ដោយ វ៉ាន់ វី
ដូចយើងដឹងជាទូទៅហើយថា ត្នោតជារុក្ខជាតិមានប្រយោជន៍ច្រើនក្រាស់ក្រៃ ដ្បិតគេប្រើប្រាស់គ្រប់ផ្នែករបស់វា តាំងពីដើម, ឫស, ស្លឹក, ទឹក, ផ្លែ, ធាង, គាវជាដើម។ នៅក្នុង បណ្តាញពត៌មានវប្បធម៌ខ្មែរ នេះក៏មានអត្ថបទជាច្រើនមកហើយដែរនិយាយពីប្រយោជន៍ត្នោត។ ចំណែកនៅទីនេះ ខ្ញុំសូមនិយាយពីចំណែកមួយនៃប្រយោជន៍បានពីត្នោត នោះគឺកំពីងត្នោត។ គ្រាន់តែកំពីងត្នោតក៏គេអាចយកធ្វើជារបរបន្ទាប់បន្សំមួយដែរ។ ចំពោះរបរលក់កំពីងត្នោតនៅទីនេះ ខ្ញុំសូមលើកយកតែម្ដុំឧដុង្គមកនិយាយ ដ្បិតនៅទីនោះមានភូមិមួយចំនួនដូចជាភូមិអង្គសេរី, ភូមិក្រោលខៀវ ជាពិសេសគឺភូមិស្ដុ្កក នៅឃុំភ្នំបាត ស្រុកពញាឮ ខេត្ដកណ្ដាល។ អ្នកស្រុកជាច្រើនគ្រួសារនៅភូមិនោះនិយមយកកំពីងត្នោតមកធ្វើជារបរមួយដែរ ក្រៅពីធ្វើស្រែចម្ការ (រូបលេខ១)។
រូបលេខ១
បើគ្រាន់តែឃើញកំពីងត្នោតដែលគេលក់តាមផ្សារជើងភ្នំឧដុង្គ ឬដូចនៅទីដទៃទៀត អ្នកមិនដឹងច្រើនតែយល់ថាកំពីងត្នោតមិនពិបាករកទេ ដ្បិតនៅស្រុកខ្មែរកន្លែងណាក៏មានដើមត្នោតដែរ។ តែបើសាកសួរអ្នកស្រុកទៅ ឃើញថាមានការធ្វើតាមលំដាប់លំដោយច្រើន មុននឹងបានកំពីងត្នោតយកទៅលក់ជាហូរហែទៀងទាត់។
ជាដំបូង គេត្រូវប្រមូលទិញគ្រាប់ត្នោតចាស់ៗយកមកគរទុករហូតដល់ដុះចេញជាឬសដើម្បីកាប់យកកំពីង។ ចំពោះអ្នកស្រុកនៅម្ដុំឧដុង្គ គេច្រើនទិញគ្រាប់ត្នោតពីអ្នកស្រុកខាងលិច គឺពីម្ដុំអមលាំងជាដើម ដោយសារនៅទីនោះសម្បូណ៌ត្នោត។ ប៉ុន្តែគេមិនចាំបាច់ដើរប្រមូលទិញដោយខ្លួនឯងទេ ដ្បិតមាន ឡានឬគោយន្ដដឹកមកលក់ដល់ភូមិខាងលើនេះតែម្ដង។ បើនិយាយពីតម្លៃវិញ គឺ១ផ្លូនជាមធ្យមថ្លៃ១ម៉ឺនរៀល តែបើគិតជាគ្រាប់វិញគឺ១គ្រាប់ថ្លៃប្រមាណ២០០រៀល។ ដោយសារឡានឬគោយន្ដនោះ ទាល់តែយូរទើបដឹកយកមកលក់ម្តង អ្នកស្រុកទៅទីនោះច្រើនទិញគ្រាប់ត្នោតមកគរទុកជាច្រើន ចាប់ពី២៥ស្លឹកទៅ១០០ស្លឹកក៏មានដែរ។ ហេតុនេះនៅមុខផ្ទះនិងចំហៀងផ្ទះ គេឃើញសុទ្ធតែគ្រាប់ត្នោតគរពេញដី (រូបលេខ២)។
