ដោយ ហួត សំណាង
ក្នុងជំពូកទី១ លេខរៀងទី៥២ មានការបង្ហាញអំពីរោងជាងជួសជុលបុរាណវត្ថុដែលជាថ្មនៅសារមន្ទីរជាតិ ភ្នំពេញ។ ឯសេចក្តីបង្ហាញរបស់ខ្ញុំនេះ ក៏មានបំណងដូចគ្នាដែរ គឺចង់បង្ហាញពីរោងជាងដែលមាននាទីថែទាំនិងជួសជុលវត្ថុធ្វើពីលោហៈ ហើយស្ថិតនៅសារមន្ទីរជាតិដូចគ្នា។
ពីមុនមក ការជួសជុលវត្ថុធ្វើពីលោហៈតែងមានជាប្រក្រតីដែរ ប៉ុន្តែគេត្រូវដឹកយកទៅជួសជុលនៅរោងជាងមួយគ្រប់គ្រងដោយអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប (រូបលេខ១-៣)។ តែចាប់ពីឆ្នាំ២០០៥មក សារមន្ទីរជាតិនៅក្រុងភ្នំពេញបានបង្កើតរោងជាងមួយរបស់ខ្លួន ដោយមានសហការ និងការឧបត្ថម្ភខ្លះពីស្ថាប័នធំមួយនៅសហរដ្ឋអាមេរិក ឈ្មោះ Smithsonian ។ បច្ចុប្បន្ននេះ ក្រុមរោងជាងយើងមានបុគ្គលិកឯកទេស៥នាក់ ឯការងារនោះ គឺក្រៅពីការជួសជុលនិងថែរក្សា តែងតែមានការបង្វឹកបង្វើននិស្សិតខាងបុរាណវិទ្យាដែលមកធ្វើកម្មសិក្សាជារឿយៗដែរ។ ហេតុនេះហើយ សព្វថ្ងៃនេះយើងពុំត្រឹមតែយកវត្ថុដែលនៅសារមន្ទីរភ្នំពេញនេះមកជួសជុលទេ គឺវត្ថុបុរាណធ្វើពីលោហៈដែលនៅតាមសារមន្ទីរខេត្តនានា ក៏មានបញ្ជូនមកធ្វើការជួសជុលដែរ។ ជាពិសេស ពេលណាមានរៀបចំសិល្បៈខ្មែរនៅបរទេសម្តងៗ យើងតែងតែឆ្លៀតឱកាសយកវត្ថុលោហៈដែលត្រូវដឹកយកទៅបង្ហាញគេនោះ មកជួសជុល ឬពង្រឹងសម្អាតជាមុនសិន។
យើងដឹងស្រាប់ហើយថា នៅកម្ពុជានេះគេផលិតវត្ថុនានាអំពីសម្រឹត, ដែក, មាស និងប្រាក់ជាដើមជាយូរមកហើយ ពោលគឺតាំងពីយុគលោហៈមកម៉្លេះ។ បើនៅសម័យប្រវត្តិសាស្ត្រផង គឺយើងមានសំណល់វត្ថុជាច្រើនដែលមាននាទីខុសៗគ្នា ហើយដែលគេបង្ហាញមួយភាគធំនៅសារមន្ទីរជាតិ (រូបលេខ៤-៦)។
លំនាំខូចខាតនៃលោហៈ មិនដូចគ្នាទេ ឧបមាថាបើដែក គឺតែងច្រេះ បើស្ពាន់វិញ តែងដុះស្នឹម។ នេះនិយាយជាសង្ខេប តាមពិតទៅ ការសិក្សាតាមវិទ្យាសាស្ត្រតែងល្អិតជាងនេះឆ្ងាយ។ ដូច្នេះការងារក្នុងរោងជាងនេះតម្រូវឲ្យមានការពិចារណារួមគ្នា (រូបលេខ៧) មុននឹងសម្រេចថាប៉ះពាល់វត្ថុអ្វីមួយ ហើយប៉ះពាល់នោះដល់កម្រិតណាផង។ រីឯការងារដែលជាបច្ចេកទេស ក៏តម្រូវឲ្យមានឯកទេសគ្រប់គ្រាន់ ព្រមទាំងឧបករណ៍ និងទឹកថ្នាំទំនើបៗផងសម្រាប់ជួសជុល (រូបលេខ៨-៩)។ រូបលេខ១០-១៤ បង្ហាញពីទិដ្ឋភាពទូទៅក្នុងការងារជួសជុលនៅសារមន្ទីរជាតិភ្នំពេញ។ យើងឃើញថា វត្ថុដែលជួសជុល ឬថែទាំនោះមានប្រភេទផ្សេងគ្នា ហើយទំហំក៏ផ្សេងគ្នាដែរ។
បើនិយាយត្រួសៗបំផុត ការងារនីមួយៗតម្រូវឲ្យមានការថត, វាស់, ថ្លឹង និងស្ទង់ជាតិអំបិល។ សំណាងល្អនៅសម័យនេះ បច្ចេកវិទ្យាជួយយើងច្រើន ដូចជាការវិភាគហៅថា Computer tomography, Microstructure analysis ហើយពុំនិយាយពីការឆ្លុះតាម X-ray ដែលមានជាយូរហើយមកផង។ រីឯការលាងសម្អាត ជួនកាលប្រើសារធាតុគីមី ជួនកាលទៀតសម្អាតដោយប្រើឧបករណ៍ជំនួយកាន់នឹងដៃ ដោយប្រើកែវពង្រីកមីក្រូទស្សន៍ជាជំនួយផង។ ជួនកាលវត្ថុដែលហាក់ដូចជាពុកផុយខ្លាំង តាមពិតទៅប្រើតែប្រេងកាតប្រភេទហៅថា White spirit ក៏ជាការគ្រប់គ្រាន់។ តែជួនកាលវិញ ទាល់តែប្រើម៉ាស៊ីនបាញ់ខ្សាច់សម្អាតដីដែលជាប់ក្តាំងលើផ្ទៃវត្ថុ។ ឯការភ្ជាប់វត្ថុដែលបាក់បែកក៏អាស្រ័យទៅតាមករណីនីមួយៗដែរ បើប្រើកាវគឺត្រូវរកកាវដែលពុំបញ្ចោញប្រតិកម្មទៅលើសមាសធាតុវត្ថុដើម ឧទាហរណ៍ យើងតែប្រើ Acryloid B-72 ឬ Acryloid B-48។ ពោលទាំងអម្បាលម៉ាននេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ មិនអាចនឹងរៀបរាប់ជាបច្ចេកទេសល្អិតល្អន់នៅទីនេះបានទេ។ រូបលេខ១៥-១៩ ជាឧទាហរណ៍ពីដំណាក់កាលផ្សេងៗក្នុងការជួសជុលរូបមានទំហំតូចមួយ។
សូមបញ្ជាក់ថា ក្រុមរោងជាងយើងតែងតែបង្កើនឯកទេសរបស់ខ្លួន ដោយធ្វើការសិក្សាផ្លាស់ប្តូរពិសោធន៍ថ្មីៗ បន្ថែមទៀតជាមួយស្ថាប័ននានានៅក្នុងស្រុក ព្រមទាំងមន្ទីរពិសោធន៍នានានៅបរទេស។