ដោយ ជា ណារិន
ជ្រែស្ថិតនៅក្នុងអំបូរយ៉ាងធំមួយដែលពាក្យរុក្ខជាតិជាឡាតាំង ហៅថា Palmae មើលទៅស្រដៀងនឹងដើមទ្រាំងដែរ (សូមមើលជំពូកលេខ១, លេខរៀងទី៥) ដូចឃើញនៅរូបលេខ១។ ដើមជ្រែមួយដើមៗ លុះដល់ចាស់គ្រប់អាយុទៅផ្ទុកជាតិម្សៅអាចដល់ទម្ងន់រាប់តោននៅក្នុងខ្លួន។ គេពុះយកមកបុកច្រោះលាងយកម្សៅចម្អិនធ្វើជាអាហារ។ ពុំមែនមានតែស្រុកខ្មែរទេដែលធ្វើដូច្នោះ តាំងពីប្រទេសចិនរហូតដល់អាហ្វ្រិក ក៏មនុស្សយកម្សៅពីដើមជ្រែដែរ។
នៅទីនេះនាងខ្ញុំចង់បង្ហាញពីការទាញផលប្រយោជន៍ម្យ៉ាងទៀតពីដើមនេះ ដែលបានប្រទះឃើញនៅភូមិត្រពាំងពោធិ ស្រុកពញាឮ ខេត្តកណ្តាល។ អ្នកស្រុកនោះយកស្លឹកជ្រែមកក្រងត្បាញធ្វើជារបាំងមានរាងដូចផ្លិតធំមួយ ដើម្បីបាំងភ្លៀងខ្យល់ ឬពន្លឺថ្ងៃជាដើម។ ដែលនាងខ្ញុំបានឃើញនោះគឺគេយកមកតម្រៀបគ្នាធ្វើជារបាំងក្រោមផ្ទះ(រូបលេខ២-៣)។ ជាដំបូងគេកាប់ស្លឹកជ្រែស្រស់យកមកហាលថ្ងៃមួយសន្ទុះ ដើម្បីឱ្យឡើងស្រពាប់បន្តិចងាយស្រួលក្រង ត្បិតអីបើនៅស្រស់ខ្លាំងពេក ក្រងទៅអាចនឹងរហែក។ ការងារនោះហាក់ដូចជាមានចែកជាការប្រុស ការស្រីដែរ ពីព្រោះប្រុសជាអ្នកឡើងកាប់ (រូបលេខ៤) រីឯស្រីជាអ្នកក្រង។ គេចាប់ក្រងពីចំហៀងណាមួយនៃសន្លឹកដូចក្នុងរូបលេខ៥-៦ហើយបន្តរហូតដល់ចុងកំពូល ទើបចាប់ក្រងពីផ្នែកម្ខាងទៀត(រូបលេខ៧)។ លុះក្រងមកប្រសព្វមុខគ្នានៅចុងកំពូលហើយទើបគេភ្ជាប់គ្នា(រូបលេខ៨-៩)រួចភ្ជិតមុខ ឱ្យស្អាតស្អំជាបង្ហើយ(រូបលេខ១០-១១)។ នៅពេលក្រងរួចរាល់ហើយ គេយករបាំងនេះទៅប្រើការភ្លាមតែម្តងដូចនៅក្នុងរូបលេខ១២-១៣។