រូបលេខ២
ក្រោយពីទិញបានហើយគេត្រូវយកគ្រាប់ត្នោតទាំងនោះទៅគ្របទុក (រូបលេខ៣) ឬធ្វើរោងដាក់ទាល់ តែប្រមាណមួយខែក្រោយមកទើបគេកាប់យកកំពីង។ គេយកទៅគ្របទុកបែបនេះ ដ្បិតបើត្រូវថ្ងៃច្រើន កំពីងត្នោតនឹងឡើងក្រហមធ្វើឲ្យអន់រសជាតិ ឬមួយក៏ទទួលទានពុំកើតតែម្ដង (រូបលេខ៤)។ ជាទូទៅ គេត្រូវជ្រើសរើសគ្រាប់ត្នោតសិន បើគ្រាប់នោះដុះឬសវែងហើយ គេត្រូវកាប់ឫសនោះចេញកុំឱ្យដុះតទៅ ទៀត ដ្បិតបើមិនដូច្នោះទេ កំពីងនោះនឹងឡើងបាយស្រាឬខូចមិនខាន (រូបលេខ៥)។ ចំណែកគ្រាប់ត្នោតដែលទើបតែដុះឬសវិញ គេមិនបាច់កាប់ចុងវាទេ គឺគេទុកឱ្យវាដុះវែងដើម្បី ឱ្យវាឡើងកំពីងល្អ (រូបលេខ៦)។
លុះដល់ពេលកំណត់ត្រឹមត្រូវទើបគេកាប់យកកំពីង។ ឯបច្ចេកទេសកាប់ គឺអាស្រ័យតាមការនិយមរបស់ម្នាក់ៗ តែក៏នៅក្នុងរបៀបរបបជាគោលតែមួយដែរ។ ជាធម្មតាគេឡៅសំបកខាងក្រៅចេញសិន (រូបលេខ៧-៨) ទើបគេពុះសាច់គ្រាប់បំបែកជាពីរ ដើម្បីបានកំពីងត្នោតដែលនៅក្នុងនោះ។ ក្នុងការកាប់សំបកគ្រាប់ត្នោតនោះ គេច្រើនប្រើកាំបិតធំបន្ដិច (រូបលេខ៩) តែនៅពេលឆ្កឹះយកកំពីងត្នោតវិញ គេត្រូវប្រើកូនកាំបិតទើបងាយស្រួលជាង (រូបលេខ១០)។ លុះបានកំពីងត្នោតហើយ (រូបលេខ១១) គេយកទៅច្រកក្នុងថង់តូចល្មម ឯថង់នីមួយៗអាចមានកំពីងពី១០ទៅ២០គ្រាប់។ កំពីងដែលប្រឡេះហើយ ទុកបានតែមួយថ្ងៃឬពីរថ្ងៃប៉ុណ្ណោះ។ ហេតុនេះគេត្រូវប្រញាប់យកទៅលក់ភ្លាម។ ប៉ុន្ដែបើគេចង់ទុកឲ្យបានយូរបន្ដិច (បីបួនថ្ងៃ) គេមិនទាន់កាប់សាច់គ្រាប់ត្នោតចេញទេ ពោលគឺគ្រាន់តែលះសំបកក្រៅចេញឲ្យហើយសិនជាការស្រេច (រូបលេខ១២) ដល់ពេលជិតលក់សឹមបំបែកយកកំពីង។
អ្នកស្រុកច្រើនកាប់យកកំពីងត្នោតនៅពេលថ្ងៃ ហើយច្រកថង់នៅល្ងាចឬយប់។ ដល់ពេលព្រឹកព្រហាមឡើង គេច្រើនយកទៅលក់នៅផ្សារជើងភ្នំឧដុង្គ ឬអាចឡើងឡានទៅលក់ទៅទីឆ្ងាយៗដូចជានៅភ្នំពេញ, កំពង់ឆ្នាំង ហើយអាចធ្លាយដល់បាត់ដំបងឬសៀមរាបក៏សឹងមាន។