ដោយ ហុក សុកុល
ខ្ញុំធ្លាប់បានបង្ហាញប្រភេទផ្ទះច្រើនយ៉ាងមកហើយដែរក្នុងបណ្តាញពត៌មាននេះ ហើយធ្លាប់និយាយថាផ្ទះខ្មែរតែងខ្ពស់ផុតពីដីដោយបុព្វហេតុផ្សេងៗ ដែលពុំចាំបាច់រំលឹកឡើងវិញទេ។ នៅជំពូកទី៣ លេខរៀងទី២៣ លោកគង់ វីរៈ និងខ្ញុំក៏បានបង្ហាញពីផ្ទះដែលគេដូរទីតាំងទៀត។ នៅទីនេះវិញខ្ញុំសូមបង្ហាញផ្ទះឈើមួយធំល្វឹងល្វើយ ដែលគេធ្លាប់រៀបចំជាផ្ទះសំណាក់សម្រាប់ភ្ញៀវ ហើយដែលគេចង់បន្ថែមបន្ទប់ដោយរៀបឥដ្ឋនៅខាងក្រោម។ ដើម្បីធ្វើដូច្នេះគេពុំចាំបាច់រុះរើផ្ទះនោះទេ គឺគ្រាន់តែយកសសរចេញ ដោយយកដែកមកធ្វើជារន្ទាទល់ទ្រមួយរយៈជាបណ្តោះអាសន្ន។ បើពុំបានឃើញផ្ទាល់នឹងភ្នែកប្រហែលជាលំបាកនឹងជឿថា គេអាចធ្វើយ៉ាងនេះបាន តែរូបលេខ១-២ ជាតឹកតាងច្បាស់ថាផ្ទះទំហំប៉ុណ្ណេះអាចនៅសំកាំងលើរន្ទាដែកឆ្មារៗ ដែលមិនគួរនឹងទល់ទ្រផ្ទះនោះបាន។ តែទោះបីជាយ៉ាងណាក៏មិនមែនទល់ទ្ររហូតដែរ។ ការងារដែលគេត្រូវធ្វើបន្ទាន់ ជាដំបូងគឺចាក់ដែករៀបចំសសរបេតុងទ្រ ដូច្នេះហើយបានជាខ្ញុំហៅថា “ផ្ទះសំកាំង”។