តែគឺជារបស់ដែលទុកបានយូរ ជាពិសេសបំផុតគឺកំណាត់សំពត់ផាមួង ហូល ស្បៃជាដើម។ ដូច្នោះហើយបានជាគេហៅថា “ផ្ទះលក់ឥវ៉ាន់” មានន័យថាផ្ទះដែលលក់ “អ្វី” (ឥ) សម្រាប់ “វាន់” (វ៉ាន់)។
ឯខ្ញុំនៅទីនេះវិញ សូមនិយាយតែពីផ្សារដែលយើងនិយមហៅថា “ផ្សារក្រមួន” ដោយយកភូមិកំពង់ភ្លុក នៅមាត់ទន្លេសាប (ស្រុកប្រាសាទបាគង ខេត្តសៀមរាប) មកបង្ហាញជាឧទាហរណ៍។ ទិដ្ឋភាពដែលនឹងបង្ហាញនោះ គឺនៅរដូវប្រាំង ដោយសារនៅពេលនោះហើយដែលទឹកពុំលិចភូមិ (រូបលេខ១) អាចឲ្យអ្នកលក់យកទំនិញបន្តិចបន្តួចមកផ្តុំគ្នាផ្ទាល់ដីនៅទីស្រឡះណាមួយបាន។ បើគិតជារបៀបរបបថាត្រូវឲ្យរៀបគ្នាជាជួរជាដើមនោះ គឺគ្មានទេ ព្រោះទីមួយ ផ្ទៃដីទំនេរស្រឡះគ្រាន់បើ ហើយម៉្យាងទៀតការលក់ដូរនោះក៏មិនយូរប៉ុន្មាន ត្បិតត្រី សាច់ បន្លែបង្ការទាំងនោះក៏ពុំច្រើនសំពីងសំពោងដែរ។ ឲ្យតែថ្ងៃរះបន្តិចហើយ អ្នកលក់មកជុំគ្នា ខ្លះជាអ្នកភូមិនោះតែម្តង ខ្លះមកពីភូមិផ្សេង ហើយយកឥវ៉ាន់តាមទឹកពីកន្លែងណាផ្សេងទៀតមក (រូបលេខ២)។ ដំបូងភ្លាមនោះមិនទាន់ឃើញកុះករទេ គឺមានតែអ្នកលក់ត្រី បន្លែ ពីរ-បីនាក់ប៉ុណ្ណោះ (រូបលេខ៣)។
តែមិនយូរប៉ុន្មានឡើយ អ្នកឯទៀតនឹងមកផ្តុំ ក្នុងនោះមានអ្នកលក់ផង អ្នកទិញផង (រូបលេខ៤-៥)។ ដូចយើងដឹងហើយ អ្នកស្រុកនៅតាមជនបទពុំសូវដំអែដំអក់ទេ បើស្រីៗផងគឺច្រើនរួសរាន់ដាំស្លឲ្យទាន់ពេលវេលា តែប្រមាណ ម៉ោង១១ព្រឹកគឺគេហូបបាយរួចរាល់អស់ហើយ។ ដូច្នេះផ្សារដែលនិយាយមកនេះតែងរំសាយមុននោះ។ នៅរូបលេខ៦-៧ យើងឃើញថារំសាយមួយភាគធំហើយ ឯរូបលេខ៨វិញបង្ហាញអំពីអ្នកលក់ចុងក្រោយបីនាក់រៀបរបស់របរចងលើកង់ហើយជាស្រេច ដើម្បីជិះទៅលក់បន្តនៅទីផ្សេងពីនោះ ជួនកាលមានស្រែកពពាយនាយតាមផ្លូវផង។
គិតទៅ ពាក្យថា “ផ្សារក្រមួន” ដែលចេញមកពីអ្នកស្រុកសាមញ្ញានេះ ពិតជាមានន័យប្រាកដដូច្នោះមែន ពុំខុសពីក្រមួនដែលត្រូវថ្ងៃយូរបន្តិចក៏រលាយសាយលែងនៅជាដុំទៀត។