ដោយកញ្ញា ជា ណារិន
ថ្វីដ្បិតតែផលិតផលឧស្សាហកម្មនាំមកពីក្រៅ កំពុងតែធ្វើឱ្យការងារជាប្រពៃណីក្នុងស្រុកកាន់ តែលិចលង់ក៏ដោយ ក៏មុខរបរខ្លះដែលមានលក្ខណៈជាសិប្បកម្មនៅមានជីវិតនៅឡើយ ដូចជារបរជាងទងជាដើម។ នៅទីនេះ នាងខ្ញុំសូមលើកយកឧទាហរណ៍ភូមិព្រែកក្តាមទី១, ឃុំកោះចិន, ស្រុកពញាឮុ, ខេត្តកណ្តាល ដែលគេឃើញមានគ្រួសារ មួយចំនួនប្រកបរបរនេះនៅឡើយ។ ពីមុនមក គេមានផលិតវត្ថុអំពីប្រាក់, លង្ហិនជាដើម ប៉ុន្តែសព្វថ្ងៃនេះនៅសល់តែការ ផលិតវត្ថុស្ពាន់និងទង់ដែងប៉ុណ្ណោះ ព្រោះតម្រូវទៅតាមទីផ្សារ។ ម៉្យាងទៀតវត្ថុធាតុដើមក៏ស្រួលរក ដោយគេអាចទិញ សំបកគ្រាប់កាំភ្លើង ឬរមូរដុំខ្សែភ្លើងពីអេតចាយ។ បើយូរៗមានការផលិតវត្ថុអំពីប្រាក់ម្តង គឺដោយសារមានការស្នើសុំឱ្យធ្វើពីសំណាក់អ្នកលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរ។
ស្ពាន់ឬទង់ដែងដែលជាវត្ថុធាតុដើមនោះ គេយកមករំលាយផែជាបន្ទះស្តើងៗដោយប្រើម៉ាស៊ីន (រូបលេខ១) រួចទើបបែងចែកឱ្យអ្នកស៊ីឈ្នួលធ្វើកងដៃ, ស្លាបព្រា, ផ្តិលជាដើម (រូបលេខ២-៣)។ ដើម្បីឆ្លាក់ គេត្រូវប្រើទ្រនាប់ជ័រច្នៃពី ធម្មជាតិ។ ជ័រនោះបានមកពីជ័រចុងដែលស្លលាយជាមួយខ្លាញ់ត្រីលាយនឹងដីលែង (រូបលេខ៤)។ រូបរាងព្រមទាំង ក្បូរក្បាច់ទាំងអម្បាលម៉ាន កើតឡើងអំពីការដាប់និងឆ្លាក់ដោយដៃ (រូបលេខ៥-៨) ពោលគឺពុំមែនចាក់ពុម្ពដូចជារបស់ ដែលយកមកពីប្រទេសជិតខាងឡើយ។ ការធ្វើឡើងដោយដៃនេះ ធ្វើឱ្យក្បាច់រស់រវើក ហើយមានភាពក្រឡោតឡើងល្អជាង ក្បាច់ចាក់ពុម្ព ដែលរាងក្រាបហើយស្ពឹក។ រីឯក្បាច់គឺមានច្រើនបែបយ៉ាង ដូចជារូបប្រាសាទអង្គរ និងទេពអប្សរជា ដើម។ ឯរូបលម្អិតឃើញមានផ្កាថ្កូវ, ស្លឹកចំហៀង, រូបដំរី ឬរូបសត្វផ្សេងៗ ដែលសម្គាល់ឆ្នាំទាំង១២។
ពិតហើយថា ការផលិតដោយដៃនេះយឺតជាងការផលិតដោយចាក់ពុម្ព ប៉ុន្តែសោភ័ណភាពឃើញថាខ្ពស់ជាងពុម្ពឆ្ងាយ។ ដូច្នេះតម្លៃវត្ថុដែលផលិតដោយដៃនេះក៏ខ្ពស់ជាងវត្ថុចាក់ពុម្ពដែលនាំមកពីបរទេសដែរ។ គួរកត់សម្គាល់ថា ច្រើនតែប្រទេសជិតខាងដែលនាំចូលវត្ថុធ្វើដោយដៃនេះទៅប្រទេសគេ ហើយគេសូមមិនឱ្យអ្នកផលិតដៅឈ្មោះជាង ឬសញ្ញាសម្គាល់អ្វីផ្សេងថាជារបស់ខ្មែរផង។ ផ្ទុយទៅវិញប្រជាជនខ្មែរទូទៅនិយមទិញរបស់ថោកៗ ដែលចាក់ពុម្ពមកពី ប្រទេសក្រៅ។ នាងខ្ញុំមិនយកហេតុផលស្ថានភាពនេះមកពិភាក្សានៅទីនេះឡើយ ព្រោះនាងខ្ញុំចង់សង្កត់ធ្លន់តែទៅលើ សិប្បកម្មខ្មែរដែលសំខាន់មួយដែរ ហើយដែលមិនទាន់ផុតរលត់ជីវិតប៉ុណ្ណោះ។